អតីត​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពីពេលថ្មីៗនេះ​ បាន​ស្ដីបន្ទោស​ទៅកាន់​សមាជិកនៃ​អង្គការ​ណា​តូ​ផ្សេងទៀត ដែល​មិនបាន​ចូលរួម​វិភាគទាន​គ្រប់គ្រាន់​សម្រាប់​វិស័យ​ការពារជាតិ។ ការណ៍​​នេះ​បានធ្វើឱ្យ​លោក ត្រាំ បើកដៃ​ឱ្យ​រុស្ស៊ី ហើយ​ថា​សហរដ្ឋ​អាមេរិក​នឹងមិន​ការពារ​សមាជិក​ណា​ដែល​មិនបាន​បង់​វិភាគទាន​គ្រប់គ្រាន់​នោះទេ។

លោក ដូ​ណា​ល់ ត្រាំ ថ្លែង​ក្នុង​យុទ្ធនាការ​មួយ​កាលពី​សប្តាហ៍​កន្លងទៅថា៖​«បើសិនជា ប្រទេស​ណាមួយ​មិនបាន​បង់ប្រាក់​គ្រប់គ្រាន់​សម្រាប់​ថ្លៃ​ការពារ យើង​នឹងមិន​ការពារ​ប្រទេស​នោះទេ»។​

លោក​បាន​បន្តទៀតថា៖«យើង​មានតែ​លើកទឹកចិត្ត​រុស្ស៊ីឱ្យធ្វើ​អ្វី​ក៏បាន​តាម​ការចង់បាន​របស់គេ ព្រោះ​វា​ជា​កាត​ព្វ កិច្ច​របស់​សមាជិក​នីមួយៗដែល​ត្រូវតែ​បង់ថ្លៃ​ការពារ​​»។

យ៉ាងណាមិញ អ្វីដែល​លោក ដូ​ណា​ល់ ត្រាំ ថ្លែង​នេះ​បានធ្វើឱ្យ​ប្រទេស​ជា​សមាជិក​អង្គការ​ណា​តូ ខឹងសម្បារ​យ៉ាងខ្លាំង ដោយហេតុថា វា​ខុសពី​មាត្រា​ទី៥ ដែល​មានចែង​នៅក្នុង​សន្ធិសញ្ញា​របស់​អង្គការ​ណា​តូ។

នៅក្នុង​មាត្រា​ទី៥នៃ​សន្ធិសញ្ញា​របស់​អង្គការ​ណា​តូ ការវាយប្រហារ​លើស​មា​ជិ​កណា​ម្នាក់ ស្មើនឹង​ការវាយប្រហារ​លើ​អង្គការ​ទាំងមូល។ ម្លោះ​ហើយ​ក្នុងករណី​ដែល​ប្រទេស​ជា​សមាជិក​ណាមួយ​រង​ការវាយប្រហារ សមាជិក​ផ្សេងទៀត​នឹង​ចាត់វិធានការ​ឆ្លើយតបភ្លាមៗ ដែល​ក្នុងនោះ​រួមមាន​ការប្រើប្រាស់​កម្លាំង​ទ័ព​ផង។

ម្យ៉ាងទៀត​សង្គ្រាម​រុស្ស៊ី-អ៊ុយ​ក្រែ​ន ដែល​ឈាន​ចូលដល់​រយៈពេល២ឆ្នាំ​ទៅហើយនោះ បានធ្វើឱ្យ​បណ្ដា​ប្រទេស​នៅ​អ៊ឺរ៉ុប​ខាងកើត មានការ​ព្រួយបារម្ភ​ជាខ្លាំង។ បារម្ភ​ថា រុស្សី​អាច​ពង្រីក​អំណាច​របស់​ខ្លួន ដោយ​ឈ្លានពាន​ប្រទេស​ផ្សេងទៀត បន្ទាប់ពី​អ៊ុយ​ក្រែ​ន។

ទន្ទឹមនឹងនេះ ការចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ​គឺជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​សម្រាប់ ប្រទេស​ទាំងនោះ ដើម្បី​ទទួលបាន​ការការពារ​ពី​ប្រទេស​ជា​សមាជិក​ផ្សេងទៀត ជាពិសេស​គឺ​សហរដ្ឋអាមេរិក តែម្ដង។ 

ដោយសារ​ជា​ប្រទេស​មហាអំណាច​យោធា​ស្រាប់ មិនមែនជា​រឿង​ចម្លែក​នោះទេ ដែល​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បងធំ​ក្នុងចំណោម​សមាជិក​អង្គការ​ណា​តូ។ ម្លោះ​ហើយ អ្វីដែល​លោក ដូ​ណា​ល់ ត្រាំ និយាយ​នៅពេលនេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​ដទៃទៀត។ 

