បេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto និងអនុប្រធានាធិបតី លោក Gibran Rakabuming Raka ដែលជាកូនប្រុសច្បងរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក Joko Widodo កំពុងឈានទៅរកជ័យជំនះ ក្នុងការបោះឆ្នោត ជាមួយនឹងលទ្ធផលនាំមុខដាច់ឆ្ងាយលើគូប្រជែង ដោយផ្អែកលើ ៦០ ភាគរយនៃសន្លឹកឆ្នោតគំរូ ដែលត្រូវបានរាប់នៅថ្ងៃទី ១៤ ខែកុម្ភៈ។
យោងតាមការផ្សាយរបស់ The Straits Times ត្រឹមម៉ោងប្រហែល ៥៖៣០ ម៉ោងនៅសិង្ហបុរី (៤៖៣០ នាទីល្ងាចម៉ោងនៅប្រទេសកម្ពុជា) ទីភ្នាក់ងារបោះឆ្នោត Poltracking Indonesia បានរកឃើញសន្លឹកឆ្នោតគំាទ្របេក្ខជន Prabowo-Gibran ចំនួន ៥៩,៦៨ ភាគរយនៃសន្លឹកឆ្នោត ដោយផ្អែកលើ ២ភាគ៣នៃសន្លឹកឆ្នោតគំរូដែលបានរាប់។
អតីតអភិបាលក្រុងហ្សារកាតា លោក Anies Baswedan និងអ្នកនយោបាយជាន់ខ្ពស់ Muhaimin Iskandar ទទួលបានសំឡេងគាំទ្រ ២៣,៣៧ ភាគរយ ខណៈដែលអតីតអភិបាលខេត្ត Central Java លោក Ganjar Pranowo និងអតីតរដ្ឋមន្ត្រីច្បាប់ និងសន្តិសុខ Mahfud MD ទទួលបាន ១៦,៩៤ ភាគរយ។
នៅក្នុងការបង្ហាញពីទំនុកចិត្តលើលទ្ធផលដំបូង អនុប្រធានក្រុមយុទ្ធនាការបោះឆ្នោតរបស់ Prabowo-Gibran លោក Habiburokhman បានប្រាប់កាសែត The Straits Times ថា «នេះគឺជាជ័យជម្នះរបស់ប្រជាជនឥណ្ឌូនេស៊ី។ លទ្ធផល (នៃការរាប់រហ័ស) គឺខ្ពស់ជាងលទ្ធផលនៃការស្ទង់មតិមុនការបោះឆ្នោតប្រធានាធិបតី»។
លោក Habiburokhman បានបន្ថែមថា៖«នេះមានន័យថាប្រជាជនរបស់យើងចង់ឃើញការបន្ត ចំពោះសមិទ្ធិផលរបស់លោក Jokowi រហូតមកដល់ពេលនេះ ហើយប្រជាជនរបស់យើងជឿថាលោក Prabowo គឺជាអ្នកដែលអាចដឹកនាំបាន»៕