ប្រទេសអភិវឌ្ឍន៍សំខាន់ៗនៅតំបន់អឺរ៉ុបបានបង្ហាញបំណងរួបរួមគ្នាធ្វើឱ្យអឺរ៉ុបកាន់តែខ្លាំងជាងមុននៅចំពោះមុខសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនដែលស្ថិតនៅតំបន់អឺរ៉ុបខាងកើត ក្រោយលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងដែលរំពឹងថានឹងជាប់ឆ្នោតជាថ្មីនៅក្នុងការបោះឆ្នោតនៅចុងឆ្នាំនេះ បានមើលស្រាលប្រទេសសមាជិកអឺរ៉ុបដែលជាសមាជិករបស់អង្គការណាតូមិនបានបង់វិភាគទានគ្រប់គ្រាន់។
រដ្ឋាភិបាលបារាំង និងអាល្លឺម៉ង់ ដែលស្ថិតនៅអឺរ៉ុបខាងលិច និងរដ្ឋាភិបាលនៃប្រទេសប៉ូឡូញ ដែលស្ថិតនៅអឺរ៉ុបខាងកើតជាប់ប្រទេសអ៊ុយក្រែន និងដែលបានផ្តល់ការគាំទ្រយ៉ាងច្រើនដល់ប្រទេសអ៊ុយក្រែន ក្នុងសង្គ្រាមទប់ទល់ការឈ្លានពានរបស់រុស្ស៊ី បានប្តេជ្ញារួមគ្នាកាលពីថ្ងៃចន្ទថា នឹងធ្វើឱ្យអឺរ៉ុបក្លាយជាមហាអំណាចសន្តិសុខ និងការពារជាតិ ដោយមានសមត្ថភាពកាន់តែខ្លាំងក្នុងការគាំទ្រអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលអាចត្រឡប់ទៅកាន់អំណាចវិញដោយសារប្រជាប្រិយភាពនៃការបញ្ចេញវោហារស័ព្ទរិះគន់របៀបនៃការធ្វើសង្គ្រាមរបស់រដ្ឋបាលលោក ចូ បៃដិន ដោយការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន ហើយកាលពីចុងសប្តាហ៍កន្លងទៅនេះ បាននិយាយលើកទឹកចិត្តឱ្យរុស្ស៊ីវាយប្រហារសមាជិកណាតូដែលមិនបានផ្តល់មូលនិធិដល់អង្គការប្រដាប់អាវុធនេះ។
អង្គការប្រដាប់អាវុធណាតូដែលមានសមាជិកភាគច្រើននៅតំបន់អឺរ៉ុប ហើយប្រទេសអឺរ៉ុបខាងកើតដែលផ្តាច់ខ្លួនចេញពីរុស្ស៊ីក្រោយសហភាពសូវៀតដួលរលំ បានចូលជាសមាជិកថ្មីជាបន្តបន្ទាប់ និងមិនបានបំពេញកាតព្វកិច្ចក្នុងការចំណាយគ្រប់ចំនួនលើវិស័យការពារជាតិ និងការផ្តល់វិភាគទានទៅណាតូ។
យោងតាមគេហទំព័ររបស់អង្គការណាតូ ស្ថាប័នប្រដាប់អាវុធអន្តរជាតិមួយនេះទទួលបានធនធានតាមរយៈការរួមចំណែកដោយផ្ទាល់ និងដោយប្រយោលរបស់សមាជិករបស់ខ្លួន។ មូលនិធិរួមរបស់ណាតូត្រូវបានផ្សំឡើងដោយការរួមចំណែកដោយផ្ទាល់ចំពោះថវិកា និងកម្មវិធីរួម ដែលស្មើនឹងត្រឹមតែ ០,៣ ភាគរយ(ប្រហែល ៣,៣ ពាន់លានអឺរ៉ូសម្រាប់ឆ្នាំ២០២៣) នៃការចំណាយលើវិស័យការពារជាតិសរុប របស់ប្រទេសជាសមាជិកណាតូ។
ចាប់តាំងពីឆ្នាំ ២០០៦ មក រដ្ឋមន្ត្រីការពារជាតិនៃប្រទេសសមាជិកអង្គការណាតូ បានឯកភាពលើការចំណាយចំពោះវិស័យការពារជាតិ ២ ភាគរយធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) ប៉ុន្តែប្រទេសជាច្រើនបានបរាជ័យក្នុងការ-បំពេញកាតព្វកិច្ចចំពោះអ្វីដែលបានឯកភាពគ្នានោះ ដោយសារផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចសកលឆ្នាំ ២០០៧-២០០៨ ហើយរហូតដល់ឆ្នាំ ២០១៤ បានធ្វើឱ្យអតុល្យភាពនេះកាន់តែធ្ងន់ធ្ងរឡើងហើយថែមទាំងបង្ហាញឱ្យឃើញពីសមត្ថភាពមិនស្មើគ្នាក្នុងចំណោមសម្ព័ន្ធមិត្តណាតូអឺរ៉ុប។
ប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសទាំង ៣ ប្រទេសនេះរួមគ្នា បានចំណាយប្រមាណ ៥០ ភាគរយនៃការចំណាយលើវិស័យការពារជាតិដោយសម្ព័ន្ធមិត្តមិនមែន អាមេរិក។
កាលកាន់អំណាច ក្នុងឆ្នាំ ២០២០ លោក ដូណាល់ ត្រាំ បានជំរុញឱ្យប្រទេសដទៃទៀតនៅក្នុងសម្ព័ន្ធមិត្តណាតូដំឡើងការចំណាយលើវិស័យការពារជាតិរហូតដល់ ៤ ភាគរយធៀបផលិតផលក្នុងស្រុកសរុប ប៉ុន្តែ នៅក្នុងឆ្នាំនោះដដែល មានតែប្រទេស១០ប៉ុណ្ណោះក្នុងសម្ព័ន្ធភាពណាតូ ដោយមិនរាប់បញ្ចូលសហរដ្ឋអាមេរិក បានចំណាយខ្ពស់ជាងទិសដៅនៃការចំណាយក្នុងវិស័យការពារជាតិចំនួន ២ ភាគរយនោះ។
ប្រទេសបារាំង និងន័រវែសក៏ទើបចំណាយខ្ពស់ជាងទិសដៅនោះកាលឆ្នាំ ២០១៩។ សហរដ្ឋអាមេរិកដែលជាមេសម្ព័ន្ធមិត្តនេះមានការចំណាយខ្ពស់ជាងគេក្នុងវិស័យការពារជាតិដែលមានរហូតដល់ជិត ៤ ភាគរយ។
យោងតាមណាតូ ចាប់តាំងពីរុស្ស៊ីបានភ្ជាប់ឧបទ្វីបគ្រីមាទៅក្នុងប្រទេសរបស់ខ្លួន សម្ព័ន្ធមិត្តណាតូអឺរ៉ុប ក៏បានប្រកាសបម្រុងថវិកាដែលរដ្ឋសមាជិកមិនបានបំពេញកាតព្វកិច្ចតាមការអនុម័តនោះ សម្រាប់ការចំណាយចាំបាច់៕