ប្រទេសឥណ្ឌា និងអារ៉ាប់រួម នៅថ្ងៃទី១៤ ខែកុម្ភៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីច្រករបៀងពាណិជ្ជកម្ម ដែលមានគោលបំណងតភ្ជាប់អឺរ៉ុបជាមួយឥណ្ឌា ដោយប្រើផ្លូវតាមមជ្ឈិមបូព៌ាទាំងផ្លូវសមុទ្រ និងផ្លូវដែក។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលថា ផែនការច្រករបៀងពាណិជ្ជកម្មឆ្លងទ្វីបនេះ មានការគាំទ្រពីសហរដ្ឋអាមេរិក និងអឺរ៉ុប។
ការប្រកាសអំពីកិច្ចព្រមព្រៀងនៃ «ច្រករបៀងសេដ្ឋកិច្ចឥណ្ឌា-មជ្ឈិមបូព៌ា» ដែលសម្រេចឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ណារិនដ្រា មូឌី ទៅកាន់អារ៉ាប់រួមកាលពីថ្ងៃអង្គារ ត្រូវបានចេញផ្សាយក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា។
សេចក្ដីថ្លែងការណ៍ដដែល មិនបានបញ្ចេញព័ត៌មានលម្អិតច្រើននោះទេ ប៉ុន្តែថា៖«(កិច្ចព្រមព្រៀង)នេះនឹងពង្រឹងលើការយល់ដឹង និងកិច្ចសហប្រតិបត្តិការពីមុនៗលើបញ្ហានេះ ហើយជំរុញកិច្ចសហប្រតិបត្តិការឥណ្ឌា និងអារ៉ាប់រួម ក្នុងការបន្តការតភ្ជាប់ក្នុងតំបន់»។
ច្រករបៀងពាណិជ្ជកម្ម ដែលប្រកាសឡើងកាលពីខែកញ្ញា ឆ្នាំមុន នៅខាងក្រៅកិច្ចប្រជុំ G20 នាទីក្រុងញូវដេលី មានបំណងពង្រីកផ្លូវពាណិជ្ជកម្មពីប្រទេសឥណ្ឌាឆ្លងកាត់សមុទ្រអារ៉ាប់ ទៅកាន់អារ៉ាប់រួមហើយចូលទៅអារ៉ាប៊ីសាអូឌីត មុនពេលតភ្ជាប់តាមរយៈហ្សកដានី និងអ៊ីស្រាអែល ឆ្ពោះទៅកាន់អឺរ៉ុប។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា មិនបាននិយាយអំពីប្រទេសណាមួយក្រៅតែពីឥណ្ឌា និងអារ៉ាប់រួម ដែលបង្កើតទំនាក់ទំនងជាមួយគ្នាជាង ១ សតវត្សរ៍មកនេះ តាមរយៈពាណិជ្ជកម្ម នោះទេ។ ចំណែកឯក្រសួងការបរទេសអារ៉ាប់រួម ក៏មិនទាន់ចេញសេចក្ដីថ្លែងការណ៍យ៉ាងណាដែរជុំវិញកិច្ចព្រមព្រៀងនេះ។
លោក មូឌី បានជួបជាមួយប្រធានាធិបតីអារ៉ាប់រួម លោក Sheikh Mohamed bin Zayed al Nahyan ដែលមេដឹកនាំឥណ្ឌា ជារឿយៗចាត់ទុកថាដូចជាបងប្អូនប្រុស។
លោក Sheikh Mohamed បាននិយាយក្នុងកិច្ចប្រជុំជាមួយលោក មូឌី ថា៖«ឥឡូវនេះ តំបន់របស់យើងកំពុងឆ្លងកាត់ពេលវេលាដ៏លំបាកមួយ ប៉ុន្តែដោយសារតែទំនាក់ទំនងរបស់យើងជាមួយអ្នក យើងកំពុងបង្កើតក្តីសង្ឃឹមជាច្រើន និងទន្ទឹងរង់ចាំអនាគតជាមួយប្រទេសឥណ្ឌា ដែលស្មើនឹងមហិច្ឆតារបស់យើង»។
គេមើលឃើញថា កិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងប្រទេសឥណ្ឌា និងអារ៉ាប់រួម ហាក់ដូចជាបង្ហាញសញ្ញាថារដ្ឋទាំង២កំពុងជំរុញឆ្ពោះទៅមុខជាមួយនឹងផែនការបង្កើតច្រករបៀង ដែលអាចធ្វើឱ្យខូចដល់យុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មពិភពលោករបស់ចិន។
ក្រៅពីច្រករបៀងពាណិជ្ជកម្ម អារ៉ាប់រួម និងឥណ្ឌាក៏បានចុះហត្ថលេខាផងដែរ លើសន្ធិសញ្ញាវិនិយោគទ្វេភាគី និងផ្លាស់ប្តូរកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលគ្របដណ្តប់លើបណ្ដាញអគ្គិសនី ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