លោក Eric Adams អភិបាលក្រុងញូវយ៉ក បាននិយាយក្នុងថ្ងៃនៃទិវានៃក្តីស្រឡាញ់ថ្ងៃទី១៤ ខែកុម្ភៈ ថា រដ្ឋបាលរបស់លោកបានដាក់ពាក្យប្តឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំង Facebook និង Instagram របស់ក្រុមហ៊ុន Meta ពីបទ«បង្កើតវិបត្តិសុខភាពផ្លូវចិត្ត»ក្នុងចំណោមយុវជន។ យោងតាមសារព័ត៌មានរ៉យទ័រ។
ពាក្យបណ្ដឹងដែលត្រូវបានដាក់នៅតុលាការកំពូលក្នុងរដ្ឋកាលីហ្វ័រនីញ៉ាក៏បានរួមបញ្ចូលបណ្ដាញផ្សព្វផ្សាយវីដេអូ «YouTube»របស់ក្រុមហ៊ុន Alphabet បណ្តាញផ្សព្វផ្សាយ Snapchat របស់ ក្រុមហ៊ុន Snap Inc និង បណ្តាញផ្សព្វផ្សាយរូបភាពវីដេអូ «TikTok» របស់ក្រុមហ៊ុន ByteDance ផងដែរ។
ពាក្យបណ្តឹងនោះបានចោទប្រកាន់ក្រុមហ៊ុនពហុជាតិទាំងនោះ ថាបានរចនាកម្មវិធីផ្សព្វផ្សាយរបស់ពួកគេដោយចេតនាដើម្បី«រៀបចំទាក់ទាញប្រកបដោយបំណងនិងធ្វើឱ្យកុមារនិងក្មេងជំទង់ញៀនញ៉ាម ទៅក្នុងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម»។
ក្រុមហ៊ុន Meta, TikTokនិង YouTube ប្រឈមមុខនឹងបណ្តឹងរាប់រយដែលប្តឹងក្នុងនាមកុមារ និងសាលាតាមស្រុកជុំវិញការញៀនប្រព័ន្ធផ្សព្វផ្សាយសង្គម។
លោក Adams បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ យើងបានឃើញពីរបៀបដែលពិភពអនឡាញ អាចញៀននិងលើសលប់ ធ្វើឱ្យកូនៗរបស់យើងអូសមើលនូវមាតិកាដែលបង្កគ្រោះថ្នាក់ដោយមិនឈប់ឈរ និងជំរុញឱ្យមានវិបត្តិសុខភាពផ្លូវចិត្តរបស់យុវជនជាតិរបស់យើង»។
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមបានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង នៅពេលដែលនិយតករជំរុញពួកគេឱ្យការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់។
កាលពីខែមករា នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានសុំទោសក្រុមគ្រួសារនៅឯសវនាការសួរដេញដោលនៅព្រឹទ្ធសភាសហរដ្ឋអាមេរិកអំពីផលប៉ះពាល់ដែលប្រព័ន្ធផ្សព្វផ្សាយសង្គមមានលើកុមារ។
អ្នកនាំពាក្យ Meta បាននិយាយថា ក្រុមហ៊ុនចង់ឱ្យមនុស្សវ័យជំទង់មើលអនឡាញ មានសុវត្ថិភាពដែលសមស្របតាមអាយុខណៈពេលដែល TikTok បាននិយាយថា ខ្លួននឹងបន្តធ្វើការដើម្បីរក្សាសហគមន៍ឱ្យមានសុវត្ថិភាពដោយដោះស្រាយបញ្ហាប្រឈមទូទាំងឧស្សាហកម្ម។
អ្នកនាំពាក្យរបស់ Google លោក Jose Castaneda បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា៖«យើងបានកសាងសេវាកម្ម និងគោលនយោបាយដើម្បីផ្តល់ឱ្យយុវជននូវបទពិសោធន៍សមស្របតាមអាយុ និងការគ្រប់គ្រងដ៏រឹងមាំរបស់ឪពុកម្តាយ។ ការចោទប្រកាន់នៅក្នុងពាក្យបណ្តឹងនេះគឺមិនពិតទេ»៕