ក្រុមនិស្សិត និងសកម្មជនឥណ្ឌូនេស៊ី ជាច្រើនកាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤ បានចេញបាតុកម្មតវ៉ាប្រឆាំងនឹងការជ្រៀតជ្រែករបស់ប្រធានាធិបតី លោក ចូកូ វីដូដូ (Joko Widodo) នៅក្នុងការបោះឆ្នោតដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែកុម្ភៈនេះដើម្បីគាំទ្រ លោក ប្រាបូវ៉ូ ស៊ូបៀនតូ (PrabowoSubianto) បេក្ខភាពប្រធានាធិបតី ដែលមានកូនប្រុសរបស់ប្រធានាធិបតីបច្ចុប្បន្នជាអនុប្រធានាធិបតី។
គិតមកទល់ពេលនេះ លោក ចូកូ វីដូដូដែលជាប្រធានាធិបតីឥណ្ឌូនេស៊ីបច្ចុប្បន្ន មិនបានបង្ហាញការគាំទ្របេក្ខជនណាម្នាក់ក្នុងចំណោមបេក្ខភាពទាំង ៣ រូបដែលមានបំណងចង់បន្តតំណែងរបស់លោកនោះទេ។
យ៉ាងណាក៏ដោយ លោកត្រូវបានគេមើលឃើញថាហាក់កំពុងមានភាពជិតស្និទ្ធជាមួយលោក ប្រាបូវ៉ូ និងកូនប្រុសច្បងរបស់លោក ដែលកំពុងឈរឈ្មោះជាអនុប្រធានាធិបតី។
កាលពីសប្តាហ៍មុន ការស្ទង់មតិចំនួន ២ បានបង្ហាញថា លោក ប្រាបូវ៉ូ អាចទទួលបានសំឡេងគាំទ្រ ៥០% នៃសន្លឹកឆ្នោតសរុប។ ដោយឡែក សំឡេងគាំទ្រគូប្រជែងវិញ គឺលោក អានីស បាស្វេដាន (Anies Baswedan) និងលោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo) មានត្រឹមតែ ២៧% និង ៣១% ប៉ុណ្ណោះ។
អ្នកបោះឆ្នោតមួយចំនួនមានការព្រួយបារម្ភថា ភាពលម្អៀងរបស់លោក ចូកូ វីដូដូ កំពុងធ្វើឱ្យប៉ះពាល់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឥណ្ឌូនេស៊ីដោយសារតែលោកបង្ហាញការពេញចិត្តលើបេក្ខជនតែម្នាក់ ដែលអយុត្តិធម៌ចំពោះបេក្ខជនដទៃ។
និស្សិតនៅទីក្រុងយ៉ូយ៉ាកាតា (Yogyakarta) ស្ថិតនៅកោះជ្វា (Java) បានប្រមូលផ្តុំគ្នា ដោយអ្នកខ្លះកាន់ឧបករណ៍ធ្វើពីឫស្សី និងអ្នកខ្លះកាន់ផ្ទាំងរូបភាពអំពាវនាវរកយុត្តិធម៌ប្រឆាំងនឹងលោក ចូកូ វីដូដូ និងសហការីរបស់លោក។ អ្នកតវ៉ាម្នាក់បាននិយាយថា ៖ «លោក ចូកូ វីដូដូធ្លាប់ត្រូវបានគេហៅថាជាឥស្សរជននៃក្តីសង្ឃឹម ប៉ុន្តែឥឡូវនេះយើងមើលឃើញថា លោកគឺជាគ្រោះមហន្តរាយ»។
ក្រុមសកម្មជនសិទ្ធិមនុស្សក្នុងទីក្រុងហ្សាការតា (Jakarta) ក៏កំពុងរៀបចំការតវ៉ាមួយផ្សេងទៀតផងដែរ។ រីឯការិយាល័យប្រធានាធិបតី បានបដិសេធចំពោះការចោទប្រកាន់ថាលោក ចូកូ វីដូដូ បានជ្រៀតជ្រែករឿងនយោបាយបោះឆ្នោត។
បាតុកម្មតវ៉ានេះកើតឡើងបន្ទាប់ពីវីដេអូឯកសាររបស់អ្នកកាសែតស៊ើបអង្កេត លោក ដេនឌី ឡាក់សូណូ (Dandy Laksono) បានចេញផ្សាយថា ក្រុមមន្ត្រីរាជការ រួមទាំងប៉ូលិស និងក្រុមមេដឹកនាំប្រចាំតំបន់ផ្សេងៗកំពុងប្រើប្រាស់ធនធានសាធារណៈ ក្រោមរូបភាពអនុវត្តន៍កម្មវិធីគាំពារសង្គម ដើម្បីគាំទ្រលោក ប្រាបូវ៉ូ ក្នុងយុទ្ធនាការបោះឆ្នោត។
ប៉ូលិសប្រឆាំងកុបកម្មប្រមាណ ២៥ ០០០ នាក់នឹងត្រូវដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងថ្ងៃបោះឆ្នោត៕