សន្និសីទសន្តិសុខប្រចាំឆ្នាំនៅទីក្រុងមុយនិច (Munich) ប្រទេសអាល្លឺម៉ង់នឹងបើកប្រជុំនៅ ថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ដោយមានវត្តមានថ្នាក់ដឹកនាំសំខាន់ៗមកពីជុំវិញពិភពលោកប្រមាណ ៤៥០ នាក់ រួមទាំងវត្តមានរបស់អនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស (Kamala Harris) និងរដ្ឋមន្ត្រីការបរទេសលោក អាន់តូនី ប្ល៊ីនកែន (Antony Blinken) ផងដែរ។
វត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ទាំង ២ របស់សហរដ្ឋអាមេរិកក្នុងពេលតែមួយនេះ ត្រូវគេមើលឃើញថា អ្នកទាំង ២ ប្រឈមមុខនឹងការងារដ៏លំបាកមួយក្នុងការធានាឡើងវិញចំពោះសម្ព័ន្ធមិត្តអឺរ៉ុបក៏ដូចជាសម្ព័ន្ធមិត្តផ្សេងៗទៀតនៅជុំវិញពិភពលោកដែលថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាការពារសន្តិសុខរបស់ពួកគេ ក្រោយការបរិហាររបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំដែលញាំងឱ្យមហាអំណាចនៅអឺរ៉ុបខឹង។
លោក ដូណាល់ ត្រាំ កាលពីចុងសប្តាហ៍កន្លងទៅ បានថ្លែងក្នុងការលួងចិត្តអ្នកគាំទ្រនៅសហរដ្ឋអាមេរិក បាននិយាយបរិហារមិនការពារសមាជិកនៃអង្គការណាតូអឺរ៉ុបណាដែលមិនផ្តល់មូលនិធិសម្រាប់ការពារជាតិគ្រប់គ្រាន់ ដោយទុកលទ្ធភាពឱ្យមហាអំណាចនុយក្លេអ៊ែរផុតលេខរុស្ស៊ីឈ្លានពាន។
លោកស្រី ហារីស និងលោក ប្ល៊ីនកែន ចូលរួមប្រជុំស្តីពីសន្តិសុខប្រចាំឆ្នាំនៅអឺរ៉ុបចាប់ផ្តើមពីថ្ងៃសុក្រ ទី ១៦ នេះ រហូតដល់ថ្ងៃអាទិត្យ ទី ១៨ គឺមានរយៈពេល ១ សប្តាហ៍បន្ទាប់ពី ត្រាំ ដែលជាអ្នកនាំមុខសម្រាប់ការតែងតាំងប្រធានាធិបតីនៃសាធារណរដ្ឋ បាននិយាយថាគាត់នឹងមិនការពារសម្ព័ន្ធមិត្តណាតូដែលមិនចំណាយគ្រប់គ្រាន់លើវិស័យការពារជាតិ។
ការនិយាយរបស់លោក ត្រាំ បានធ្វើឱ្យមេដឹកនាំនៃប្រទេសតំបន់អឺរ៉ុបធំៗចំនួន ៣ មាន បារាំង អាល្លឺ ម៉ង់ និងប៉ូឡូញ ចេញប្រតិកម្មឆ្លើយ តបភ្លាមៗថា ពួកគេនឹងធ្វើឱ្យសន្តិសុខអឺរ៉ុបកាន់តែខ្លាំងជាងមុន។
តាមសេចក្តីរាយការណ៍របស់រ៉យទ័រ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនកែន បានរំលងមិនចូលការប្រជុំសន្និសីទប្រចាំឆ្នាំក្នុងប៉ុន្មានឆ្នាំថ្មីៗប៉ុន្តែលើកនេះលោកបានសម្រេចចិត្តទៅចូលរួមក្នុងពេល ដែលសម្ព័ន្ធមិត្តមានភាពរកាំរកូស។
រ៉យទ័រក៏បានរាយការណ៍ដែរថា អនុប្រធានាធីបតីអាមេរិក កាម៉ាឡា ហារីស ចូលរួមនៅថ្ងៃសុក្រនេះដើម្បីថ្លែងសុន្ទរកថាដ៏សំខាន់មួយស្តីពី «សារៈសំខាន់នៃការបំពេញតួនាទីរបស់សហរដ្ឋអាមេរិកនៃភាពជាអ្នកដឹកនាំពិភពលោក» មុនពេលជួប ជាមួយសមាជិកសភាសហរដ្ឋអាមេរិក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskiy) និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz។
សន្និសីទនេះកើតឡើងនៅពេលដែលជម្លោះរវាងរុស្ស៊ី និងលោកខាងលិចបាននាំមកនូវសង្គ្រាមដល់ទ្វីបមួយដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការព្យាយាមបង្កើតសន្តិភាពដែលស្ថិតនៅក្រោមការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធសន្តិសុខរបស់អង្គការណាតូដែលលោកត្រាំបានគំរាមកំហែង។
ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារបានអនុម័តកញ្ចប់ជំនួយយោធាចំនួន ៩៥,៣៤ ពាន់លានដុល្លារដែលក្នុងនោះ ៦០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែននិងក្រៅពីនោះសម្រាប់សម្ព័ន្ធមិត្តដូចជាអ៊ីស្រាអែល និងតៃវ៉ាន់។
ប៉ុន្តែសេចក្តីព្រាងជំនួយយោធាដ៏ច្រើននោះទំនងមិនត្រូវបានដាក់សម្រាប់ការបោះឆ្នោតនៅក្នុងសភាតំណាងរាស្ត្រដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋដោយសារតែការប្រឆាំងរបស់លោក ដូណាល់ ត្រាំ។
រហូតមកដល់ពេលនេះជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែននៅតែជាប់គាំង ដោយសារជម្លោះនយោបាយផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក ហើយអឺរ៉ុបទម្លាក់ជំនួយ ៥០ ពាន់លានអឺរ៉ូដល់ឆ្នាំ ២០២៧ សម្រាប់សេវាសង្គមប៉ុណ្ណោះ៕