​ការិយាល័យ​ប្រធានាធិប​តី​អាហ្វ្រិកខាង​ត្បូង​ បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ប្រទេ​ស​អាហ្វ្រិក​ខាង​ត្បូង​នឹង​បញ្ជូន​កង​ទ័ព​ចំនួន​ ២ ៩០០ នាក់​ ទៅ​ភាគខាង​កើត​នៃ​ប្រទេស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ប្រដាប់​អាវុធ​​នៅ​ទី​នោះ​។ នេះ​បើ​តាម​ការ​រាយការ​ណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ 

ការ​ដាក់​ពង្រាយ​នេះ​ ធ្វើ​ឡើង​ទៅ​តាម​ការ​រួម​ចំណែក​របស់​អាហ្វ្រិកខាង​ត្បូង​​ ក្នុង​​​សហគមន៍​អភិវឌ្ឍន៍​អាហ្វ្រិក​ភាគ​ខាង​ត្បូង​ (SADC)។ បើ​តាម​សេចក្ដីថ្លែងការណ៍​ ការ​ពង្រាយ​នេះ​នឹង​ធ្វើ​ឡើង​រយៈ​ពេល​​១​ឆ្នាំ​ពេញ​​ រហូត​ទៅ​ដល់​ថ្ងៃ​ទី​ ១៥ ខែ​ធ្នូ​ ឆ្នាំ​ ២០២៤​ ហើយ​ត្រូវ​ចំណាយ​ប្រាក់​ផ្គត់​ផ្គង់​ប្រហែល​ ១០៦ លាន​ដុល្លារ​អាមេរិក​។ ​ 

ការ​ដាក់​ពង្រាយ​នេះ​ផង​ដែរ​ ធ្វើ​ឡើង​បន្ទាប់​ពី​​សមាជិក SADC ទាំង​ ១៦​ ប្រទេស​ បាន​​អនុម័ត​​បេស​កក​ម្ម​​កង​ទ័ព​​ទៅ​ភាគ​ខាង​កើត​របស់​កុងហ្គោ​ កាល​ពី​ខែ​ឧសភា​ ឆ្នាំ​មុន​ ដើម្បី​ជួយ​កុងហ្គោ​​ ​​ដោះ​ស្រាយ​អស្ថិរភាព​ និង​សន្តិសុខ​ ដែល​កាន់​តែ​យ៉ាប់​យ៉ឺន​​ទៅ​ៗ​​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​។ ​

ជម្លោះ​ដែល​អូស​បន្លាយ​​ជា​​ច្រើន​​ទសវត្សរ៍​​នៅ​ភាគ​ខាង​កើត​ប្រទេស​កុងហ្គោ​ រវាង​ក្រុម​ប្រ​ដាប់​អាវុធ​ជា​គូប្រជែង​ជា​​ច្រើន​ផ្សេង​ៗ​គ្នា​ ដែល​​ដណ្ដើមទឹក​ដី​​គ្រប់​គ្រង​ ​​និង​ធន​ធាន​ បាន​សម្លាប់​មនុស្ស​រាប់​សែន​នាក់​ និង​ធ្វើ​ឱ្យ​មនុស្ស​ជាង ​៧​ លាន​នាក់​ត្រូវ​ផ្លាស់​ទី​លំនៅ​។​

កង​កម្លាំង​ SADC ដែល​​មាន​​អំណាច​វាយ​លុក​ ដើម្បី​គាំទ្រ​កង​ទ័ព​របស់​កុងហ្គោ​ប្រយុទ្ធ​នឹង​ក្រុម​ប្រដាប់​អាវុធ​ ​នឹង​រួម​បញ្ចូល​កង​ទ័ព​​មក​ពី​ប្រទេស​ម៉ាឡាវី ​អាហ្វ្រិក​ខាង​ត្បូង​ និង​តង់ហ្សានី​។​

​ការ​ដាក់​ពង្រាយ​​នា​ពេល​នេះ​ ធ្វើ​ឡើង​នៅ​ពេល​ដែល​កុងហ្គោ​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​ M23 ​​ដឹក​នាំ​ដោយ​​ក្រុម​ជន​ជាតិ​ភាគ​តិច​ Tutsi។ ការ​វាយ​ប្រហារ​របស់​ក្រុមឧទ្ទាម​ M23 ​កំពុង​រុល​​ទៅ​មុខ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​ ហើយ​គំរាម​កំហែង​សន្តិសុខ​ដល់​ក្រុង​​​ North Kivu ដែល​ជា​ទី​រួម​ខេត្ត​​ Goma៕