លក្ខណៈប្រវត្តិសាស្ត្រ អឺរ៉ុបជាពិសេសមហាអំណាចអឺរ៉ុបនិងសហរដ្ឋរដ្ឋអាមេរិក គឺជាដៃគូគ្រប់កាលៈទេសៈ តែងតែចោទប្រកាន់ចិននិងព្យាយាមធ្វើរឿងដែលប៉ះពាល់ដល់ចិន ទាំងផ្នែកសន្តិសុខ ទំនាក់ទំនងការទូត និងពាណិជ្ជកម្មជាដើម ដោយចិនតែងបង្ហាញជំហរគាំទ្ររុស្ស៊ីដែលធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ប៉ុន្តែភាគីចិនតែងតែជំទាស់ការដាក់សម្ពាធពីពួកបស្ចិមប្រទេស។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ក្នុងសុន្ទរកថាមួយនៅឯសន្និសីទសន្តិសុខទីក្រុង មុយនិច ប្រទេសអាល្លឺម៉ង់ បានព្រមានលោកខាងលិចថា ពួកគេនឹងបង្កើតកំហុសជាប្រវត្តិសាស្ត្រ ប្រសិនបើពួកគេស្វែងរកការផ្តាច់ខ្លួនពីប្រទេសចិនជុំវិញទំនាក់ទំនងផលប្រយោជន៍ដើម្បីកាត់បន្ថយហានិភ័យ។
លោក វ៉ាង បានថ្លែងដូច្នេះថា៖«នរណាដែលព្យាយាមកាត់បន្ថយឥទ្ធិពលរបស់ចិន ក្នុងរូបភាពកាត់បន្ថយហានិភ័យនោះនឹងធ្វើឱ្យពួកគេមានកំហុសជាប្រវត្តិសាស្ត្រ»។
ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសចិន កើតឡើងក្រោយពេលដែលមានការអំពាវនាវកាលពីឆ្នាំមុនពីសំណាក់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីឱ្យកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើចិន។
ស្របពេលជាមួយគ្នានេះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនកែន (Antony Blinken) ក្នុងសន្និសីទកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសចិនក៏បានសង្កត់ធ្ងន់ថា៖«ការជំរុញឱ្យមានការកាត់បន្ថយហានិភ័យ ទៅជាកាត់បន្ថយការពឹងផ្អែកលើចិន និងការស្វែងរកការកាត់ផ្តាច់ខ្លួនពីប្រទេសចិន នឹងធ្វើឱ្យមានប្រតិកម្មលើសហរដ្ឋអាមេរិកខ្លួនឯងតែប៉ុណ្ណោះ»។
ចំណែកគណៈកម្មការអឺរ៉ុបកាលពីខែមុនបានកំណត់ផែនការដើម្បីជំរុញសន្តិសុខសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបតាមរយៈការត្រួតពិនិត្យយ៉ាងដិតដល់នៃការវិនិយោគបរទេស និងការត្រួតពិនិត្យការសម្របសម្រួលបន្ថែមទៀតលើការនាំចេញ និងលំហូរចេញនៃបច្ចេកវិទ្យាទៅកាន់គូប្រជែងដូចជាប្រទេសចិនដែលបានបង្កើនការព្រួយបារម្ភពីសភាពាណិជ្ជកម្មចិនដល់សហភាពអឺរ៉ុប។
ផែនការដែលបានដាក់ចេញបញ្ជាក់ពី «ការបន្ថយហានិភ័យ» ជាគោលនយោបាយរបស់អឺរ៉ុបក្នុងការកាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចលើប្រទេសចិន ដោយសារសហភាពអឺរ៉ុប មានការសង្ស័យរវាងទំនាក់ទំនងជិតស្និទ្ធរបស់ចិនជាមួយរុស្ស៊ីដែលឈ្លានពាន់អ៊ុយក្រែន៕