កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានផ្ដល់បទសម្ភាសន៍មួយទៅកាន់អ្នកកាសែតលោក ផាវ៉េល ហ្សារូប៊ិន (Pavel Zarubin) ថា រវាងលោក ចូ បៃដិន (Joe Biden) និងលោក ដូណាល់ ត្រាំ (Donald Trump) លោកនឹងជ្រើសយកលោក បៃដិន ដោយលើកហេតុផលថា ប្រធានាធិបតីអាមេរិកបច្ចុប្បន្នមានបទពិសោធន៍ច្រើន អាចព្យាករបាន និងជាអ្នកនយោបាយវ័យចំណាស់ដែលធ្វើនយោបាយបែបប្រពៃណី។
លោក ពូទីន បានលើកឡើងពីសមត្ថភាពរបស់លោក បៃដិន ក្នុងការដែលអាចបំពេញកាតព្វកិច្ចជាប្រធានាធិបតីបាន។ យ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីមានឆន្ទៈធ្វើការជាមួយប្រធានាធិបតីអាមេរិករូបណាក៏ដោយ ដែលទទួលបានទំនុកចិត្ត និងការគាំទ្រពីប្រជាជនអាមេរិក។
ជាងនេះទៅទៀត មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានរំឭកឡើងវិញពីជំនួបរវាងអ្នកទាំងពីរកាលពីកិច្ចប្រជុំនៅប្រទេសស៊្វីសនៅប៉ុន្មានឆ្នាំមុន។ លោកបានច្រានចោលពាក្យចចាមអារ៉ាមដែលថាលោក បៃដិន គ្មានសមត្ថភាព ដោយធ្វើការកត់សម្គាល់ថា លោកមើលមិនឃើញពីភាពអសមត្ថភាពរបស់លោក បៃដិន ដូចទៅនឹងការព្រួយបារម្ភនោះទេ។ ជាងនេះទៅទៀត លោក ពូទីន បានច្រានចោលឧប្បត្តិហេតុមួយ ដែលលោក បៃដិន បានទង្គិចក្បាលទៅនឹងច្រកទ្វារឧទ្ធម្ភាគចក្រពេលកំពុងដើរចេញ ដោយអះអាងថា ឧបទ្ទវហេតុបែបនេះ គឺជារឿងធម្មតាទៅហើយ។
គួរដឹងដែរថា មេដឹកនាំវិមានក្រឹមឡាំងធ្លាប់ត្រូវបានប្រធានាធិបតីអាមេរិក លោក បៃដិន ហៅថាជាឃាតករផ្តាច់ការ ជាសត្វសាហាវ និងចោទប្រកាន់ជាសាធារណៈថា លោក ពូទីន ជាមនុស្សមានតណ្ហាក្រាស់ចង់បានទឹកដីប្រទេសដទៃ និងអំណាច។ ដូច្នេះ តើហេតុអ្វីបានជាមេដឹកនាំវិមានក្រឹមឡាំងរូបនេះ គ្មានការខឹងសម្បារអ្វីសោះ? តើលោក ពូទីន បានលើកលែងទោសចំពោះការប្រើប្រាស់ពាក្យសម្ដីអសុរោះរបស់លោក បៃដិន ឬក៏យ៉ាងណា? រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
បើប្រៀបធៀបការពណ៌នារៀបរាប់របស់លោក បៃដិន អំពីលោក ពូទីន ទៅនឹងសេចក្តីថ្លែងការណ៍ពីមុនៗរបស់លោក ត្រាំ គេសង្កេតឃើញថា លោក ត្រាំ តែងតែបានសរសើរប្រធានាធិបតី ពូទីន ថាជាមនុស្សឆ្លាត និងមានទេពកោសល្យ។ លោក ត្រាំ ថែមទាំងធ្លាប់បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យប្រទេសរុស្ស៊ី វាយប្រហារសមាជិកអង្គការណាតូមួយណាដែលមិនបានចូលរួមបង់ថវិកាទៅក្នុងអង្គការសម្ព័ន្ធភាពយោធាមួយនេះទៀតផង។
តើលោក ពូទីន គាំទ្រប្រធានាធិបតីអាមេរិករូបណាឱ្យប្រាកដ? បើទោះបីជាមានការរំពឹងទុកថា លោក ពូទីន អាចនឹងចូលចិត្តលោក ត្រាំ ក៏ដោយ ប៉ុន្តែលោកបាននិយាយជាសាធារណៈហើយថា លោកចូលចិត្តលោក បៃដិន ឱ្យបន្តដឹកនាំសហរដ្ឋអាមេរិក។ យ៉ាងណាមិញ ប្រសិនបើលោកពូទីនប្រកាសគាំទ្រលោក ត្រាំ ដោយបើកចំហនោះ លោក បៃដិន ទំនងជានឹងទទួលបានផលប្រយោជន៍សម្រាប់យុទ្ធនាការបោះឆ្នោតនាពេលខាងមុខនេះ។
មូលហេតុនោះគឺដោយសារតែពលរដ្ឋអាមេរិកនឹងចោទប្រកាន់លោក ត្រាំ ថាបានបង្កើតទំនាក់ទំនងល្អជាមួយរុស្ស៊ី ជាពិសេសបានយល់ព្រមឱ្យរុស្ស៊ីឈ្លានពានទឹកដីអ៊ុយក្រែន ដូច្នេះការប្រកាសគាំទ្រលោក ត្រាំ ជាសាធារណៈ នឹងមិនអំណោយផលសម្រាប់គណបក្សសាធារណរដ្ឋនោះទេ។
ប្រសិនបើលោក ត្រាំ ក្លាយជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ នោះលោកនឹងនៅតែប្រឈមមុខនឹងការសាកសួរអំពីទំនាក់ទំនងរបស់លោកជាមួយលោក ពូទីន និងប្រទេសរុស្ស៊ីទាំងមូល។ យ៉ាងណាក៏ដោយ ឥឡូវនេះក្រុមអ្នកគាំទ្ររបស់លោក ត្រាំ ទំនងជាអាចប្រើប្រាស់ការអត្ថាធិប្បាយរបស់លោក ពូទីន ដើម្បីបង្វែរការចោទប្រកាន់ថាលោក ត្រាំ មានទំនាក់ទំនងល្អជាមួយមេដឹកនាំវិមានក្រឹមឡាំង៕