រដ្ឋាភិបាលនៃប្រទេសប៉ូឡូញ បារាំង និងអាល្លឺម៉ង់ បានប្តេជ្ញាគ្នាកាលពីថ្ងៃចន្ទថា នឹងធ្វើឱ្យអឺរ៉ុបក្លាយជាមហាអំណាចផ្នែកសន្តិសុខ និងការពារជាតិ ដោយមានសមត្ថភាពកាន់ខ្លាំងក្នុងការគាំទ្រអ៊ុយក្រែន ក្រោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលអាចនឹងត្រឡប់ទៅកាន់អំណាចវិញនោះ ចេញវោហារសាស្រ្តលើកទឹកចិត្តឱ្យរុស្ស៊ីវាយប្រហារណាតូ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ធឺសស្ក៍ (Donald Tusk) ដែលបានជួបជាមួយប្រធានាធិបតីបារាំង លោក អាម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅទីក្រុងប៉ារីស និងអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃចន្ទ បាននិយាយថា លោកចង់ពង្រឹងឡើងវិញនូវទំនាក់ទំនងរបស់ប៉ូឡូញជាមួយដៃគូអឺរ៉ុបសំខាន់ៗ។
លោក ធឺសស្ក៍ បាននិយាយនៅក្នុងការជជែកវែកញែកឱ្យសហភាពអឺរ៉ុបក្លាយជា «មហាអំណាចយោធា» តាមសិទ្ធិរបស់ខ្លួន ថា៖ «មិនមានហេតុផលណាមួយ ដែលយោធារបស់យើងត្រូវខ្សោយជាងរុស្ស៊ីនោះទេ ដូច្នេះហើយការបង្កើនផលិតកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង គឺជាអាទិភាពដែលមិនអាចប្រកែកបាន»។
ថ្លែងជាមួយលោក ធឺសស្ក៍ នៅទីក្រុងប៊ែរឡាំង លោក សូលហ្ស៍បានរិះគន់ការអត្ថាធិប្បាយរបស់លោក ត្រាំ ដោយមិនបញ្ចេញឈ្មោះអតីតប្រធានាធិបតីអាមេរិករូបនេះ។ លោក សូលហ្ស៍បាននិយាយថា៖ «ការសន្យាការពាររបស់អង្គការណាតូ គឺគ្មានកំណត់ ពោលគឺ «មួយសម្រាប់គ្រប់គ្នា គ្រប់គ្នាសម្រាប់មួយ»។
លោកបន្តថា៖ «ខ្ញុំសូមនិយាយឱ្យច្បាស់សម្រាប់ហេតុផលបច្ចុប្បន្ន៖ «ការប្រៀបធៀបគ្នាលើការធានាការគាំទ្រក្នុងណាតូ គឺគ្មានទំនួលខុសត្រូវ និងគ្រោះថ្នាក់ ហើយជាផលប្រយោជន៍របស់រុស្ស៊ីតែម្នាក់ឯង»។
អធិការបតីដដែលបានបន្ថែមថា៖ «គ្មាននរណាម្នាក់អាចលេងសើច ឬដោះស្រាយបញ្ហាសន្តិសុខរបស់អឺរ៉ុបទេ»។
ចំណែកឯលោក ធឺសស្ក៍ វិញ ក៏បានជំរុញផងដែរ ឱ្យបណ្តាប្រទេសអឺរ៉ុបវិនិយោគបន្ថែមទៀតនៅក្នុងគម្រោងយោធា «ដើម្បីសម្រេចបានឱ្យបានលឿនតាមដែលអាចធ្វើទៅបាន នូវសមត្ថភាពការពារដែនអាកាសកាន់តែខ្លាំង សមត្ថភាពផលិតគ្រាប់រំសេវកាន់តែច្រើន»។
លោក ម៉ាក្រុងបាននិយាយជាមួយទន្ទឹមនឹងលោក ធឺសស្ក៍ នាទីក្រុងប៉ារីស កាលពីថ្ងៃចន្ទដដែលថា ឆន្ទៈរបស់អឺរ៉ុប ក្នុងការផ្គត់ផ្គង់បន្ថែម និងបំពេញតម្រូវការរបស់អ៊ុយក្រែន មានសារៈសំខាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំង ២៧ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវទឹកប្រាក់ចំនួន ៥៤ ប៊ីលានដុល្លារ ដើម្បីជាជំនួយសេដ្ឋកិច្ច ដែលខ្ទេចខ្ទាំដោយសារសង្រ្គាម។
លោក ម៉ាក្រុង បាននិយាយថា នេះនឹងអនុញ្ញាតឱ្យយើងបង្កើតពីអឺរ៉ុបនូវអំណាចសន្តិសុខ និងការពារជាតិ ដែលបំពេញបន្ថែមដល់អង្គការណាតូ និងជាសសរស្តម្ភនៃសម្ព័ន្ធភាពរបស់ប្លុក។
ការជំរុញផ្នែកការទូតនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ ដែលត្រៀមខ្លួន ដើម្បីឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិកជាថ្មីក្នុងឆ្នាំនេះ បានបោះសម្ដីកាលពីចុងសប្ដាហ៍កន្លងទៅថា លោកអាចនឹងជំរុញឱ្យរុស្ស៊ីវាយប្រហាររដ្ឋសមាជិកនៃណាតូណាមួយ ប្រសិនបើរដ្ឋសមាជិកនោះចំណាយប្រាក់វិភាគទានលើវិស័យការពារជាតិមិនគ្រប់គ្រាន់តាមគោលការណ៍។ ការថ្លែងយ៉ាងដូច្នេះរបស់លោក ត្រាំ បង្កការរិះគន់ខ្លាំងៗដោយថា វាគំរាមកំហែងដល់សន្ដិសុខ និងការរួបរួមគ្នារបស់ណាតូ៕