មនុស្សជាង ៤០០ នាក់ ត្រូវបានអាជ្ញាធររុស្ស៊ីចាប់ឃុំខ្លួននៅក្នុងទីក្រុងចំនួន ៣២ ទូទាំងប្រទេសរុស្ស៊ី ចំពោះការជួបប្រជុំគ្នាផ្សេងៗ ក្រោយការស្លាប់របស់លោក អាឡិចហ្ស៊ី ណាវ៉ាល់នី (Alexei Navalny) ដែលជាគូប្រជែងនយោបាយប្រឆាំងដ៏ធំបំផុតរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលស្រង់ទិន្នន័យពីក្រុមសិទ្ធិមនុស្ស OVD-Info។
ការចាប់ខ្លួននេះ ធ្វើឡើងនៅពេលដែលប្រជាជនរុស្ស៊ី បានប្រមូលផ្ដុំគ្នា ជាពិសេសសម្រាប់ការគោរពវិញ្ញាណក្ខន្ធលោក ណាវ៉ាល់នី ដែលបានដួលសន្លប់ ហើយស្លាប់នៅក្នុងគុកនៅតំបន់អាក់ទិកកាលពីថ្ងៃសុក្រ។
គេមើលឃើញថា វាគឺជារលកនៃការចាប់ខ្លួនមនុស្សក្នុងព្រឹត្តិការណ៍នយោបាយដ៏ធំបំផុតនៅរុស្ស៊ី រាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២ ដែលរុស្ស៊ីបានចាប់ខ្លួនមនុស្សជាង ១ ៣០០ នាក់ ចំពោះការធ្វើបាតុកម្មប្រឆាំងតវ៉ានឹងក្រឹត្យកេណ្ឌទ័ព ដើម្បីបម្រុងកម្លាំងទុកយកទៅច្បាំងនៅអ៊ុយក្រែន ដែលលោកវ្ល៉ាឌីមៀរ ពូទីន សម្រេចលើកទ័ពចូលឈ្លានពានកាលពីដើមឆ្នាំ ២០២២ ដដែលនោះ។
OVD-Info ដែលជាក្រុមរាយការណ៍អំពីសេរីភាពនៃការប្រមូលផ្តុំនៅរុស្ស៊ីបានឱ្យដឹងថា ចំនួននៃការចាប់ខ្លួនដ៏ធំបំផុតនាពេលនេះ បានធ្វើឡើងនៅទីក្រុងសេនពីធើរស្ប៊ើក និងទីក្រុងម៉ូស្គូ ដែលទីក្រុងទាំង ២ នេះគឺជាក្រុងដែលសម្បូរអ្នកគាំទ្រលោក ណាវ៉ាល់នី ច្រើនបំផុត។ គិតត្រឹមល្ងាចថ្ងៃសៅរ៍ មនុស្សជាង ២០០ នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុងសេនពីធើរស្ប៊ើក។
យ៉ាងណាមិញ គេមើលឃើញថា មិនមានទីភ្នាក់ងារ ឬប្រព័ន្ធផ្សព្វផ្សាយរដ្ឋណាមួយ ដែលរាយការណ៍ពីការជួបប្រជុំគ្នា ឬអំពីមនុស្សរាប់រយនាក់ ដែលជម្នះរបាំងអាជ្ញាធរ ដើម្បីដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោក ណាវ៉ាល់នី ទូទាំងប្រទេសរុស្ស៊ីទេ។
ការស្លាប់របស់មេចលនាប្រឆាំងនៅរុស្ស៊ីនាពេលនេះ កើតឡើងចំពេលដែលរុស្ស៊ី ត្រៀមការបោះឆ្នោតថ្នាក់ជាតិនាខែមីនា ខាងមុខ។ ក្រុមប្រឆាំង និងរដ្ឋាភិបាលលោកខាងលិច បានចោទប្រកាន់ថា រដ្ឋាភិបាលរុស្ស៊ី គឺជាអ្នកសម្លាប់លោក ណាវ៉ាល់នី។ ប៉ុន្តែ វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់នេះយ៉ាងដាច់អហង្ការ ខណៈអាជ្ញាធរព្រមានមិនឱ្យពលរដ្ឋខ្លួនចេញធ្វើបាតុកម្មពាក់ព័ន្ធនឹងការស្លាប់នេះ។
មុនការបោះឆ្នោតប្រធានាធិបតី ដែលត្រូវបានគេដឹងថា លោក វ្ល៉ាឌីមៀរ ពូទីន ដែលបានកាន់អំណាច់តាំងពី ២០០០ នោះ និងបានប្តូរវេនម្តងជាមួយអ្នកស្និទ្ធរបស់គាត់ គឺ លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) សម្រាប់ការកាន់អំណាចកំពូល ១ អាណត្តិរយៈពេល ៤ ឆ្នាំ (២០០៨-២០១២) ហើយក្រោយមក លោក ពូទីន បន្តកាន់កាប់អំណាចកំពូលនេះរហូតដល់សព្វថ្ងៃ។
មុនបិទបញ្ជីឈ្មោះបេក្ខភាពប្រជែងតំណែងប្រធានាធិបតី គណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត (CEC) បានលុបឈ្មោះ លោក Boris Nadezhdin ដែលជាអ្នកប្រឆាំង ពូទីន៕