ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធ ទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ បាននិយាយថាអ្នកវិទ្យាសាស្ត្ររុស្ស៊ីខិតកៀកទៅនឹងការបង្កើតវ៉ាក់សាំងសម្រាប់ជំងឺមហារីក ដែលអាចនឹងប្រើប្រាស់បានដល់អ្នកជំងឺក្នុងពេលឆាប់ៗខាងមុខ។
ថ្លែងនៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ លោក ពូទីន បានឱ្យដឹងថា រុស្សី បានខិតជិតដល់ការបង្កើតនូវអ្វីដែលហៅថា វ៉ាក់សាំងមហារីក និងថ្នាំ immunomodulatory ជំនាន់ថ្មីហើយ។ យ៉ាងណាស្របពេលជាមួយគ្នានោះ លោក ពូទីន មិនបានបញ្ជាក់នៅឡើយទេថា វាជាវ៉ាក់សាំងគោលដៅ សម្រាប់មហារីកប្រភេទណា ឬត្រូវប្រើប្រាស់ដោយរបៀបណានោះទេ។
ក្នុងវេទិកាទីក្រុងម៉ូស្គូ ស្តីពីបច្ចេកវិទ្យា នាពេលអនាគតប្រធានាធិបតីរូបនេះ បានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថាឆាប់ៗនេះឱសថទាំងនេះ នឹងត្រូវបានប្រើយ៉ាងមានប្រសិទ្ធភាព ដែលជាវិធីសាស្ត្រនៃការព្យាបាលបុគ្គល» ។
ប្រទេស និងក្រុមហ៊ុនជាច្រើនបាន និងកំពុងធ្វើការលើការបង្កើតវ៉ាក់សាំងការពារមហារីកនាពេលបច្ចុប្បន្ននេះ។ កាលពីឆ្នាំមុនរដ្ឋាភិបាលចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន BioNTech ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ ដើម្បីចាប់ផ្តើមការសាកល្បងព្យាបាលដោយផ្តល់នូវ «ការព្យាបាលជំងឺមហារីកផ្ទាល់ខ្លួន» ក្នុងគោលដៅព្យាបាលអ្នកជំងឺក្នុងរង្វង់ ១ ម៉ឺននាក់ នៅឆ្នាំ ២០៣0។
ជាមួយគ្នានេះ ក្រុមហ៊ុនឱសថ Moderna និង Merck & Co ក៏កំពុងពិសោធបង្កើតវ៉ាក់សាំងមហារីកដោយពាក់កណ្តាលដំណាក់កាលនៃការសិក្សាបង្ហាញថា វាបានកាត់បន្ថយឱកាសនៃការកើតឡើងវិញនៃមហារីកឬការស្លាប់ដោយសារជំងឺមហារីកស្បែកដែលជាមហារីកស្បែកគ្រោះថ្នាក់ខ្លាំងបំផុត។
បច្ចុប្បន្ននេះមានវ៉ាក់សាំង ដែលមានអាជ្ញាប័ណ្ណចំនួន ៦ ប្រឆាំង នឹងមេរោគ papillomaviruses របស់មនុស្ស (HPV) ដែលបណ្តាលឱ្យមានជំងឺមហារីកជាច្រើនរួមទាំងមហារីកមាត់ស្បូន ក៏ដូចជាវ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកថ្លើមប្រភេទ B (HBV) ដែលអាចនាំឱ្យកើតមហារីកថ្លើម។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។
ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីត ១៩ ប្រទេសរុស្ស៊ី បានបង្កើតវ៉ាក់សាំង Sputnik V ផ្ទាល់ខ្លួន ហើយបានលក់វាទៅឱ្យប្រទេសមួយចំនួន បើទោះបីជាប្រជាជនរបស់គេនៅក្នុងប្រទេសមួយចំនួន បានប្រឆាំង ឬស្ទាក់ស្ទើរក្នុងការទទួលយកវ៉ាក់សាំងក៏ដោយ៕