អេ​ហ្ស៊ី​ប​នាពេលនេះ​បាន​គំរាម​ផ្អាក​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​អ៊ីស្រាអែល ​ប្រសិនបើ​ទាហាន​អ៊ីស្រាអែល​បន្ត​វាយលុក​ក្រុម​ហា​ម៉ាស់ រហូត​ទៅដល់​តំបន់​រ៉ា​ហ្វា​ហ៍​ដែល​ស្ថិត​នៅជាប់​ព្រំដែន​ជាមួយ​តំបន់​ហ្គាហ្សា។

បើតាម​មន្ត្រីការទូត​របស់​អេ​ហ្ស៊ី​ប​ការផ្ទុះ​សង្គ្រាម​ឡើង​នៅ​តំបន់​រ៉ា​ហ្វាហ៍​​នេះ​នឹង​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ជំនួយ​មនុស្សធម៌​ដោយហេតុថា​អង្គការ​មនុស្សធម៌​ជាច្រើន​បាន​ប្រើប្រាស់​អេ​ហ្ស៊ី​ប​ជា​ច្រក​ដឹក​ជំនួយ​ចូល​តំបន់​ហ្គា​ហ្សា។

យ៉ាងណាមិញ​ការ​គំរាម​ផ្អាក​សន្ធិសញ្ញា​សន្តិភាព Camp David ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ស្ថិរភាព​​ក្នុង​តំបន់​អស់​រយៈពេល​ជិត​កន្លះ​សតវត្សរ៍​មកនេះ​បាន​កើតឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយថា​ការបញ្ជូន​កងទ័ព​ទៅកាន់​ទីក្រុង​រ៉ា​ហ្វា​ហ៍ គឺជា​រឿង​ចាំបាច់​ដើម្បី​ឈ្នះ​សង្គ្រាម​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​ហា​ម៉ាស់។

សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​សហរដ្ឋអាមេរិក ​គឺ​អ៊ីស្រាអែល​ និង​អេ​ហ្ស៊ី​ប ​អាច​នឹង​ប្រឈមមុខ​ដាក់គ្នា​ប្រសិនបើ​អ៊ីស្រាអែល​មិន​ស្ដាប់​តាម​ការព្រមាន​របស់​អេ​ហ្ស៊ី​ប។

រីឯ​ស្ថានភាព​មនុស្សធម៌​នៅតាម​តំបន់​ព្រំដែន​ប្រទេស​ទាំង ២ ក៏​នឹង​ធ្លាក់ចុះ​កាន់តែ​អាក្រក់​ឡើង ​ខណៈដែល​បច្ចុប្បន្ន១ភាគ៤នៃ​ប្រជាជន​ភៀសខ្លួន​បាន​ប្រឈម​នឹង​ភាពអត់ឃ្លាន​រួចទៅហើយ។

ជាមួយគ្នានេះដែរ​ស្ថានីយទូរទស្សន៍ Al-Aqsa របស់​ក្រុម​ហា​ម៉ាស់​បាន​ដកស្រង់​សម្តី​មន្ត្រី​ម្នាក់​របស់ខ្លួន​ដោយ​មិន​បញ្ចេញ​ឈ្មោះថា​ការសម្រេចចិត្ត​របស់​អ៊ីស្រាអែល​ក្នុងការ​វាយលុក​ផ្នែក​ណាមួយ​របស់​ទីក្រុង​រ៉ា​ហ្វា​និង​ក្លាយជា​គ្រាប់បែក​បំផ្ទុះ​កិច្ចព្រមព្រៀង​ទាំងឡាយណា​ដែល​ធ្លាប់មាន​រវាង​ប្រទេស​ទាំង ២ ជាពិសេស​គឺ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ដែល​កំពុង​ចរចា​សម្របសម្រួល​ដោយ​សហរដ្ឋអាមេរិក​អេ​ហ្ស៊ី​ប​ និង​កាតា។

ក្នុង​បទសម្ភាសន៍​ជាមួយ ABC News ក្នុង​សប្តាហ៍​នេះ​លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​បានស្នើ​ជន​ស៊ីវិល​នៅ​តំបន់​រ៉ា​ហ្វាហ៍​​ឱ្យ​ភៀសខ្លួន​ចេញទៅ​ភាគ​ខាងជើង​ដោយ​និយាយថា ​នៅ​ទីនោះ​មាន​ទីតាំង​សម្រាប់​ស្នាក់នៅ​បណ្ដោះអាសន្ន​បាន​ និង​ថា ​អ៊ីស្រាអែល​កំពុង​បង្កើត​ផែនការ​លម្អិត​ ដើម្បី​ផ្លាស់ប្តូរ​ទីតាំង​របស់​ពួកគេ។

​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​ប្រមាណ២លាន​នាក់​នៅ​តំបន់​ហ្គាហ្សា​បាន​ភៀសខ្លួន​ទៅកាន់​ទីក្រុង​រ៉ា​ហ្វាហ៍ ​​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​​ ដើម្បី​គេច​ពី​សង្គ្រាម​ហើយ​បច្ចុប្បន្ន​ពួកគេ​កំពុង​ស្នាក់​តាម​ជំរំ​នៅ​ជិត​ព្រំដែន​អេ​ហ្ស៊ី​ប-ហ្គាហ្សា​ ដែល​ផ្ដល់ឱ្យ​ដោយ​អង្គការសហប្រជាជាតិ។

យ៉ាងណាក៏ដោយ​អេ​ហ្ស៊ី​ប​បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការហូរចូល​នៃ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​រាប់លាន​នាក់​នឹង​ក្លាយជា​បន្ទុក​របស់ខ្លួន​ប្រសិនបើ​អ៊ីស្រាអែល​មិន​អនុញ្ញាតឱ្យ​ពួកគេ​ធ្វើ​មាតុភូមិនិវត្តន៍​នៅពេលដែល​សង្គ្រាម​ឈានដល់​ទីបញ្ចប់។

​អ៊ីស្រាអែល​និង​អេ​ហ្ស៊ី​ប​ក៏​មិនមែនជា​សម្ព័ន្ធមិត្ត​អ្វី​នឹង​គ្នា​ដែរ​ដោយ​ប្រទេស​ទាំង ២ ធ្លាប់មាន​សង្គ្រាម​ជាមួយគ្នា​ចំនួន ៥ លើក​មកហើយ​ប៉ុន្តែ​ក្រោយមក​ដោយមាន​អាមេរិក​ជា​អ្នកសម្របសម្រួល​ប្រទេស​ទាំង ២ ក៏បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ កាលពី​ឆ្នាំ ១៩៧០​៕