របបយោធាមីយ៉ាន់ម៉ា ដែលកំពុងកាន់អំណាចតាមរយៈរដ្ឋប្រហារ កាលខែកុម្ភៈ ឆ្នាំ២០២១ គ្រោងនឹងអនុវត្តច្បាប់ស្ដីពីកាតព្វបម្រើយោធាចាប់ពីខែមេសា ខាងមុខនេះតទៅ ហើយថែមទាំងតម្រូវឱ្យបុគ្គលិកយោធា ដែលចូលនិវត្តន៍ បម្រើការឡើងវិញផងដែរ។ នេះបើតាមការរាយការណ៍បន្ត របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ។
អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បានប្រាប់បណ្ដាញព័ត៌មាន BBC ផ្សាយជាភាសាភូមាថា ៖«យើងកំពុងធ្វើការដើម្បីអនុវត្តការចុះឈ្មោះចូលធ្វើទាហាន បន្ទាប់ពីថ្ងៃឈប់សម្រាកឆ្នាំថ្មីនៅក្នុងខែមេសា»។ លោកបន្តថា ការពិនិត្យសុខភាពនឹងត្រូវធ្វើឡើង ហើយការទទួលមនុស្សជាក្រុមម្ដងៗ នឹងមានចំនួនប្រហែល ៥ ០០០ នាក់។
កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន របបយោធាមីយ៉ាន់ម៉ាបានប្រកាសថា ច្បាប់គ្រប់គ្រងកាតព្វកិច្ចបម្រើយោធានឹងត្រូវអនុវត្តសម្រាប់បុរសអាយុពី ១៨ ទៅ ៣៥ ឆ្នាំ និងស្រ្តីអាយុចន្លោះពី១៨ ដល់ ២៧ឆ្នាំ ដោយពួកគេត្រូវចូលធ្វើយោធាយ៉ាងហោចណាស់ ២ឆ្នាំ។
ការអនុវត្តនេះ នឹងធ្វើឡើងស្របពេលដែលយោធាមីយ៉ាន់ម៉ា មានភាពត្រដាបត្រដួសក្នុងការបង្រ្កាបកងកម្លាំងចលនាតស៊ូប្រដាប់អាវុធ ដែលងើបឡើងប្រឆាំងនឹងរបបយោធា។ បច្ចុប្បន្ន មីយ៉ាន់ម៉ា កំពុងបន្តស្ថិតក្នុងភាពចលាចល ដែលបង្កឡើងក្រោយរដ្ឋប្រហារឆ្នាំ ២០២១ ហើយផែនការរើសមនុស្សបម្រើទាហានជាកាតព្វកិច្ចបែបនេះ បង្ហាញថា របបយោធាកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង។
ច្បាប់ស្តីពីកាតព្វកិច្ចបម្រើយោធា ដែលត្រូវបានដាក់ឱ្យប្រើក្នុងឆ្នាំ ២០១០ ប៉ុន្តែមិនដែលត្រូវបានអនុវត្តឡើយ។ ច្បាប់នេះនិយាយថា អ្នកដែលមិនគោរពតាមកាតព្វកិច្ចចូលបម្រើទាហានប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ។
ទន្ទឹមនឹងកាតព្វបម្រើយោធា ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានផ្សាយដោយស្រង់សម្ដីរបស់លោក Zaw Min Tun ដែលនិយាយ ថា សមាជិកកងកម្លាំងសន្តិសុខចូលនិវត្តន៍ «ចាំបាច់» ដែលលែងបម្រើការងាររយៈពេល ៥ ឆ្នាំ កន្លងមកនេះ ក៏នឹងត្រូវត្រឡប់ទៅចូលបម្រើទ័ពវិញផងដែរ៕