អ្នកកាសែតថៃ ២ នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ពីបទរាយការណ៍អំពីសកម្មជនម្នាក់ ដែលបានបាញ់ថ្នាំគូសនិមិត្តសញ្ញាអនាធិបតេយ្យ ដើម្បីរិះគន់ច្បាប់ប្រឆាំងការប្រមាថព្រះមហាក្សត្រ នៅលើជញ្ជាំងប្រាសាទមួយនៅទីក្រុងបាងកកកាលពីជិតមួយឆ្នាំមុន។ យោងរ៉យទ័រដែលស្រង់ការអះអាងរបស់មន្ត្រីប៉ូលិសនិងមេធាវីរបស់ពួកគេ។
អ្នកកាសែតទីមួយមានឈ្មោះថា ណាតាផុល មេសុបហុន (Nattaphol Meksobhon) ដែលជាអ្នកយកព័ត៌មានមកពីបណ្តាញសារព័ត៌មានឯករាជ្យប្រាឆាថៃ (Prachatai)។
អ្នកកាសែតម្នាក់ទៀតមានឈ្មោះថា ណាតាផុន ផានផុងសាណុន (Nattaphon Phanphongsanon) ដែលជាអ្នកថតរូបឯករាជ្យ។ ពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ដោយរងការចោទប្រកាន់ពីបទសមគំនិតក្នុងការបំផ្លាញទីតាំងប្រវត្តិសាស្ត្រ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនេះបើយោងតាមក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស ដែលជាតំណាងរបស់ពួកគេ។
ការចោទប្រកាន់នេះបានធ្វើឡើង បន្ទាប់ពីអ្នកកាសែតទាំងពីរបានចុះផ្សាយព័ត៌មានរបស់ពួកគេកាលពីខែមីនាឆ្នាំមុន ដោយបានរាយការណ៍អំពីការបាញ់ថ្នាំគូសគំនូររបស់សកម្មជនសិទ្ធិមនុស្ស ដែលជារូបតំណាងអនាធិបតេយ្យ និងលេខ១១២ ដែលមានគំនូសខ្វែងពីលើ ស្ថិតនៅលើជញ្ជាំងប្រាសាទវត្តព្រះពុទ្ធអេម៉ឺរ៉ាល់ (Emerald)ស្ថិតក្នុងបរិវេណព្រះបរមរាជវាំងទីក្រុងបាងកក។
លេខ ១១២គឺសំដៅទៅលើច្បាប់ប្រឆាំងការប្រមាថព្រះមហាក្សត្ររបស់ថៃ ដែលជាច្បាប់ការពាររាជវង្សពីការរិះគន់។ អ្នកល្មើសនឹងច្បាប់នេះ អាចជាប់ពន្ធនាគារអតិបរមារហូតដល់ទៅ ១៥ ឆ្នាំ។ ការដាក់ទោសដ៏ធ្ងន់ធ្ងរនេះត្រូវបានក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិបានរិះគន់ថាជារឿងហួសហេតុ។
សកម្មភាពគូសគំនូរជីវចលត្រូវបានគេថតជាវីដេអូ និងផ្សព្វផ្សាយពាសពេញផ្ទៃប្រទេស។ និពន្ធនាយកសារព័ត៌មាន Prachatai លោក តេវ៉ារិត ម៉ានីឆៃ(Tewarit Maneechai)បានមានប្រសាសន៍ថា អ្នកកាសែតទាំងពីរនាក់បានចុះទៅយកព័ត៌មាន ដោយមិនបានដឹងជាមុនថា សកម្មជនរូបនោះនឹងគូសគំនូរលើជញ្ជាំងប្រាសាទនោះទេ។
លោក តេវ៉ារិត បាននិយាយថា "ពួកគេគ្រាន់តែធ្វើការងារតាមតួនាទីវិជ្ជាជីវៈរបស់ពួកគេក្នុងនាមជាអ្នកកាសែតតែប៉ុណ្ណោះ"។លោកវរសេនីយ៍ទោ ផាវ៉ាត វ៉ាតាស៊ូផាត (Phawat Wattasupat) អគ្គនាយករងស្នងការប៉ូលិសរាជវាំងបានប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រ(Reuters)ថា ប៉ូលិសមានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការចាប់ខ្លួននេះ។
លោក តេវ៉ារិត បាននិយាយថា សហការីរបស់គាត់មិនបានដឹងពីការចោទប្រកាន់នេះទេនៅមុនពេលចាប់ខ្លួន បើទោះបីជាដីកាបានចេញកាលពីខែឧសភាឆ្នាំមុនក៏ដោយ។ លោកបានថ្លែងថា៖«ការចាប់ខ្លួនពួកគេបានបង្កការភ័យខ្លាចដល់ការផ្សាយព័ត៌មានអំពីប្រធានបទរសើបផ្សេងទៀត»។
ដោយឡែក លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន (SretthaThavisin) បានលើកឡើងកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលមានយុត្តិធម៌ខ្លាំងណាស់ចំពោះសេរីភាពសារព័ត៌មាន ហើយថាវាជាការទទួលខុសត្រូវរបស់ប៉ូលិសក្នុងការសម្រេចទៅតាមភាពជាក់ស្ដែង និងសមស្រប។
លោក បានបញ្ជាក់ថា៖«អ្វីៗគ្រប់យ៉ាងគឺស្ថិតនៅលើច្បាប់ គ្មានការបៀតបៀនរំលោភបំពានអ្វីនោះទេ»។ តុលាការបានសម្រេចឱ្យអ្នកកាសែតទាំងពីរស្ថិតនៅក្រៅឃុំ ដោយត្រូវបង់ប្រាក់ធានាចំនួន ៣៥០០០ បាត (ស្មើនឹង ៩៨០ ដុល្លារសហរដ្ឋអាមេរិក) ក្នុងម្នាក់ បន្ទាប់ពីពួកគេបានជាប់ឃុំអស់រយៈពេលមួយយប់៕