គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត (CEC) នៃសហព័ន្ធរុស្ស៊ីបានបិទបញ្ចប់បញ្ជីឈ្មោះបេក្ខជនប្រជែងយកតំណែងកំពូលរបស់រដ្ឋរុស្ស៊ី ដែលកំពុងជាប់ផុងក្នុងសង្គ្រាមជាមួយអ៊ុយក្រែនដោយគ្មានវត្តមានអ្នករិះគន់សកម្មភាពសង្គ្រាមឡើយ ផ្ទុយទៅវិញមានតែអ្នករណបនឹងលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ដែលកំពុងកាន់អំណាចសព្វថ្ងៃនេះប៉ុណ្ណោះ ដែលនឹងធានាដល់ការកាន់អំណាចរបស់លោកពូទីនដល់ឆ្នាំ ២០៣០។
ការច្រានចោលបេក្ខភាពរបស់អ្នកប្រឆាំងសង្គ្រាមនៅអ៊ុយក្រែនកើតមានតែ ២ ថ្ងៃប៉ុណ្ណោះ ក្រោយគណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត បានប្រកាសបិទបញ្ជីដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ីហៅកាត់ថា TASS។
សង្គ្រាមនៅប្រទេសអ៊ុយក្រែន បានក្លាយជាប្រធានបទនយោបាយដ៏ក្តៅបំផុតរបស់រុស្ស៊ីទាំងនយោបាយផ្ទៃក្នុង និងនយោបាយអន្តរជាតិ ហើយរដ្ឋាភិបាលរុស្ស៊ីតែងតែធ្វើទុក្ខបុកម្នេញចំពោះជនទាំងឡាយណាដែលហ៊ានចេញមុខរិះគន់ចំពោះការធ្វើសង្គ្រាមដែលប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន សម្រេចកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍កាលពីថ្ងៃទី ១១ ខែកុម្ភៈថា ការចុះឈ្មោះបេក្ខជនប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីសម្រាប់ការបោះឆ្នោតនៅពាក់កណ្តាលខែមីនាបានបិទហើយ ដោយមានបញ្ជីឈ្មោះរួមមានប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដែលត្រូវបានគេរំពឹងថានឹងឈ្នះ និងអ្នកនយោបាយ ៣ នាក់ ដែលគាំទ្រសង្គ្រាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។
បេក្ខភាពប្រធានាធិបតីរុស្ស៊ី ដែល CEC បានចុះឈ្មោះ រួមមាន ទី១៖ លោក Vladislav Davankov ដែលជាអនុប្រធាននៃរដ្ឋសភា (Duma) រុស្ស៊ី និងជាសមាជិកនៃគណៈកម្មាធិការប្រជាជនថ្មី ទី២ លោក Leonid Slutsky មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីជាតិនិយម (LDPR) ដែលស្មោះត្រង់ និងវិមានក្រឹមឡាំង និងទី៣ គឺលោក Nikolai Kharitonov ដែលជាអ្នកតែងតាំងដោយបក្សកុម្មុយនីស្ត។
ដោយឡែក លោក Boris Nadezhdin ដែលគេដឹងថាជាអ្នកចេញមុខប្រឆាំងសង្គ្រាមនៅអ៊ុយក្រែនជាចំហ ព្រមទាំងស្វែងរកវិធីបញ្ចប់សង្គ្រាម បែរជា CEC បានរារាំងបញ្ជីឈ្មោះរបស់គាត់កាលពីថ្ងៃទី ៨ ខែកុម្ភៈពីការឈរឈ្មោះដោយនិយាយថា ខ្លួនបានរកឃើញគុណវិបត្តិនៅក្នុងការប្រមូលហត្ថលេខាដែលត្រូវការសម្រាប់ការគាំទ្របេក្ខភាពរបស់គាត់។
លោក ពូទីន ក្នុងវ័យ ៧១ ឆ្នាំ ដែលបានជ្រើសរើសវិធីឈរឈ្មោះជាបេក្ខជនតំណាងឱ្យអ្នកឯករាជ្យជាជាងបេក្ខជនតំណាងគណបក្សណាមួយ ប៉ុន្តែធ្វើជាអ្នករួបរួមរុស្ស៊ី (United Russia) ដែលកាន់អំណាច និងជាមេដឹកនាំកំពូលរបស់រុស្ស៊ីតាំងពីឆ្នាំ ២០០០ ត្រូវបានគេដឹងមុនរួចទៅហើយថា លោកនឹងឈ្នះការបោះឆ្នោតនៅពាក់កណ្តាលខែខាងមុខសម្រាប់អាណត្តិថ្មីមានរយៈពេល ៦ ឆ្នាំ។
ខណៈពេលដែលគ្មាននរណាម្នាក់រំពឹងថា លោក Nadezhdin អាយុ ៦០ ឆ្នាំ ដែលបានកំណត់លក្ខណៈសង្គ្រាមរបស់លោកពូទីននៅអ៊ុយក្រែនថាជា «កំហុសធ្ងន់ធ្ងរ» ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ ដោយការរិះគន់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់លើសង្គ្រាម។
វិមានក្រឹមឡាំងបាននិយាយថា ខ្លួនមិនមើលឃើញថា លោក Nadezhdin ជាគូប្រជែងដ៏ពិបាកទប់ទល់របស់លោកពូទីនឡើយ។ សង្គ្រាមដែលវិមានក្រឹមឡាំងហៅថាជា «ប្រតិបត្តិការយោធាពិសេស» ជិតដល់ឆ្នាំទី២ ហើយនោះបានសម្លាប់មនុស្សរាប់ពាន់នាក់ទាំងសងខាង ជម្លៀសប្រជាជនអ៊ុយក្រែនរាប់លាននាក់៕