ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសន័រវែស បានព្រមានកាលពីថ្ងៃទី១២ ខែកុម្ភៈ ថា ប្រទេសរុស្ស៊ី កំពុងទទួលបានអត្ថប្រយោជន៍នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយសារចំនួនទាហាន និងសម្ភារកាន់តែច្រើនដែលផ្គត់ផ្គង់ដោយប្រទេសចិន កូរ៉េខាងជើង និងប្រទេសដទៃទៀត។ យោងការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។
ដោយបង្ហាញរបាយការណ៍វាយតម្លៃហានិភ័យប្រចាំឆ្នាំរបស់ខ្លួនរួមជាមួយនឹងភ្នាក់ងារសន្តិសុខន័រវែស ផ្សេងទៀត ប្រធានអង្គភាពចារកម្មយោធាលោក Nils Andreas Stensons បាននិយាយថា ទីក្រុងកៀវ នឹងត្រូវការជំនួយយោធាលោកខាងលិចយ៉ាងណាឱ្យបានច្រើនដើម្បីបង្វែរស្ថានការណ៍។
លោក Stensones បានប្រាប់អ្នកយកព័ត៌មានថា៖«នៅក្នុងសង្គ្រាមនេះ រុស្ស៊ី បច្ចុប្បន្នស្ថិតនៅក្នុងទីតាំងខ្លាំងជាងឆ្នាំមុន ហើយកំពុងស្ថិតក្នុងដំណើរការទទួលបានអត្ថប្រយោជន៍»។
លោកបាននិយាយថា៖«រុស្ស៊ី អាចកេណ្ឌកងទ័ពច្រើនជាងអ៊ុយក្រែន ៣ ដង» ដែលទីក្រុងម៉ូស្គូកំពុងដោះស្រាយទណ្ឌកម្មប្រសើរជាងការរំពឹងទុក ហើយឥឡូវនេះឧស្សាហកម្មរបស់រុស្ស៊ីអាចផលិតគ្រាប់បែក យន្តហោះប្រយុទ្ធ យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យកងទ័ពរបស់ខ្លួនរក្សាកិច្ចខិតខំសង្គ្រាមរបស់ពួកគេពេញ១ឆ្នាំ»។
លោកបាននិយាយថា ប្រទេសរុស្ស៊ី ក៏កំពុងទទួលបានការគាំទ្រផ្នែកយោធាពីកូរ៉េខាងជើង អ៊ីរ៉ង់ បេឡារុស និងចិនផងដែរ។ ប្រទេសចិនមិនបានផ្គត់ផ្គង់អាវុធទេ ប៉ុន្តែ «ម៉ាស៊ីន យានយន្ត គ្រឿងអេឡិចត្រូនិកនិងគ្រឿងបន្លាស់» ដែលត្រូវការដោយឧស្សាហកម្មអាវុធរបស់ទីក្រុងម៉ូស្គូ។
លោក Stensons បាននិយាយថា៖«ជំនួយអាវុធរបស់លោកខាងលិចកាន់តែច្រើនថែមទៀតនឹងត្រូវការសម្រាប់កងកម្លាំងអ៊ុយក្រែន ដើម្បីអាចការពារខ្លួន និងទទួលបានគំនិតផ្តួចផ្តើមក្នុងជម្លោះឡើងវិញ»។ លោកបានគូសបញ្ជាក់ពីសំណើរបស់ទីក្រុងកៀវសម្រាប់គ្រាប់បែក អាវុធចម្ងាយឆ្ងាយ ប្រព័ន្ធការពារអាកាស រថក្រោះ និងយន្តហោះចម្បាំង។
ប្រទេសន័រវែស រួមជាមួយនឹងប្រទេសដាណឺម៉ាក និងហូឡង់ បានយល់ព្រមផ្តល់ឲ្យអ៊ុយក្រែននូវយន្តហោះចម្បាំង F-16 ដែលខ្លួនបានស្នើសុំពីសម្ព័ន្ធមិត្តរបស់ខ្លួន។
រដ្ឋមន្ត្រីការពារជាតិន័រវែស លោក Bjorn Arild Gram បាននិយាយថា៖«ប្រទេសន័រវែស និងអឺរ៉ុបត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីទទួលខុសត្រូវបន្ថែមទៀត ដើម្បីធានាសន្តិសុខផ្ទាល់ខ្លួន និងសម្ព័ន្ធមិត្តរបស់ពួកគេ»។
សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយផ្នែកយោធាដ៏សំខាន់របស់ទីក្រុងកៀវ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ក្នុងខែកុម្ភៈឆ្នាំ២០២២ ប៉ុន្តែសភាបានបរាជ័យក្នុងការអនុម័តលើជំនួយថ្មី ហើយការរំពឹងទុករបស់លោកដូណាល់ ត្រាំ ត្រឡប់មកកាន់សេតវិមានវិញ បានដាក់ការទទួលខុសត្រូវកាន់តែខ្លាំងលើអឺរ៉ុបក្នុងការឈានទៅមុខលើការជួយសម្ព័ន្ធមិត្តអ៊ុយក្រែន៕