ក្នុងនាម​ជា​អតីត​ប្រធានាធិបតី​អាមេរិក (២០១៧-២០២១) លោក ដូ​ណា​ល់ ត្រាំ តែងតែ​ស្ដីបន្ទោស​ទៅកាន់​សមាជិក​អង្គការ​ណា​តូ។ មាន​ពេល​មួយ​នោះ លោក​បាន​ស្ដីបន្ទោស​អាល្លឺម៉ង់ ដែល​មិន​ចំណាយ​ប្រាក់​គ្រប់គ្រាន់​ក្នុងការ​ការពារ​ខ្លួន តែ​បែរជា​ពឹងផ្អែក​ទៅលើ​ទីក្រុង​វ៉ាស៊ីនតោន​ទៅវិញ។

យ៉ាងណាក៏ដោយ អង្គការ​ណា​តូ​មាន​មូ​និ​ធិ​ទុន​រួមមួយ ដែល​ចូលរួម​ដោយ​ប្រទេស​ជា​សមាជិក ប៉ុន្តែ​ភាគច្រើន​មូ​និ​ធិ​នោះ​បានមកពី​កញ្ចប់​ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​វិស័យ​ការពារជាតិ​របស់​សមា​ជិករៀងៗខ្លួន។ កញ្ចប់​ថវិកា​នោះ​គឺ​ដើម្បី​រក្សា​កម្លាំង​ទ័ព ទិញ​សព្វាវុធ ដែល​អង្គការ​ណា​តូ​ក៏មាន​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​ផងដែរ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ សមាជិក​អង្គការ​ណា​តូ​គ្រប់រូប​បាន​ប្ដេជ្ញា​ក្នុងការ​ចំណាយ​យ៉ាងហោចណាស់ ២% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ទៅលើ​វិស័យ​ការពារជាតិ។ ប៉ុន្តែ​សមាជិក​ភាគច្រើន​បាន​ខកខាន ក្នុងការ​សម្រេចបាន​តា​ម​ការប្ដេជ្ញា​នេះ កាលពី​ឆ្នាំមុន។

អង្គការ​ណា​តូ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៤៩ ក្នុង​គោលបំណង​ធានា​សន្ត​សុខ និង​សេរីភាព របស់​សមាជិក ពី​បញ្ហានយោបាយ និង​សង្គ្រាម​ណាមួយ។អង្គការ​នេះ​ក៏​ជា​ផ្នែក​មួយ​ក្នុងការ​លើកកម្ពស់ លទ្ធិ​ប្រ​ធា​ធិបតេយ្យ តាមរយៈ​ការអនុញ្ញាតឱ្យ​ប្រទេស​ជា​សមាជិក​ពិភាក្សា​ដោយ​បើកចំហរ បញ្ចេញមតិ និង​សហការគ្នា​ក្នុងការ​ការពារ​សន្តិសុខ ដើម្បី​បញ្ចៀស​នូវ​ជម្លោះ​ណាមួយ។

រហូតមកដល់​ពេលនេះ អង្គការ​ណា​តូ​ មាន​សមាជិក​ចំនួន​ ៣១ ​ប្រទេស ដែល​ភាគច្រើន​ជា​បណ្ដា​ប្រទេស​នៅ ប៉ែក​អឺរ៉ុប បូក​បញ្ចូល​សហរដ្ឋអាមេរិក និង​កាណាដា។ ដើម្បី​អាច​អនុម័ត​លើ​រឿង​ណាមួយ​បាន គឺ​លុះត្រាតែ​សមាជិក​ណា​តូ​ទាំងអស់​យល់ព្រម ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក​នៅតែ​ជា​សមាជិក​ដែលមាន​អំណាច​យោធា​ខ្លាំងជាងគេ។

សមាជិក​ចុងក្រោយបង្អស់​របស់​អង្គការ​ណា​តូ គឺ​ប្រទេស​ហ្វាំ​ង​ឡង់ ដែល​បាន​ក្លាយជា​សមាជិក​ផ្លូវការ កាលពី​ខែមេសា ឆ្នាំមុន បន្ទាប់ពី​សង្គ្រាម​បាន​ផ្ទុះឡើង​នៅក្បែរ​របង​ផ្ទះ​របស់ខ្លួន។ 

ក្នុងពេល​ប្រហាក់ប្រហែលគ្នា​នោះ ប្រទេស​ស៊ុយ​អ៊ែត​ក៏បាន​ស្នើរ​សុំចូល​ជា​សមាជិក​នៃ​អង្គការ​ណា​តូ​ផងដែរ ប៉ុន្តែ​នៅ​មិនទាន់មាន​ការបញ្ជាក់​ផ្លូវការ​ណាមួយ​នៅឡើយ ដោយ​នៅសល់​ប្រទេស​ហុង​គ្រី​មួយទៀត ដែល​មិនទាន់​យល់ស្រប៕