មន្ត្រីគយក្រុងហុងកុង បានចាប់ខ្លួនមនុស្ស ៧ នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ ១,៨ ពាន់លានដុល្លារ ដោយមួយចំនួនក្នុងនោះពាក់ព័ន្ធនឹងករណីឆបោកនៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
មន្ត្រីគយបាននិយាយកាលពីថ្ងៃទី ១៦ ខែកុម្ភៈថា មនុស្សទាំង ៧ នាក់ គឺជាប្រជាជនរស់នៅក្រុងហុងកុង ដែលមានអាយុចន្លោះពី ២៣ ទៅ ៧៤ឆ្នាំ។ ពួកគេមានការជាប់ពាក់ព័ន្ធនឹងក្រុមមនុស្សអន្តរជាតិដ៏ធំមួយ ដែលបានប្រើប្រាស់ក្រុមហ៊ុនមានតែសម្បក (Shell Company) និងគណនីធនាគារផ្សេងៗ ដើម្បីផ្ទេរប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេសទៅកាន់ទីក្រុងហុងកុង ដោយក្លែងខ្លួនធ្វើ «អាជីវកម្មពាណិជ្ជកម្មអន្តរជាតិ»។ មានគណនីធនាគារមួយ ដែលទទួលបានប្រាក់រហូតដល់ ១២,៨ លានដុល្លារ ក្នុង ១ថ្ងៃ។
ប្រធានការិយាល័យស៊ើបអង្កេតហិរញ្ញវត្ថុគយហុងកុង លោកស្រី Ip Tung-ching បាននិយាយថា ទឹកប្រាក់ចំនួន ៣៧១លានដុល្លារ នៃចំនួនសរុប ១,៨ ប៊ីលានដុល្លារ ដែលជាប់ការសង្ស័យថាពាក់ព័ន្ធនឹងករណីឆបោកតាមកម្មវិធីទូរស័ព្ទក្នុងប្រទេសឥណ្ឌា។ លោកស្រីមិនបានបញ្ជាក់ពីឈ្មោះកម្មវិធីទូរស័ព្ទណាមួយ ដែលឧក្រិដ្ឋជនប្រើដើម្បីឆបោកនោះទេ។
មន្រ្តីគយដដែល បានបន្តថា អាជ្ញាធរហុងកុងជឿថាក្រុមនេះ បានទទួលការផ្ទេរប្រាក់ពីប្រទេសឥណ្ឌាដោយបន្លំខ្លួនថានាំចេញឧបករណ៍អេឡិចត្រូនិក ពេជ្រ ត្បូង និងលោហធាតុដ៏មានតម្លៃ។ បន្ទាប់មក ប្រាក់ត្រូវបានផ្ទេរទៅគណនីធនាគារនៅហុងកុង សម្រាប់ការលាងលុយកខ្វក់។
លោកស្រីបន្ថែមថា៖«អំពើលាងលុយកខ្វក់ទាំងនេះ ផ្តល់ឆត្រការពារសម្រាប់ប្រាក់ចំណេញខុសច្បាប់របស់ឧក្រិដ្ឋជន»។
លោកស្រី Ipបាននិយាយថាមន្រ្តីអនុវត្តន៍ច្បាប់នៅក្នុងទីក្រុងហុងកុង ឥណ្ឌា និងកន្លែងផ្សេងទៀត បានសហការគ្នាក្នុងប្រតិបត្តិការបង្រ្កាបនេះ។
ចំណែកឯមេបញ្ជាការកងពលធំនៃការិយាល័យស៊ើបអង្កេតហិរញ្ញវត្ថុគយហុងកុង លោកស្រី Yu Yiu-wing វិញ បាននិយាយថាក្រុមមន្រ្តីបានផ្លាស់ប្តូរការស៊ើបការណ៍សម្ងាត់ជាមួយអាជ្ញាធរឥណ្ឌា ហើយបានរកឃើញថា លុយមួយចំនួនបានមកពីក្រុមហ៊ុនគ្រឿងអលង្ការ២ ដែលអាជ្ញាធរឥណ្ឌាបាននិយាយថា មានទំនាក់ទំនងជាមួយនឹងការឆបោក។
លោកស្រីបង្ហើបថា ជនសង្ស័យអាយុ ៣៤ ឆ្នាំម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីចុងខែមករារងការសង្ស័យថាជាមេខ្លោងរបស់ក្រុមឧក្រិដ្ឋកម្មនេះ។
ខណៈព័ត៌មានលម្អិតស្ដីពីជនសង្ស័យមិនត្រូវបានបង្ហាញជាសាធារណៈទេ អាជ្ញាធរកំពុងដំណើរការការស៊ើបអង្កេតបន្ត។ វាគឺជាសុំណុំរឿងលាងលុយកខ្វក់ដ៏ធំបំផុតនៅហុងកុង។ កាលពីខែមករា ឆ្នាំមុន អាជ្ញាធរហុងកុង បានចាប់ខ្លួនមនុស្ស ៩នាក់ ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់សរុបជាទឹកប្រាក់ប្រមាណ ៧៦៧លានដុល្លារ៕