ក្រសួងការបរទេសរបស់ប្រទេសឥណ្ឌា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បាននិយាយថា ប្រទេសកាតា បានដោះលែងអតីតទាហានជើងទឹករបស់ខ្លួនចំនួន ៨ នាក់ ដែលធ្លាប់បានចាប់ខ្លួន និងកាត់ទោសប្រហារជីវិតក្រោមការចោទប្រកាន់ថាពួកគេបានធ្វើចារកម្មឱ្យប្រទេសអ៊ីស្រាអែល។
ក្រសួងការបរទេសឥណ្ឌា មិនដែលផ្តល់ព័ត៌មានលម្អិតអំពីជនជាតិឥណ្ឌាទាំង ៨ នាក់ ឬឧក្រិដ្ឋជន ដែលត្រូវបានចោទប្រកាន់នោះទេ ហើយកាតា ក៏មិនបានធ្វើអត្ថាធិប្បាយលើករណីនេះ ហើយក៏មិនបានបង្ហាញការចោទប្រកាន់ជាសាធារណៈដែរ។
ក៏ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍ថាបុរសម្នាក់ក្នុងចំណោមពួកគេជាអតីតមន្ត្រីជាន់ខ្ពស់ រួមទាំងប្រធានក្រុមដែលធ្លាប់បញ្ជានាវាចម្បាំងនិងធ្លាប់បានចាប់ខ្លួននៅទីក្រុង Doha ក្នុងខែសីហាឆ្នាំ២០២២។
កាលពីខែតុលា ឆ្នាំ២០២៣ ប្រទេសឥណ្ឌា បាននិយាយថាខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតុលាការកាតាបានកាត់ទោសប្រហារជីវិតពួកគេប៉ុន្តែយ៉ាងណាការកាត់ទោសនោះត្រូវបានកាត់បន្ថយនៅក្នុងខែធ្នូឆ្នាំដដែលនេះវិញ។
មុនការចាប់ខ្លួនបុរសទាំង៨នាក់នេះគឺជាបុគ្គលិកនៃក្រុមហ៊ុន Al Dahra ដែលជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅឈូងសមុទ្រហើយផ្តល់ដំណោះស្រាយពេញលេញ ដល់វិស័យអវកាសសន្តិសុខនិងការពារជាតិ។នេះបើយោងតាមការអះអាងរបស់គេហទំព័រនៃក្រុមហ៊ុននេះ។
ក្រោយការចាប់ខ្លួនកាលពីឆ្នាំ២០២៣ កាសែតហិណ្ឌូ បានរាយការណ៍ថាបុរសទាំងនោះកំពុងធ្វើចារកម្មសម្រាប់ «ប្រទេសទី៣» ខណៈពេលដែលកាសែត Times of India បាននិយាយថា៖ «របាយការណ៍ជាច្រើនបានបង្ហាញថាពួកគេត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មសម្រាប់អ៊ីស្រាអែល» ។
យ៉ាងណាក្តីមកទល់នឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទីក្រុងញូវដែលីបាននិយាយថាបុរសទាំង ៨ នាក់ នេះ ត្រូវបានដោះលែងមកវិញហើយ។
ក្រសួងការបរទេសឥណ្ឌានៅក្នុងសេចក្តីថ្លែងការណ៍មួយបានលើកឡើងថា៖ «រដ្ឋាភិបាលឥណ្ឌាស្វាគមន៍ចំពោះការដោះលែងជនជាតិឥណ្ឌា៨នាក់ដែលធ្វើការឱ្យក្រុមហ៊ុន Dahra Global ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសកាតា» ។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា៖«បុរស ៧ នាក់ ក្នុងចំណោម ៨ នាក់បានត្រឡប់ទៅប្រទេសឥណ្ឌា វិញ»។ ភាគីឥណ្ឌាក៏បានអរគុណដល់អធិរាជរបស់ប្រទេសកាតា Sheikh Tamim bin Hamad Al Thani សម្រាប់ការសម្រេចចិត្តអនុញ្ញាតឱ្យមានការដោះលែងនិងត្រឡប់ទៅផ្ទះវិញ នៃអ្នកជាប់ឃុំជនជាតិឥណ្ឌានេះ៕