ទោះបីរដ្ឋបាលប្រធានាធិបតី បានព្រមានថា នឹងមិនចុះហត្ថលេខាលើច្បាប់ថ្មី ដែលផ្តល់ជំនួយឱ្យតែសម្ព័ន្ធអ៊ីស្រាអែល ដោយមិនបានគិតគួរដល់ជំនួយអ៊ុយក្រែន និងកញ្ចប់ថវិកាសន្តិសុខដទៃទៀត ប្រធានសភាជាន់ទាបសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃទី ១៣ ខែកុម្ភៈបានអះអាងជាថ្មីថា គ្មានការបោះឆ្នោតគាំទ្រជំនួយថ្មី ទោះព្រឹទ្ធសភាបើកផ្លូវក៏ដោយ។
រដ្ឋបាលប្រធានាធិបតី ចូ បៃដិន(Joe Biden) ដែលជាអ្នកឧបត្ថម្ភគាំទ្រលេខ ១ ដល់រដ្ឋាភិបាលអ៊ុយក្រែន របស់លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក្នុងការធ្វើសង្គ្រាមតទល់ជាមួយមហាអំណាចនុយក្លេអ៊ែរ ផុតលេខ «រុស្ស៊ី» កាលខែតុលា ២០២៣ ធ្លាប់បានផ្តួចផ្តើមកញ្ចប់ជំនួយសង្គ្រាមសរុប ១០៥ ពាន់លានដុល្លារ សម្រាប់ទាំងអ៊ុយក្រែន អ៊ីស្រាអែល ការផលិតគ្រាប់បំពេញឃ្លាំងវិញ និងកិច្ចការសន្តិសុខ ប៉ុន្តែសេចក្តីព្រាងនោះត្រូវបានរារាំងដោយសភា។
ប៉ុន្តែកញ្ចប់ជំនួយយោធាសង្គ្រាមដ៏សម្បើមនោះត្រូវបានច្រានចោលដោយរដ្ឋសភាដែលដឹកនាំដោយ លោក Mike Johnson មកពីគណបក្សសាធារណរដ្ឋក្រោមឥទ្ធិពលនយោបាយរបស់ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី ១ អាណត្តិ និងដែលទំនងត្រូវបានតែងតាំងជាថ្មីសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា ចុងឆ្នាំនេះ។
ដើម្បីដោះស្រាយជំនួយដល់អ៊ុយក្រែន ព្រឹទ្ធសភាអាមេរិក បានតាក់តែងសេចក្តីព្រាងច្បាប់ជំនួយថ្មីទៀតដែលទម្លាក់ចំនួនទឹកប្រាក់មកនៅត្រឹម ៩៥ ពាន់លានដុល្លារវិញសម្រាប់ដោះស្រាយបញ្ហាសង្គ្រាម។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិនជាថ្មីម្តងទៀត បានអង្វរឱ្យសភាអាមេរិក អនុម័តច្បាប់ផ្តល់ជំនួយសង្គ្រាមសម្រាប់ប្រទេសអ៊ុយក្រែន ដែលជំនួយនោះមានសារៈសំខាន់សម្រាប់ការក្រោកឈរឡើងប្រឆាំងមេដឹកនាំផ្តាច់ការរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)។
តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ប្រធានសភាអាមេរិក លោក Mike Johnson ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងលោក ដូណាល់ ត្រាំ ដែលទំនងក្លាយជាគូប្រជែងរបស់ប្រធានាធិបតី លោក បៃដិន នៅក្នុងការបោះឆ្នោតខែវិច្ឆិកា បានប្រាប់អ្នកសារព័ត៌មានថា លោកគ្មានចេតនាសូម្បីតែអនុញ្ញាតឱ្យមានការបោះឆ្នោតលើសេចក្តីព្រាងច្បាប់ចុងក្រោយនេះ។ លោក Mike Johnson ត្រូវបានស្រង់សម្តីដូចបាននិយាយថា៖«ប្រាកដណាស់ ខ្ញុំមិនធ្វើទេ!»។
ក្រោយការជាប់គាំងច្រើនលើកច្រើនសាក្នុងការទម្លាក់ជំនួយយោធាទៅឱ្យអ៊ុយក្រែន ចាប់តាំងពីចុងឆ្នាំ ២០២៣ មក ព្រឹទ្ធសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យរបស់លោក ចូ បៃដិន បានតាក់តែង និងអនុម័តសេចក្តីព្រាងច្បាប់ថ្មីមួយនៅថ្ងៃទី ១៣ ខែកុម្ភៈ។ សេចក្តីព្រាងច្បាប់នោះរួមបញ្ចូលទាំងការផ្តល់មូលនិធិចំនួន ៩៥ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់សន្តិសុខរបស់អ៊ុយក្រែន និងអាទិភាពទៅលើបញ្ហាសន្តិសុខនៅអ៊ីស្រាអែល និងតៃវ៉ាន់។
ក្រោយព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់នោះ ថ្លែងចេញពីសេតវិមាន លោក ចូ បៃដិន បាននិយាយថា ការជួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងជាពិសេសការរកជំនួយពីអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនតស៊ូដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីរយៈពេល ២ ឆ្នាំ គឺជាការទទួលខុសត្រូវជាមូលដ្ឋាន។
លោក បៃដិន បានថ្លែងតាមទូរទស្សន៍នូវឃ្លាដដែលៗចំនួន ៥ ដងនៅក្នុងសុន្ទរកថាថា៖«ប្រវត្តិសាស្ត្រកំពុងមើល» ដោយបន្ថែមថា៖«ការគាំទ្រសេចក្តីព្រាងច្បាប់នេះគឺក្រោកឡើងប្រឆាំង លោកពូទីន។ ការប្រឆាំងសេចក្តីព្រាងច្បាប់នេះកំពុងលេងក្នុងដៃរបស់ពូទីន»៕