ក្រោយពីសម្ព័ន្ធមិត្តអ៊ីស្រាអែលដូចជាសហរដ្ឋអាមេរិកជាដើមប្រតិកម្មការវាយប្រហារចូលក្រុងរ៉ាហ្វាហ៍(Rafah) ដែលមានប្រជាជនភៀសសឹកយ៉ាងហោច១លាននាក់ ប្រទេសចិន នៅថ្ងៃទី១៣ខែកុម្ភៈ បានជំរុញអ៊ីស្រាអែលឱ្យបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនចូលក្រុងរ៉ាហ្វាហ៍ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយបានព្រមានអំពី គ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅទីនោះ ប្រសិនបើការប្រយុទ្ធគ្នាមិនឈប់។
អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ប្រទេសចិនតាមដានយ៉ាងដិតដល់នូវការវិវត្តនៅក្នុងតំបន់ Rafah ប្រឆាំង និងថ្កោលទោសសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងបំពានច្បាប់អន្តរជាតិ" ។
ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថា រដ្ឋាភិបាលចិនបានជំរុញអ៊ីស្រាអែលឱ្យ «បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន (និង) ខិតខំប្រឹងប្រែងដើម្បីជៀសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិលស្លូតត្រង់ ដើម្បីការពារគ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរបន្ថែមទៀតនៅក្នុងតំបន់រ៉ាហ្វាហ៍»។
រដ្ឋាភិបាលអ៊ីស្រាអែលកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីអន្តរជាតិ ដើម្បីយល់ព្រមលើបទឈប់បាញ់ជាមួយក្រុមហាម៉ាស់ ខណៈដែលខ្លួនរៀបចំសម្រាប់ការលុកលុយចូលទៅក្នុងទីក្រុងរ៉ាហ្វាហ៍នៅភាគខាងត្បូងទីក្រុងនៅជាប់ព្រំដែនជាប់ប្រទេសអេហ្ស៊ីប។
ប្រទេសអេហ្ស៊ីបក៏បានព្រមានបញ្ចប់សន្ធិសញ្ញាសន្តិភាពដែលបានសម្រេចឡើងកាលពីឆ្នាំ១៩៧០ បើសិនអ៊ីស្រាអែលវាយលុកចូលទៅទីក្រុងរ៉ាហ្វាហ៍នៅជិតព្រំដែនរបស់ខ្លួននោះ។
អ៊ីស្រាអែលបានធ្វើការវាយឆ្មក់មុនព្រលឹមចូលក្រុងរ៉ាហ្វាហ៍កាលពីថ្ងៃទី១២ខែកុម្ភៈ ដោយរំដោះបានចំណាប់ខ្មាំង២នាក់ និងបានសម្លាប់មនុស្សប្រហែល១០០នាក់ បន្ទាប់ពីបដិសេធលក្ខខណ្ឌរបស់ក្រុមហាម៉ាស់សម្រាប់បទឈប់បាញ់កាលពីសប្តាហ៍មុន។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសាទរប្រតិបត្តិការពេញមួយយប់ថា «ល្អឥតខ្ចោះ» ខណៈពេលដែលក្រសួងការបរទេសប៉ាឡេស្ទីនបាននិយាយថាការស្លាប់របស់ប្រជាជនហ្គាហ្សារាប់សិបនាក់ស្មើនឹង «ការសម្លាប់រង្គាល»។
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានចេញសាលក្រមកាលពីចុងខែមករាដោយតម្រូវឱ្យអ៊ីស្រាអែលកុំធ្វើសកម្មភាពនាំឱ្យមានឧក្រិដ្ឋកម្មសង្គ្រាម៕