
កងទ័ពជើងទឹកម៉ិកស៊ិកជាប់ព្រំដែនសហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនជាង ៤០ តោន ពីមន្ទីរពិសោធន៍គ្រឿងញៀនមួយកន្លែងក្នុងរដ្ឋសូណូរ៉ា ដែលវាជាការរឹបអូសដ៏ធំបំផុតក្នុងអាណត្តិនៃរដ្ឋាភិបាលបច្ចុប្បន្ន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP។
កងទ័ពជើងទឹកម៉ិកស៊ិក បានបញ្ជាក់ថា មន្ទីរពិសោធន៍នោះមានទីតាំងនៅក្រុង Quiriego ដែលជាទីប្រជុំជនដាច់ស្រយាលមួយក្នុងរដ្ឋសូណូរ៉ា ហើយថា មេតំហ្វេតាមីនចំនួន ៤១ ៣១០ គីឡូក្រាម ត្រូវបានរឹបអូសចេញពីទីនោះ។ ចំនួននេះ គឺស្មើទៅនឹងពាក់កណ្តាលនៃគ្រឿងញៀនសរុប ដែលម៉ិកស៊ិករឹបអូសបាន រាប់ចាប់តាំងពីដើមឆ្នាំនេះមក។
ក្រៅពីមេតំហ្វេតាមីន កងទ័ពជើងទឹកម៉ិកស៊ិក បាននិយាយថា សារធាតុគីមីផ្សំធ្វើមេតំហ្វេតាមីន ទម្ងន់ ១២ ៧០៥ គីឡូក្រាមនិងឧបករណ៍សម្រាប់ផលិតជាង ២០០ ឧបករណ៍ ក៏ត្រូវបានរកឃើញពីមន្ទីរពិសោធន៍ដដែលផងដែរ។ ឧបករណ៍ដែលរកឃើញនៅទីពិសោធន៍ទាំងប៉ុន្មាន ត្រូវបានកម្ទេចចោលដោយការបំផ្ទុះ។
ការរឹបអូសនេះ កើតចេញពីប្រតិបត្តិការវាយឆ្មក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ កងទ័ពជើងទឹកម៉ិកស៊ិកបានស្នើថា មេតំហ្វេតាមីនដែលរឹបអូសបាន ត្រូវបានជនជួញដូរត្រៀមនាំចេញទៅកាន់អឺរ៉ុប អាស៊ី និងសហរដ្ឋអាមេរិក។ យ៉ាងណាមិញ ម៉ិកស៊ិកផ្ទាល់ ក៏មានបញ្ហាធំផងដែរជាមួយនឹងការប្រើប្រាស់ថ្នាំញៀនក្នុងស្រុក។
កាលពី ១ ឆ្នាំមុន ទាហានម៉ិកស៊ិកបានរឹបអូសបានគ្រឿងញៀនគ្រាប់ប្រភេទ Fentanyl ច្រើន ជាងកន្លះលានគ្រាប់ ចេញពីមន្ទីរពិសោធន៍គ្រឿងញៀននៅក្រុង Culiacan នៃរដ្ឋ Sinaloa ដែលនៅជាប់នឹងរដ្ឋសូណូរ៉ា៕