ក្រុមអ្នកតវ៉ាក្រិកជាងច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងអាថែន កាលពីថ្ងៃអាទិត្យ ដើម្បីប្រឆាំងនឹងច្បាប់រៀបការអ្នកស្រឡាញ់ភេទដូចគ្នា មុនសេចក្ដីព្រាងរបស់ច្បាប់នេះឆ្លងកាត់ការបោះឆ្នោតអនុម័តក្នុងសភានារយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
រដ្ឋាភិបាលអភិរក្សនិយមរបស់ក្រិក កំពុងជួយយិតយោងច្បាប់នេះ ប៉ុន្តែវានឹងតម្រូវឱ្យមានការបោះឆ្នោតពីគណបក្សប្រឆាំងពាក់កណ្ដាលនិយម និងគណបក្សឆ្វេងនិយម ដើម្បីអនុម័ត។ យ៉ាងណាមិញ សូម្បីតែសមាជិកសភាមកពីបក្សពាក់កណ្តាល និងឆ្វេងនិយមមួយចំនួន ក៏បានប្រឆាំងនឹងច្បាប់នេះជាសាធារណៈផងដែរ។
ក្រុមអ្នករៀបចំការតវ៉ាកាលពីថ្ងៃអាទិត្យ ដែលជាក្រុមសាសនានិយមផ្សេងៗគ្នាបានចាត់ទុកថា ច្បាប់រៀបការអ្នកស្រឡាញ់ភេទដូចគ្នា គឺជាការគំរាមកំហែងដល់ប្រពៃណីគ្រួសារ។ អ្នកតវ៉ាជាច្រើននាក់ បានស្រែកថា«លែងដៃកូនរបស់យើង»។ ថា៖ «ជាអកុសលរបៀបវារៈរបស់ «ពួកភ្លឺស្វាង» ក៏មាននៅក្រិក ហើយរបៀបវារៈនោះរួមមានការរៀបការរបស់អ្នកស្រឡាញ់ភេទដូចគ្នា»។
លោកថ្លែង៖«ក្រិកជាប្រទេសគ្រិស្តនិយមនិកាយអូស្សូដក់ ហើយប្រពៃណីរបស់យើងមិនអនុញ្ញាតឱ្យមានរឿងនេះទេ។យើងស្គាល់ និងគោរពតែអាពាហ៍ពិពាហ៍មួយប្រភេទប៉ុណ្ណោះ គឺអាពាហ៍ពិពាហ៍គ្រិស្តអូស្សូដក់»។
លោកបន្តថា៖ «រដ្ឋធម្មនុញ្ញរបស់យើង ក៏មិនបានចែងសម្រាប់រឿងនេះដែរ ដូច្នេះច្បាប់នេះ (ច្បាប់រៀបការអ្នកស្រឡាញ់ភេទដូចគ្នា) គឺខុសពីរដ្ឋធម្មនុញ្ញ ហើយប្រឆាំងនឹងជំនឿរបស់យើងលើព្រះគ្រិស្ត»។
គេមើលឃើញថា គូស្នេហ៍អ្នកស្រឡាញ់ភេទដូចគ្នាជាច្រើននៅប្រទេសក្រិក កំពុងស្វែងរកការបង្កើតគ្រួសារ ដោយទៅរៀបការក្នុងប្រទេសដែលការរៀបអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា គឺជារឿងស្របច្បាប់។ ប្រសិនបើច្បាប់នេះត្រូវបានអនុម័ត ក្រិកនឹងក្លាយទៅជាប្រទេសគ្រិស្តអូស្សូដក់ដំបូងគេ ដែលអនុញ្ញាតឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់៕