​ទោះបី​ប្រឈម​ការ​ថ្កោលទោស និង​ការទាមទារ​ឱ្យមាន​បទ​ឈប់​បាញ់​ជា​អន្តរជាតិ អ៊ី​ស្រា​អែល​នៅតែ​បន្តធ្វើ​សង្គ្រាម​ចូល​ក្រុង​រ៉ា​ហ្វា​ហ៍ ​(Rafah) ដែល​នៅជាប់​ព្រំដែន​ប្រទេស​អេ​ហ្ស៊ី​ប ហើយ ទីក្រុង​នេះ​អាចជា​ទីក្រុង​ចុងក្រោយ នៃ​ប្រតិបត្តិការ​សង្គ្រាម​ផ្លូវគោក​ចូល​តំបន់​ហ្គា​ហ្សា​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស់​។​

​ប្រតិកម្ម​កើតឡើង​ចម្រុះ​ចំពោះអ៊ី​ស្រា​អែល​ក្នុង​សង្គ្រាម​ចុង​ក្រោយនេះ បន្ទាប់ពី​អន្តរជាតិ​បានដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​អ៊ី​ស្រា​អែល ជាពិសេស​តុលាការ​យុត្តិធម៌​អន្តរជាតិ​ (ICJ) នៅ​ទី​​ក្រុងឡាអេ​កាល​ថ្ងៃទី ​២៦ ខែមករា បានសម្រេច​ឱ្យ​អ៊ី​ស្រា​អែល​បញ្ចៀស​សកម្មភាព​នាំឱ្យមាន​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​ដោយ​កងទ័ពអ៊ី​ស្រា​អែល​។​

​ប្រទេស​អេ​ហ្ស៊ី​ប​ដែលជា​សត្រូវ​ចាស់ និង​ជូរចត់​បំផុត​របស់​អ៊ី​ស្រា​អែល បានប្រកាស​គំរាម​ផ្អាក​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​អ៊ី​ស្រា​អែល ប្រសិន​​បើ​ទាហានអ៊ីស្រា​អែល​បន្ត​វាយ​លុក​ក្រុម​ហា​ម៉ាស់​ចូលដល់​ក្រុង​រ៉ា​ហ្វា​ហ៍​ជាប់​ព្រំដែន​ខ្លួន​នោះ​។ អេ​ហ្ស៊ី​ប​ដែល​រក្សា​ភាព​​ស្ងប់ស្ងាត់​មិន​ប្រតិកម្ម​ចំពោះ​សង្គ្រាម​ក្នុងនាម​ទ្វេភាគី ប៉ុន្តែ​ក្នុងនាម​តំបន់ អេ​ហ្ស៊ី​ប​ពិតជា​បាន​ចូលរួម​ជាមួយ​ក្លឹប​ប្រទេស​​អារ៉ាប់​ទាំង​ ២២ ​ក្នុងការ​អំពាវនាវ​ឱ្យ​អ៊ី​ស្រា​អែល​បញ្ចប់សង្គ្រាម​។​

​ក្រោយ​ការ​វាយ​ចូល​ទីក្រុង​រ៉ា​ហ្វា​ហ៍ ដែល​អាចជា​ទីក្រុង​ចុង​ក្រោយ​ក្នុង​សង្គ្រាម​កម្ទេច​ក្រុម​ហា​ម៉ាស់ អ៊ីស្រា​អែល​នៅ​ថ្ងៃ​ចន្ទ បានប្រកាស​ពី​ការរំដោះ​បាន​ចំណាប់ខ្មាំង ​២ ​នាក់ ខណៈដែល​ការបាញ់​ផ្លោង​កើតមាន​យ៉ាងខ្លាំង ហើយ​អង្គការ​ជំនួយ​មនុស្សធម៌​បាន​មើលឃើញ​នូវ​ភាពអាសន្ន​យ៉ាងខ្លាំង​នៅ​ទីក្រុង​ចុងក្រោយ​នេះ​។​

​ប្រធាន​អង្គការ​មនុស្សធម៌​គ្រូពេទ្យ​គ្មាន​ព្រំដែន (Doctors Without Borders) ដែល​ធ្វើ​កា​រលើ​ការព្យាបាល លោកស្រី Meinie Nicolai បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម X ថា​៖
«​គ្មាន​កន្លែង​ណាមួយ​នៅ​តំបន់​ហ្គា​ហ្សា​សុវត្ថិភាព​ទេ​»​។​

