រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសហ្វីលីពីនបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចរចាស្ដីពីក្រមប្រតិបត្តិរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀត ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នានៅក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក Enrique ក៏បាននិយាយទៀតថា ភាពតានតឹងនៅសមុទ្រចិនខាងត្បូង មិនមែនសុទ្ធតែជាបញ្ហាអំពីការប្រជែងគ្នារវាងប្រទេសមហាអំណាច ដែលមានសហរដ្ឋអាមេរិក និងចិននោះទេ ហើយហ្វីលីពីន និងប្រទេសដទៃទៀតក៏មានសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ត្រូវរក្សាផងដែរ។
លោកបានប្រាប់អ្នកយកព័ត៌មានថា ការនិយាយភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដោយសារតែការប្រកួតប្រជែងរវាងប្រទេសមហាអំណាច នឹងមិនល្អ ដើម្បីឱ្យគេយល់ដឹងអំពីស្ថានភាពពិត ដោយឥតលាក់លៀមនោះទេ ប៉ុន្តែ «វាបិទបាំងការវិនិច្ឆ័យដ៏ល្អ សកម្មភាពដែលខុសច្បាប់យ៉ាងច្បាស់នៅក្នុងច្បាប់អន្តរជាតិហើយការប្រឆាំងនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ជួនកាលត្រូវបានគេពន្យល់ធ្វើឱ្យមើលទៅសមហេតុផល ក្រោមលេសនៃការប្រកួតប្រជែងគ្នាទៅវិញទេ»។
ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន ក៏បានសម្តែងការព្រួយបារម្ភអំពីភាពតានតឹងក្នុងតំបន់ជុំវិញកោះតៃវ៉ាន់ និងបានជំរុញឱ្យភាគីទាំងអស់រក្សាទំនាក់ទំនងដោយផ្ទាល់។
គំនិតនៃក្រមប្រតិបត្តិលើបញ្ហានៅសមុទ្រចិនខាងត្បូង ត្រូវបានលេចចេញឡើងតាំងពីជាង ២ ទសវត្សរ៍មុន ប៉ុន្តែភាគីប្រទេសនានា ទើបតែប្តេជ្ញាចិត្តដើម្បីចាប់ផ្តើមដំណើរការវានៅឆ្នាំ ២០១៧ ប៉ុណ្ណោះ។ លើសពីនេះទៀតសោតវាក៏មានការវិវឌ្ឍន៍តិចតួចស្ដីពីក្រមមួយនេះ ដោយសារតែការចរចាលើខ្លឹមសារនៃក្រម មិនទាន់ឈានទៅមុខនៅឡើយ។
បញ្ហានេះមានភាពរសើបខ្លាំង ដោយប្រទេសជិតខាងផ្សេងៗរបស់ចិនចង់ផ្អែកវាលើក្រមច្បាប់អន្តរជាតិខណៈចិនរងការចោទប្រកាន់ម្ដងហើយម្ដងទៀតថា មិនយកចិត្តទុកដាក់ទាំងបន្តទទូចអះអាងថា ដែនទឹកសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូលជាកម្មសិទ្ធិរបស់ខ្លួន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហានៅតែបន្តតានតឹង ដោយហ្វីលីពីន និងចិន តែងតែប៉ះទង្គិច ហើយទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមក អំពីការឈ្លានពានចូលដែនទឹកជម្លោះ ដែលភាគីទាំង២អះអាងយករៀងៗខ្លួន៕