ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទ នេះថា កូរ៉េខាងជើង បានជោគជ័យក្នុងការបង្កើតប្រព័ន្ធបញ្ជាអាវុធបាញ់ផ្លោងថ្មីមួយ សម្រាប់ប្រព័ន្ធបាញ់រ៉ុក្កែតច្រើនគ្រាប់ ស្របពេលដែលប្រទេសនេះបង្កើនទំនើបកម្មអាវុធរបស់ខ្លួនចំពេលភាពតានតឹងក្នុងតំបន់កើនឡើង។
KCNA បានរាយការណ៍ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើង ដែលគ្រប់គ្រងការអភិវឌ្ឍមីស៊ីលរបស់ប្រទេសនេះកាលពីថ្ងៃអាទិត្យបានធ្វើការបាញ់សាកល្បងនូវប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតច្រើនគ្រាប់ ដែលអាចបញ្ជាបាន ទំហំ ២៤០ មិលី្លម៉ែត្រដែលវាជាប្រភេទ «ប្រព័ន្ធបញ្ជាបាញ់គ្រាប់ផ្លោង»។
ទីភ្នាក់ងារព័ត៌មានដដែលបន្តថា សារៈសំខាន់ជាយុទ្ធសាស្រ្តនៃ «ប្រព័ន្ធបញ្ជាបាញ់គ្រាប់ផ្លោង» នេះនឹងត្រូវបានវាយតម្លៃឡើងវិញ ហើយតួនាទីរបស់វានៅក្នុងសមរភូមិក៏នឹងកើនឡើងផងដែរ ដោយសារតែ«ការកែលម្អបច្ចេកទេសយ៉ាងឆាប់រហ័ស»។
ក្រោយសមិទ្ធផលថ្មីនេះ KCNA បានផ្សាយថា ការអភិវឌ្ឍគ្រាប់ផ្លោង និងប្រព័ន្ធបញ្ជាបាញ់គ្រាប់ផ្លោងនឹងធ្វើឱ្យមាន«ការផ្លាស់ប្តូរគុណភាព»ក្នុងកងកម្លាំងទទួលបន្ទុកប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតច្រើនគ្រាប់របស់កងទ័ពកូរ៉េខាងជើង។
ការសាកល្បងកាលពីថ្ងៃអាទិត្យ បានកើតឡើងចំពេលដែលកូរ៉េខាងជើង បានសាកល្បងបាញ់មីស៊ីល ជាច្រើនគ្រាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលដែលក្រុងព្យុងយ៉ាង និងក្រុងម៉ូស្គូ បង្កើនទំនាក់ទំនងជាមួយគ្នា ក្នុងទង្វើដែលអាមេរិក និងសម្ព័ន្ធមិត្តបានរិះគន់ថា ជាមូលហេតុធ្វើឱ្យភាពតានតឹងកាន់តែកើនឡើង។
យ៉ាងណាមិញ កូរ៉េខាងជើងបានចោទប្រកាន់បកវិញថា អាមេរិក និងកូរ៉េខាងត្បូង បានបង្កើនភាពតានតឹងជាមួយនឹងសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ពួកគេដែលនេះជាការគំរាមកំហែងលើខ្លួន៕