​ទាហាន​អ៊ី​ស្រា​អែល​បាន​ចាប់​​ផ្តើម​វាយប្រហារ​ចូល​ហ្គា​ហ្សា​ចាប់ពី​ថ្ងៃទី​ ៧ ខែតុលា ឆ្នាំ ​២០២៣ ដោយ​ចាប់ផ្តើម​ពី​ភាគ​ខាងជើង រុញ​ទៅ​ភាគខាងត្បូង ហើយ​ទីក្រុង​រ៉ា​ហ្វា​ហ៍ និង​ជាទី​ក្រុង​ភៀសខ្លួន​ចុងក្រោយ​របស់​ជន​ស៊ីវិល​នៅ​ហ្គា​ហ្សា​។

​ប្រធានាធិបតី​អាមេរិក ចូ បៃ​ដិ​ន (Joe Biden) បាន​ប្រាប់​នាយករដ្ឋមន្ត្រី​អ៊ី​ស្រា​អែល បែន​ចា​មីន ណេ​តានី​យ៉ា​ហ៊ូ (Benjamin Netanyahu) ​នៅ​ថ្ងៃទី​ ១១ ខែកុម្ភៈ​ថា អ៊ីស្រា​អែល​មិនគួរ​បន្ត​ប្រតិបត្តិការ​យោធា​នៅ ទីក្រុង​ជាប់​ព្រំដែន រ៉ា​ហ្វា​ហ៍ ដោយ​គ្មាន​ផែនការ​ដើម្បី​ធានា​សុវត្ថិភាព​របស់​ប្រជាជន​ប្រហែល​១​លាន​នាក់​ដែល​ភៀសខ្លួន​និង​ស្នាក់នៅ​ទីនោះ​ទេ​។​

​សេត​វិមាន​បាន​និយាយថា ការអំពាវនាវ​នេះ​ក៏បាន​ផ្តោតទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​បន្ត​ដើម្បី​ធានាបាន​ការដោះលែង​ចំណាប់ខ្មាំង​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុម​អ៊ិ​ស្លាម​និយម ហា​ម៉ាស់​នៅក្នុង​ការវាយប្រហារ​កា​លពី​ថ្ងៃទី​ ៧ ខែតុលា ទៅលើ​ប្រទេស​អ៊ី​ស្រា​អែល​។​

​នាយករដ្ឋមន្ត្រី​អ៊ី​ស្រា​អែល​ដែល​ត្រូវបាន​ដកស្រង់​សម្តី​ពីបទ​សម្ភាសន៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី ១០ ខែកុម្ភៈ​ដោយបាន​ទទូចថា​ប្រតិបត្តិការ «​ទីក្រុង​រ៉ា​ហ្វា​ហ៍​» នឹង​បន្ត ខណៈពេលដែល​ផ្តល់នូវ​ការឆ្លងកាត់​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​ប្រជាជន​ស៊ីវិល​ដូច្នេះ​ពួកគេ​អាច​ចាក​ចេញ​បាន​។​

​នាយករដ្ឋមន្ត្រី​អ៊ីស្រា​អែល​បាន​និយាយថា ការមិន​ប្រតិបត្តិ​ការចូលទៅ​ទីក្រុង​រ៉ា​ហ្វា​ហ៍ និង​ប្រឈមមុខ​នឹង​កងកម្លាំង​ហា​ម៉ា​ស់​ដែល​កាន់កាប់​ទីក្រុង​នោះ នឹង​ធ្វើឱ្យ​សង្គ្រាម​ខាតបង់​។​

​អាជ្ញាធរ​សុខាភិបាល​នៅ​តំបន់​ហ្គា​ហ្សា ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស់ បាន​ប៉ាន់​​ប្រមាណ​ថា ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ជាង​ ​២៨ ០០០ ​នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវិល ត្រូវបាន​សម្លាប់​នៅក្នុង​តំបន់ ចាប់​តាំង​​ពី​ជម្លោះ​ចាប់ផ្តើម​៕