ក្រុម​អាជ្ញាធរ​របស់​ប្រទេស​ឥណ្ឌា​ កាលពី​ថ្ងៃទី១៤ កុម្ភៈ​ បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដា​ក់​ក្រុម​កសិករ​ ដែល​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដំឡើងថ្លៃ​លើ​ដំណាំ​កសិផល​ដែល​ពួកគេ​ផលិត​បាន។

ខណៈដែល​ការ​បាតុកម្ម​បាន​ឈាន​ចូលដល់​ថ្ងៃទី២ ក្រុម​កសិករ​រាប់ពាន់នាក់ ​បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ញូវដែលី​ ដើម្បី​បន្ត​ការតវ៉ា​ក្រោយ​បរាជ័យ​ក្នុង​ការចរចា​ជាមួយ​រដ្ឋាភិបាល។ ធ្វើដំណើរ​ដោយ​ឡាន​ដឹកទំនិញធំៗដោយមាន​ទាំង​រ៉ឺម៉ក​ដឹក​កសិផល​របស់​ពួកគេ​ផង​នោះ​ក្បួន​បាតុកម្ម​ត្រូវបាន​ជាប់គាំង​នៅតាម​ផ្លូវ​ដោយសារតែ​ការបង្ក្រាប​របស់​អាជ្ញាធ​រ។

មិន​ត្រឹមតែ​បង្ក្រាប​នៅ​ទីតាំង​ក្បួន​ប៉ុណ្ណោះ​ទេ​តែ​អាជ្ញាធរ​ ក៏បាន​រៀបចំ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​នៅតាម​តំបន់​ជាប់​ព្រំដែន​ទីក្រុង​ញូវដែលី​ដោយ​ដាក់ពង្រាយ​មន្ត្រីប៉ូលិស​រា​ប់​រយ​នាក់​ពង្រាយ​​បន្លា​លួស​និង​ដាក់​កុងតឺន័រ​សម្រាប់ធ្វើ​ជា​រនាំង​បាំង​ផ្លូវ​ដែល​ក្បួន​នឹងត្រូវ​ធ្វើដំណើរ​ផងដែរ។

យ៉ាងណាមិញ​កងកម្លាំង​សន្តិសុខ​បាន​បញ្ឈប់​កសិករ​នៅត្រង់ចំណុច​ព្រំដែន Shambhu ជា​រដ្ឋ​ភាគ​ខាងជើង​ដែលមាន​ប្រជាជន​ភាគច្រើន​ជា​កសិករ ហើយ​ដែលមាន​ចម្ងាយ​ប្រមាណ​ជាង២០០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​គោលដៅ​របស់​ក្រុមបាតុករ​គឺ​ទីក្រុង​ញូវដែលី។

នៅក្នុង​អំឡុងពេល​នៃ​ការបញ្ឈប់​ក្រុមបាតុករ​ទាំងនោះ​អគ្គស្នងការ​រដ្ឋ Haryana គឺ​លោក​ShatrujeetKapurបាន​និយាយថា​ក្រុមបាតុករ​បាន​គប់​ដុំថ្ម​និង​ព្យាយាម​ទម្លុះ​របាំង​ការពារ។

លោក​បាន​និយាយទៀតថា៖«ប៉ូលិស​និង​កងកម្លាំង​ទាហាន​បានសម្រេច​ចិត្ត​ក្នុង​ការតបត​ដោយ​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​បាញ់​ទឹក​ដាក់​ក្រុមបាតុករ​ដើម្បី​រក្សា​ស្ថានភាព​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រង»។

កងកម្លាំង​សន្តិសុខ​ក៏​ថែមទាំង​បាន​ប្រើប្រាស់​ដ្រូ​ន​ ដើម្បី​ទម្លាក់​កំប៉ុង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​ក្រុម​កសិករ​ដែលជា​ការឆ្លើយ​តប​ក្រុម​កសិករ​នាំគ្នា​គប់​សម្ភារផ្សេងៗទៅកាន់​ដ្រូ​ន​ទាំងនោះ​វិញ។

បើទោះបីជា​មានការ​បង្ក្រាប​ទប់ទល់​យ៉ាង​ចាស់ដៃ​ពី​អាជ្ញាធរ​យ៉ាងនេះ​ក្ដី ក្រុម​កសិករ​នៅតែ​ប្ដេជ្ញា​ក្នុង​ការធ្វើសកម្មភាព​ត​វ៉ា​បន្តទៀត​ប្រឆាំងនឹង​ក្រុមប៉ូលិស ​ដែល​បិទផ្លូវ​នាំឱ្យ​រំខាន​ដល់​ក្បួន​របស់​ពួកគេ​ឆ្ពោះទៅកាន់​ក្រុង​ញូវដែលី។នៅក្នុង​ក្បូន​បាតុកម្ម​ក្រុម​កសិករ​បាន​ស្រែក​លឺៗ​ថា៖«ពួកយើង​មិន​ជឿ​សន្យា​ខ្យល់​របស់​រដ្ឋាភិបាល​ទៀត​ទេ»។

ការបាត់បង់​ទំនុកចិត្ត​របស់​ក្រុម​កសិករ​នាពេល​នេះដែរ​កើតឡើង​បន្ទាប់ពី​បាតុកម្ម​ស្រដៀង​​គ្នា​នេះ​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំ២០២១ដែល​កាលនោះ​លោកនាយក​រដ្ឋមន្ត្រី​ Narendra Modi បាន​សន្យាថា​នឹងដាក់​ចេញ​នូវ​គោលនយោបាយ​ថ្មី​ដើម្បី​បន្ថែម​តម្លៃ​លើ​កសិផល។

ប៉ុន្តែ​យ៉ាងណា​ក្រុម​កសិករ​អះអាងថា ​រដ្ឋាភិបាល​មាន​ភាពយឺតយ៉ាវ​ ក្នុងការ​សម្រេចបាន​តាម​អ្វីដែល​ធ្លាប់​សន្យា​ជាមួយ​ប្រជាកសិករ។ដូច្នេះហើយ​បាតុកម្ម​លើក​នេះ​ ក្រុម​កសិករ​ទាំងនោះ ​បា​នស​ង្ក​ត់​ធ្ងន់​ថា៖«កាលពី​ជាង ២ ឆ្នាំ មុន​រដ្ឋាភិបាល​បាន​បោកប្រាស់​ទំនុកចិត្ត​ពួកយើង​ ប៉ុន្តែ​លើក​នេះ ​យើង​នឹងមិន​ចាញ់កល​របស់​ពួកគេ​ទៀត​ទេ​ហើយ​យើង​នឹងមិន​ត្រឡប់ទៅផ្ទះ​ដាច់ខាត​លុះត្រាតែ​រដ្ឋាភិបាល​ទទួល​យក​សំណើ​របស់​ពួកយើង»។

​បាតុកម្ម​នេះ​ធ្វើឡើង ១ ខែ​មុន​ ការបោះឆ្នោតជាតិ​របស់​ឥណ្ឌា ​ខណៈដែល​លោកនាយក​រដ្ឋមន្ត្រី​ Narendra Modi កំពុង​ព្យាយាម​ឃោសនា ​ដើម្បី​បន្ត​តំណែង​របស់ខ្លួន​ក្នុង​អាណត្តិ​ទី៣បន្តទៀត។ ដូច្នេះហើយ បើ​ដើម្បី​សំឡេងឆ្នោត​លោក​ Narendra Modi ទំនងជា​អាច​ពិចារណា​ក្នុងការ​សម្រេច​បំណង​របស់​ក្រុម​កសិករ៕