
លោក Alexander Stubb ប្រធានាធិបតីថ្មីរបស់ហ្វាំងឡង់។ AFP
ដូចការរំពឹងទុក លោក Alexander Stubb ដែលបានប្រកាសថា ការគាំទ្ររបស់ហ្វាំងឡង់ ចំពោះប្រទេសអ៊ុយក្រែន គឺ«គ្មានដែនកំណត់នោះ» បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីហ្វាំងឡង់នៅថ្ងៃទី១១ ខែកុម្ភៈ ដែលនឹងនាំប្រទេសហ្វាំងឡង់ ដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ី ដ៏វែងជាង ១៣០០ គីឡូម៉ែត្រ ទៅពឹងផ្អែកលើអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសក្នុងប្លុកសេរីច្រើន។
តាមសេចក្តីរាយការណ៍របស់រ៉យទ័រ ការជាប់ឆ្នោតរបស់ លោក Alexander Stubb ដែលជាអ្នកជំនាញខ្លាំងក្នុងការដឹកនាំក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ គឺនៅបន្ទាប់ពីយុទ្ធនាការមួយ ដែលបានបង្កើតឡើងនៅលើការសន្យាដើម្បីទទួលបានសមាជិកភាពថ្មីបំផុតរបស់ប្រទេសរបស់គាត់ពីអង្គការណាតូនិងគាំទ្រអ៊ុយក្រែននៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយប្រទេសរុស្ស៊ីដែលជាអ្នកជិតខាងរួមគ្នា។
នៅក្នុងការងារថ្មី លោក Alexander Stubb នឹងដឹកនាំគោលនយោបាយការបរទេសថ្មីរបស់ប្រទេសហ្វាំងឡង់ដែលជាយូរមកហើយស្ថិតនៅជាអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធណាមួយ ដោយការងាកទៅរកអឺរ៉ុប ឬក៏ងាកទៅរុស្ស៊ីឡើយ ហើយនិងការងារសន្តិសុខដ៏ស្មុគស្មាញស្ថិតក្រោមការគំរាមកំហែងរបស់មហាអំណាចរុស្ស៊ី។
រ៉យទ័រ បានរាយការណ៍ថា លោក Alexander Stubb មានវ័យ ៥៥ ឆ្នាំ ធ្លាប់បាននិយាយថា ៖«វាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងនៅអឺរ៉ុប ត្រូវថែរក្សាការការពារខ្លួនរបស់យើង»។ លោកបាននិយាយថា ខ្លួនគាត់បានយល់ស្របជាមួយនឹងអ្នកកាន់តំណែងមុន គឺ អតីតប្រធានាធិបតី Sauli Niinisto ដែលខ្នះខ្នែងនាំយកហ្វាំងឡង់ទៅជ្រកក្រោមស្លាករបស់ណាតូ ដោយបាននិយាយថា៖«យើងត្រូវការណាតូអឺរ៉ុបបន្ថែមទៀត»។
លោក Stubb ត្រូវបានគេដឹងថា បានធ្វើការងារនៅក្រៅប្រទេសរយៈពេលជាច្រើនឆ្នាំដែលធ្វើការជាអនុប្រធានធនាគារវិនិយោគអឺរ៉ុប និងជានាយកនៅវិទ្យាស្ថានសាកលវិទ្យាល័យអឺរ៉ុបនៅទីក្រុង Florence ។
លោកបានប្រាប់រ៉យទ័រថា លោកនឹងក្លាយជា «ប្រធានាធិបតីលោកខាងលិចក្នុងវិធីជាច្រើន» ហើយពឹងផ្អែកលើសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសជិតខាង Nordic នៅពេលនិយាយអំពីការកំណត់សម្លេងនៃគោលនយោបាយការបរទេស ហើយលោកបានរំលេចថា៖«គ្មានដែនកំណត់» ចំពោះការគាំទ្ររបស់ហ្វាំងឡង់ចំពោះអ៊ុយក្រែនដែលរងគ្រោះដោយសារការឈ្លានពានរបស់រុស្ស៊ី៕