ប៉ូលិសរុស្ស៊ី បានដាក់នាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី ខាចា កាឡាស (Kaja Kallas) រដ្ឋមន្ត្រីក្រសួងវប្បធម៌ លីទុយអានី និងសមាជិកសភាចាស់របស់ឡេតូនី រាប់សិបនាក់ដែលប្រទេសទាំង ៣ នេះ ធ្លាប់ជារដ្ឋក្នុងសហភាពសូវៀត ទៅក្នុងបញ្ជីតាមចាប់ខ្លួន ចំពោះការបំផ្លាញទីកន្លែងរំឭកការចងចាំ ដែលបន្សល់ពីសម័យសូវៀត។ នេះយោងសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលស្រង់ព័ត៌មានពីក្រសួងមហាផ្ទៃរុស្ស៊ី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ (Dmitry Peskov) បានថ្លែងថា ការតាម ចាប់ខ្លួនលោកស្រី កាឡាស ធ្វើឡើងដោយសារតែនាយករដ្ឋមន្ត្រីអេស្តូនីរូបនេះ បានប្រមាថការចងចាំប្រវត្តិសាស្ត្រ។
ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បានផ្សាយថា បណ្ដាមន្ត្រីនៃប្រទេសបាល់ទិក ត្រូវបានចោទប្រកាន់ពីបទ «បំផ្លាញកន្លែងរំឭកការចងចាំដែលឧទ្ទិសទៅដល់ទាហានសូវៀត» ដែលនេះជាទង្វើត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ៥ ឆ្នាំ ក្រោមក្រមព្រហ្មទណ្ឌរុស្ស៊ី។
រាប់ចាប់តាំងពីរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំនៅចុងខែកុម្ភៈ ឆ្នាំ ២០២២ មក អេស្តូនី ឡេតូនី និងលីទុយអានី បានកម្ទេចវិមានរំឭកការចងចាំភាគច្រើនដែលបន្សល់ទុកពីសម័យសូវៀតក្នុងប្រទេសរបស់ខ្លួន រួមទាំងទីកន្លែងរំឭកការចងចាំដល់ទាហានសូវៀតដែលត្រូវបានសម្លាប់ក្នុងសង្គ្រាមលោកលើកទី ២ ផងដែរ។
ប្រទេសទាំង ៣ ធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់សហភាពសូវៀត ប៉ុន្តែបច្ចុប្បន្នជាសមាជិកនៃសហភាពអឺរ៉ុប និងអង្គការណាតូ ហើយចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនមក ប្រទេសទាំងនេះក្លាយជាអ្នកគាំទ្រអ៊ុយក្រែនយ៉ាងម៉ឺងម៉ាត់ហើយប្រឆាំងរិះគន់នឹងរុស្ស៊ីឥតសំចៃមាត់។
រដ្ឋាភិបាលនៃបណ្ដាប្រទេសបាល់ទិក ចាត់ទុកទីកន្លែងរំឭកការចងចាំទាំងនោះជាឧបករណ៍ឃោសនា ដែលសាងសង់ឡើងដោយអតីតអធិរាជជំនាន់ដើម។
លោកស្រី កាឡាស បានសរសេរនៅលើបណ្ដាញសង្គម X ថា៖«ឥឡូវនេះ វិមានក្រឹមឡាំងសង្ឃឹមថា សកម្មភាពរបស់ខ្លួននឹងធ្វើឱ្យខ្ញុំ និងអ្នកដទៃទៀតនៅស្ងាត់ ប៉ុន្តែវានឹងមិនអាចទេ។ ខ្ញុំនឹងបន្តការគាំទ្រដ៏រឹងមាំរបស់ខ្ញុំ ចំពោះអ៊ុយក្រែន។ ខ្ញុំនឹងបន្តឈរលើការបង្កើនការការពារអឺរ៉ុប»។
គ្រប់អ្នកនយោបាយនៃប្រទេសបាល់ទិកដែលជាប់ក្នុងបញ្ជីចាប់ខ្លួនរបស់រុស្ស៊ី នឹងត្រូវចាប់ខ្លួន ប្រសិនបើពួកគេឆ្លងចូលព្រំដែនរុស្ស៊ី នេះមានន័យថា ដីការបស់រុស្ស៊ីចូលជាធរមានតែក្នុងទឹកដីរបស់ខ្លួនប៉ុណ្ណោះ៕