សហរដ្ឋអាមេរិកបានព្រមានប្រាប់សភា និងសម្ព័ន្ធមិត្តនៅអឺរ៉ុបរបស់ខ្លួន អំពីព័ត៌មានស៊ើបការណ៍សម្ងាត់ថ្មីមួយទាក់ទងនឹងសមត្ថភាពធនធាននុយក្លេអ៊ែរ និងអវកាសរបស់រុស្ស៊ីថា អាចបង្កការគំរាមកំហែងជាអន្តរជាតិ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ស្រង់សម្ដីពីប្រភពដែលបានដឹងពីបញ្ហានេះ។
ប្រភពមិនបញ្ចេញឈ្មោះដដែលបាននិយាយថា សមត្ថភាពថ្មីដែលទាក់ទងនឹងការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការអភិវឌ្ឍអាវុធលើអាកាស មិនបង្កការគំរាមកំហែងភ្លាមៗដល់សហរដ្ឋអាមេរិកទេ។
ព័ត៌មានស៊ើបការណ៍សម្ងាត់នេះ ត្រូវបានលើកយកមកពិភាក្សាឡើង ក្រោយសមាជិកសភាតំណាងរាស្ត្រ លោក Mike Turner ដែលជាប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភាតំណាងរាស្ត្រអាមេរិកមកពីបក្សសាធារណរដ្ឋ បានចេញសេចក្តីថ្លែងការណ៍មិនប្រក្រតីមួយកាលពីថ្ងៃពុធ ដោយព្រមានអំពី «ការគំរាមកំហែងសន្តិសុខជាតិធ្ងន់ធ្ងរ»។
រ៉យទ័របានរាយការណ៍ថា បន្ទាប់ពីនោះមក ប្រភពផ្សេងៗគ្នា បាននិយាយថា ការព្រមានរបស់លោក Turner គឺទាក់ទងនឹងសមត្ថភាពធនធានរបស់រុស្ស៊ីក្នុងអវកាសនិងទាក់ទងទៅនឹងផ្កាយរណប។ យ៉ាងណាមិញ ប្រភពមួយក្នុងចំណោមនោះ បានអះអាងថា បញ្ហានេះគឺធ្ងន់ធ្ងរ ប៉ុន្តែវាមិនទាក់ទងនឹងធនធានសកម្ម ឬក៏មិនគួរជាមូលហេតុធ្វើឱ្យមានការភ័យស្លន់ស្លោឡើយ។
ក្នុងការព្រមានរបស់ខ្លួន លោក Turner បានថ្លែងថា៖ «ខ្ញុំកំពុងស្នើសុំឱ្យប្រធានាធិបតី [ចូ] បៃដិន ទម្លាយព័ត៌មានសម្ងាត់ទាំងអស់ដែលទាក់ទងនឹងការគំរាមកំហែងនេះ ដូច្នេះសភារដ្ឋបាល និងសម្ព័ន្ធមិត្តរបស់យើង អាចពិភាក្សាគ្នាដោយបើកចំហអំពីសកម្មភាពចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយ»។ លោកមិនបានបញ្ជាក់ព័ត៌មានលម្អិត លើការគំរាមកំហែងដែលលោកលើកឡើងនោះទេ។
មុននោះ កាសែតញូវយ៉កថាមស៍ បានរាយការណ៍ដោយស្រង់សម្ដីប្រភពមន្ត្រីអាមេរិក ដែលនិយាយថា ព័ត៌មានស៊ើបការណ៍សម្ងាត់ថ្មីគឺទាក់ទងទៅនឹងការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរប្រឆាំងផ្កាយរណប ដោយផ្ទុកវានៅលើលម្ហអាកាស។ បើតាមប្រភពមន្ត្រីនិងអតីតមន្ត្រីអាមេរិក រុស្ស៊ីនឹងមិនដាក់អាវុធនុយក្លេអ៊ែរបែបនេះ ឱ្យស្ថិតនៅលើគន្លងតារាវិថីទេ។
ការព្រមានរបស់លោក Turner ធ្វើឡើងចំពេលមានការជជែកដេញដោលគ្នាក្នុងសភាអាមេរិក អំពីរបៀបដែលសហរដ្ឋអាមេរិកគួរតែដោះស្រាយជាមួយនឹងការគំរាមកំហែងជាសកលពីរុស្ស៊ី និងគូប្រជែងដទៃទៀត។
ក្នុងនោះ ក្រុមអ្នកជំនាញសន្តិសុខ ជំរុញឱ្យសហរដ្ឋអាមេរិកមានការចូលរួមជាសកលកាន់តែច្រើន ខណៈសមាជិកសភាមួយចំនួន ដែលជិតស្និទ្ធបំផុតជាមួយនឹងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តស៊ូមតិសុំឱ្យអាមេរិកនៅផ្ដាច់ខ្លួនបន្ថែមទៀត ហើយប្រើគោលនយោបាយ «អាមេរិកមុនគេ» ក្នុងកិច្ចការពិភពលោក។ប្រមុខអង្គការសហប្រជាជាតិធ្លាប់បានព្រមានរួចជាស្រេច ក្រោយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើយ ការរត់ប្រណាំងផ្នែកសព្វាវុធទប់លែងជាប់៕