រយៈពេល ១ ខែ ក្រោយលោក Andriy Yermak នាយសេនាធិការចម្រុះ (chief of staff) របស់ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសពីតួនាទី និងផែនការសន្តិភាព របស់ចិនក្នុងដំណោះស្រាយអ៊ុយក្រែននៅទីក្រុងដាវ៉ូស ប្រទេសស្វ៊ីស រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានជួបពិភាក្សាជាលើកដំបូងជាមួយរដ្ឋមន្ត្រីការបរទេសចិនក្នុងដំណើរទៅចូលរួមប្រជុំសន្និសីទសន្តិសុខនៅអាល្លឺម៉ង់នៅថ្ងៃទី ១៧ កុម្ភៈនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនដែលប្រទេសរបស់លោករងការបំផ្លាញដោយសង្គ្រាមជាមួយរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបានពិភាក្សាអំពីអនាគតនៃសន្តិភាពជាមួយសមភាគីចិន ដែលជាផ្នែកមួយនៃកិច្ចខិតខំដ៏យូរអង្វែងដើម្បីពង្រឹងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។
លោក Kuleba បានសរសេរនៅលើបណ្តាញសង្គម X ដែលជាអតីត Twitter ថា៖ «ខ្ញុំបានជួបជាមួយសមភាគីចិនរបស់ខ្ញុំគឺលោក វ៉ាង យី (Wang Yi) ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម និងតម្រូវការក្នុងការស្តារសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងនៅអ៊ុយក្រែន»។
លោក Kuleba បាននិយាយថា លោកបានពិភាក្សាអំពីផែនការរបស់អ៊ុយក្រែនក្នុងការរៀបចំកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ដែលប្រទេសស្វ៊ីសបានយល់ព្រមដើម្បីជួយធ្វើម្ចាស់ផ្ទះ។
លោកបាននិយាយថា ភាគីទាំង ២ «យល់ព្រមលើតម្រូវការដើម្បីរក្សាទំនាក់ទំនងអ៊ុយក្រែនចិននៅគ្រប់កម្រិតទាំងអស់ ហើយបន្តការសន្ទនារបស់យើង»។ តាមការដកស្រង់របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ប្រទេសចិនបានចូលរួមយ៉ាងហោចណាស់ ១ លើកសម្រាប់កិច្ចប្រជុំរកដំណោះស្រាយលើបញ្ហាវិបត្តិអ៊ុយក្រែន។
កាលពីខួប ១ ឆ្នាំនៃសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ចិនធ្លាប់បានប្រកាសចំហដោយស្នើនូវផែនការសន្តិភាព ១២ ចំណុច ប៉ុន្តែពេលនោះអ៊ុយក្រែនហាក់មិនចាប់អារម្មណ៍ចំពោះសំណើនោះទេដោយសារជំនួយច្រើនពីលោកខាងលិចផ្តោតលើអ៊ុយក្រែនតែមួយ ខណៈសង្គ្រាមមានតែមួយ។
ប៉ុន្តែពេលនេះ ខុសគ្នាសង្គ្រាមនៅមជ្ឈិមបូព៌ាបានទាក់ទាញការចាប់អារម្មណ៍ និងផ្តោតការយកចិត្តទុកដាក់ ធ្វើឱ្យជំនួយដល់អ៊ុយក្រែនធ្លាក់ចុះយ៉ាងខ្លាំង ហើយអ៊ុយក្រែនបានងាកមកស្វែងរកការពង្រឹងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។
ទីក្រុងកៀវបានស្នើផែនការ ១០ ចំណុច សម្រាប់ការពិភាក្សាសន្តិភាពជាមួយភាគីរុស្ស៊ីដែលតែងតែបដិសេធ ហើយពេលនេះមានបំណងឱ្យចិនចូលរួមទទួលយកផែនការ ១០ចំណុចរបស់ទីក្រុងកៀវ ដែលផ្តោតលើការដកកងទ័ពរុស្ស៊ីចេញពីទឹកដីដែលកាន់កាប់ ការស្ដារឡើងវិញនូវព្រំដែនក្រោយសូវៀតឆ្នាំ ១៩៩១ និងក្របខ័ណ្ឌមួយដើម្បីនាំយកទីក្រុងម៉ូស្គូអនុវត្តកាតព្វកិច្ចខ្លួន។
ប៉ុន្តែប្រទេសចិន ដែលបាននិងកំពុងស្វែងរក «ភាពជាដៃគូយុទ្ធសាស្ត្រ» ជាមួយរុស្ស៊ី បានស្នើផែនការសន្តិភាពរបស់ខ្លួនកាលពីឆ្នាំមុន ដោយមិនបានរាប់បញ្ចូលពីការដកកងទ័ពចេញអ៊ុយក្រែនទេ ដោយឱ្យគោរពបូរណភាពទឹកដី ឱ្យមានបទឈប់បាញ់ ការចរចា និងការបញ្ចប់ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
យោងទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ដែលចេញផ្សាយកាលពីខែតុលា ឆ្នាំ ២០២៣ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគាំទ្រចំពោះផែនការដំណោះស្រាយសម្រាប់វិបត្តិនៅអ៊ុយក្រែនដែលស្នើឡើងដោយភាគីចិន។ ទោះជាបែបនេះក៏ដោយ ភាគីជម្លោះទាំង ២ មិនដែលបានជួបគ្នាផ្ទាល់ដើម្បីពិភាក្សាបញ្ចប់សង្គ្រាមចាប់តាំងពីខែមេសា ឆ្នាំ ២០២២៕