ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកតួកគីបានរាយការណ៍កាលពីថ្ងៃទី១៣ ខែកុម្ភៈថា ប៉ូលិសប្រឆាំងភេរវកម្មតួកគី បានចាប់ខ្លួនជនសង្ស័យថាជាសមាជិកក្រុមរដ្ឋអ៊ិស្លាមម្នាក់ ដែលកំពុងធ្វើការនៅរោងចក្រថាមពលនុយក្លេអ៊ែរ នាភាគខាងត្បូងនៃប្រទេសនេះ។
ទីភ្នាក់ងារព័ត៌មានតួកគី Iahls បានផ្សាយថា ជនសង្ស័យសមាជិកក្រុមរដ្ឋអ៊ិស្លាមគឺជាជនជាតិរុស្ស៊ី ហើយបានធ្វើការនៅរោងចក្រនុយក្លេអ៊ែរ Akkuyu ដែលគេកំពុងសាងសង់ ក្រោមឯកសារអត្តសញ្ញាណក្លែងក្លាយ។
រោងចក្រថាមពលនុយក្លេអ៊ែរតម្លៃ ២០ពាន់លានដុល្លារ កំពុងស្ថិតនៅក្រោមការសាងសង់នៅឡើយ ដោយក្រុមហ៊ុនថាមពលរដ្ឋរុស្ស៊ី Rosatom ក្នុងខេត្ត Mersin នៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់ប្រទេសតួកគី។ រោងចក្រនេះត្រូវបានសម្ពោធកាលពីខែមេសា ឆ្នាំមុន ហើយរំពឹងថានឹងចាប់ផ្ដើមផលិតអគ្គិសនីនៅឆ្នាំក្រោយ។
ជនសង្ស័យដែលអាជ្ញាធរតួកគីបានចាប់ខ្លួន ត្រូវបាននាំខ្លួនទៅកាន់តុលាការ ហើយធ្វើការឃុំខ្លួនជាបណ្ដោះអាសន្នដោយរង់ចាំការកាត់ទោស។ អាជ្ញាធរតួកគីមិនបានបញ្ចេញព័ត៌មានលម្អិតពីបុគ្គលដដែលទេ។
គេមើលឃើញថា ចំណាត់ការចាប់ខ្លួន កើតឡើង ខណៈតួកគីបង្កើនការពង្រឹងសន្តិសុខប្រឆាំងភេរកម្ម។ កាលពីខែមុន ជនសកម្មប្រយុទ្ធរបស់ក្រុមរដ្ឋអ៊ិស្លាម២នាក់ រងការចោទប្រកាន់ថាបានបាញ់សម្លាប់បុរសម្នាក់ នៅវិហារគ្រីស្ទ Roman Catholic Saint Maria ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
ជាមួយគ្នានេះ ជនសង្ស័យរាប់សិបនាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការវាយប្រហារនោះ រួមមានទាំងខ្មាន់កាំភ្លើង២នាក់ ដែលរងការចោទប្រកាន់ផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Ali Yerlikaya កាលពីសប្តាហ៍មុន បាននិយាយថា មនុស្ស ១៤៧ នាក់ដែលសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ិស្លាម ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសតួកគី មកទល់ពេលនេះ៕