​កាលពី​ថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្មាំ​ ២០២៤ អាជ្ញាធរ​ថៃ​បានចេញ​សេចក្ដីប្រកាស​ព្រមាន​ពី​ការបំពុល​ខ្យល់​នៅ​ទីក្រុង​បាងកក និង​ខេត្ត​មួយចំនួន​ដែល​នៅ​ជុំវិញ​ទីក្រុង ដោយ​គុណភាព​ខ្យល់​បាន​ឈានដល់​កម្រិត​អាក្រក់​មួយ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​។ អាជ្ញាធរ​ថៃ​បាន​ណែនាំ​ឱ្យ​បុគ្គលិក​រដ្ឋាភិបាល​ក្នុង​រាជធានី​ទាំងអស់ ធ្វើការ​ពី​ផ្ទះ​រយៈពេល​ ២​ ថ្ងៃ​សិន និង​លើកទឹកចិត្ត​ឱ្យ​បុគ្គលិក​វិស័យ​ឯកជន​ធ្វើតាម​ការណែនាំ​នេះ​ផងដែរ​។

គួរ​ដឹង​ដែរ​ថា ការបំពុល​បរិយាកាស​នៅ​ទីក្រុង​បាងកក បាន​បណ្តាលមកពី​ការដុត​ដំណាំ​នៅតាម​វាលស្រែ និង​ចម្ការ​នៅ​ជុំវិញ​ទីក្រុង ក៏ដូចជា​ការ​បំ​ភាយ​ឧស្ម័ន​ឧស្សាហកម្ម និង​ឧស្ម័ន​ពុល​ដែល​កើតចេញពី​ការធ្វើ​ចរាចរណ៍​ប្រចាំថ្ងៃ​។ កត្តា​ទាំងអស់នេះ​បាន​បណ្តាលឱ្យមាន​ផ្សែង​អ័ព្ទ​គ្របដណ្តប់​នៅលើ​ផ្ទៃ​បរិយាកាស​នៅ​ទីក្រុង​ទាំងមូល​តែម្ដង​។

លោកនាយក​រដ្ឋមន្ត្រី​ថៃ លោក ស្រេ​ត​ថា ថា​វី​ស៊ីន (Srettha Thavisin) បាន​ប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន​ថា ការដុត​សំណល់​ដំណាំ​ជា​មូលហេតុ​ចម្បង​នៃ​ការកើនឡើង​កម្រិត​ខ្យល់ពុល និង​កខ្វក់​។ លោក​ក៏បាន​លើកឡើង​ផងដែរ​ថា ប្រហែល​មួយ​ភាគ​បួន​នៃ​ការបំពុល បានកើត​ចេញពី​យានយន្ត​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​វា​ជា​កត្តា​ដែល​អាច​គ្រប់គ្រង​បាន​។

យោងតាម​គេហទំព័រ​តាមដាន​គុណភាព​ខ្យល់​របស់​ប្រទេស​ស្វ៊ី​ស ឈ្មោះថា IQAir បាន​បង្ហាញថា កម្រិត​នៃ​ភាគល្អិត​ដែល​មនុស្ស​អាច​ដកដង្ហើម​ស្រូប​ចូលក្នុង​ខ្លួន​ស្ថិតនៅ​ទីក្រុង​បាងកក បាន​លើសពី​កម្រិត​ដែល​បាន​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​រហូតដល់​ទៅ ១៥ ដង​។ ដូច្នេះ វា​បានធ្វើឱ្យ​ទីក្រុង​បាងកក ជាប់​ចំណាត់ថ្នាក់​ទី ៨ ក្នុងចំណោម​ទីក្រុង​ដែលមាន​ការបំពុល​បរិយាកាស​ខ្លាំង​បំផុត​នៅលើ​ពិភពលោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

អ្នករត់ម៉ូតូឌុប​ម្នាក់​ឈ្មោះថា កន​ពង្ស ភព​រ៉ា​គុន (Kornpong Poprakun) អាយុ ៥៧ ឆ្នាំ បាន​សម្តែង​ការព្រួយបារម្ភ​ដោយ​បញ្ជាក់ថា "​វា​មាន​ស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ ដោយសារតែ​ផ្សែង​អ័ព្ទ​ច្រើនពេក​។ ខ្ញុំ​រមាស់​ភ្នែក​ដោយសារតែ​ធូលី​ដី ហើយ​ដកដង្ហើម​ពិបាក​ណាស់​"​។

ដើម្បី​កាត់បន្ថយ​ការបំពុល​កើតចេញពី​ការធ្វើ​ចរាចរណ៍ អភិបាលក្រុង​បាងកក លោក ឆាដ​ឆាត សិទ្ធិ​ពន្ធ (Chadchart Sittipunt) បាន​ណែនាំ​បុគ្គលិក​ទាំងអស់​ដែល​ធ្វើការ​នៅ​ទីភ្នាក់ងារ​របស់​រដ្ឋបាល​ក្រុង ឱ្យធ្វើ​ការ​ពី​ផ្ទះ ហើយ​គាត់​បាន​លើកទឹកចិត្ត​ដល់​បុគ្គលិក​វិស័យ​ឯកជន និង​ផ្សេងទៀត ឱ្យធ្វើ​ការ​ពី​ផ្ទះ​ដូចគ្នា​។

លោក​បាន​លើកឡើងថា បរិយាកាស​នៅ​តំបន់​ខ្លះ​នៃ​ទីក្រុង​មាន​កម្រិត​ពុល​ខ្ពស់ ហើយ​អាជ្ញាធរ​បាន​ត្រៀមខ្លួន​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នេះហើយ​។ រដ្ឋាភិបាល​កំពុងផ្តល់​ការឧបត្ថម្ភ​ធន​ដល់​កសិករ ដើម្បី​លើកទឹកចិត្ត​កុំ​ឱ្យមាន​ការដុត​សំណល់​ដំណាំ និង​ផ្តល់​ជា​កញ្ចប់​បញ្ចុះតម្លៃ​លើ​រថយន្ត​អគ្គិសនី​ផងដែរ​។ សមាជិកសភា​ថៃ​ក៏​កំពុង​ពិភាក្សា​ផងដែរ អំពី​ការបង្កើត​ច្បាប់​ការពារ​គុណភាព​ខ្យល់​ឱ្យបាន​ស្អាត ដែល​អាច​ចូលរួម​ដោះស្រាយ​ការបំពុល​ក្នុង​វិស័យ​ដឹកជញ្ជូន អាជីវកម្ម និង​កសិកម្ម​បាន​កាន់​តែ​ទូលំទូលាយ​។

លោក ស្រេ​ត​ថា បាន​ស្នើថា រដ្ឋាភិបាល​គួរតែ​គិត​អំពី​ការកំណត់​ចំនួន​យានជំនិះ​ដែល​ប្រើ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​នៅក្នុង​ទីក្រុង​ឱ្យបាន​ជាក់លាក់ ដើម្បី​កាត់បន្ថយ​ការបំពុល​ក្នុង​រយៈពេល​វែង​។ លោក​ក៏បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​គោលនយោបាយ​បង្កើន​រថយន្ត​អគ្គិសនី​នៅក្នុង​ប្រទេស​ថៃ​ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​នេះ​ដូចគ្នា​៕