បាតុករថៃមួយក្រុមតូច បានប្រមូលផ្តុំគ្នានៅមុខក្រសួងយុត្តិធម៌ថៃ នៅថ្ងៃទី១២ខែកុម្ផៈ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការដែលតុលាការបានសម្រេចថានឹងដោះលែង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ពីពន្ធនាគារ ទាំងដែលលោកមិនបានអនុវត្តទោសក្នុងពន្ធនាគារ ពោលគឺលោកស្ថិតនៅក្រៅពន្ធនាគារចាប់តាំងពីពេលដែលប៉ូលិសបញ្ជូលលោកទៅព្យាបាលនៅមន្ទីរពេទ្រមកម្ល៉េះ។
លោក ភិឈិត ឆៃមង្គល (Pichit Chaimongkol) ប្រធានបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ បានស្រែកប្រកាសដើម្បីឱ្យក្រុមបាតុករស្រែកហ៊ោតាមក្រោយថា «ថាក់ស៊ីន គ្រាន់តែជាអ្នកទោសម្នាក់ប៉ុណ្ណោះ»។
យ៉ាងណាក៏ដោយ គេសង្កេតឃើញថា មានតែបាតុករមួយក្រុមតូចប៉ុណ្ណោះ ហើយមានបាតុករពីរបីនាក់នៅទីនោះ កំពុងគ្រវីទង់ជាតិថៃ។
ប៉ុន្តែ លោក ភិឈិត បានរំពឹងថាចំនួនបាតុករនឹងកើនឡើងបន្ថែមទៀត ដោយសារតែមនុស្សកាន់តែច្រើនយល់ឃើញដូចគ្នាថា វាមិនសមហេតុផលនោះទេដែលតុលាការមានចំណាត់ការលើលោកថាក់ស៊ីន ខុសពីអ្នកទោសដទៃ។
លោកបាននិយាយថា៖«សូមលោក ថាក់ស៊ីន កុំមើលស្រាលពួកយើង។ បញ្ហានេះនឹងរីកកាន់តែធំ ដោយសារមនុស្សជាច្រើនបានយល់ស្របជាមួយគំនិតរបស់ពួកយើង»។
ការប្រមូលផ្តុំគ្នាបាតុកម្មនេះ ធ្វើឡើងបន្ទាប់ពីគេបានទទួលដំណឹងថា ឈ្មោះរបស់លោកថាក់ស៊ីនអាចស្ថិតនៅក្នុងបញ្ជីអ្នកទោសដែលត្រូវបានទទួលការលើកលែងទោសពីព្រះមហាក្សត្រ ហើយនាយកដ្ឋានពន្ធនាគារបានផ្តល់បញ្ជីឈ្មោះអ្នកទោសនេះ ទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក តាវី សូតសុង (TaweeSodsong) កាលពីថ្ងៃចន្ទ។
លោក ភិឈិត បានប្រកាសបញ្ជាក់តាមរយៈការអានខ្លឹមសារនៅក្នុងលិខិតមួយ ដែលបានបង្ហាញពីការតស៊ូមតិជំរុញឱ្យមានចំណាត់ការលើអ្នកទោសគ្រប់រូបដោយយុត្តិធម៌ ជាពិសេសអ្នកដែលមានតួនាទីនៅក្នុងប្រព័ន្ធយុត្តិធម៌។
លោកបានថ្លែងថា៖ «លោក ថាក់ស៊ីន គឺមិនដែលបានជាប់ពន្ធនាគារនោះទេ ហើយលោកនឹងទទួលបានការលើកលែងទោសជាពិសេស»។ លោកបានបន្តថា ៖ «ក្រុមមន្ត្រីដែលធ្វើការលើរឿងនេះបានឃុបឃិតគ្នាធ្វើរឿងនេះ»។
លោកថាក់ស៊ីនបានស្នាក់នៅជាន់ទី១៤នៃមន្ទីរពេទ្យប៉ូលិសខេត្តមួយ ដោយគេសន្មត់ថា លោកបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ដោយសារតែលោកមានជំងឺធ្ងន់ធ្ងរ។ លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅឯពន្ធនាគារ នៅមួយថ្ងៃបន្ទាប់ពីលោកបានត្រលប់ចូលប្រទេសថៃ កាលពីខែសីហា ឆ្នាំ២០២៣ ក្រោយពីបានរត់គេចខ្លួនអស់រយៈពេល ១៥ ឆ្នាំនៅបរទេស។
ការបញ្ជូនខ្លួនរបស់លោកទៅមន្ទីរពេទ្យយ៉ាងរហ័សបែបនេះបានបង្កើតឱ្យមានការងឿងឆ្ងល់ថា តើលោកនឹងអាចអនុវត្តទោសក្នុងពន្ធនាគារបានដែរឬក៏យ៉ាងណា។លោកត្រូវបានតុលាការថៃ កាត់ទោសកំបាំងមុខពីបទរំលោភសិទ្ធិអំណាចក្នុងអំឡុងពេលដែលលោកធ្វើជានាយករដ្ឋមន្ត្រីថៃ។
ទោះបីជាដំណឹងនៃការដោះលែងរូបលោក មិនត្រូវបានបញ្ជាក់ច្បាស់ពីតុលាការក៏ដោយ ក៏កូនស្រីរបស់លោក គឺលោកស្រី ផែថងថាន (Paetongtarn) បានលើកឡើងថា លោកស្រីចង់ឃើញលោកត្រលប់ទៅផ្ទះវិញឆាប់។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក តាវី បានទៅទស្សនកិច្ចនៅខេត្តជាប់ព្រំដែនភាគខាងត្បូងកាលពីថ្ងៃចន្ទម្សិលមិញ ហើយត្រូវបានក្រុមអ្នកតវ៉ាចោទប្រកាន់ថា លោកបានមានចេតនាគេចពីការជួបប្រឈមមុខជាមួយពួកគេ៕