រដ្ឋ​មន្ត្រី​ការ​បរទេស​កាណាដា​ លោក​ស្រី​ មេឡានី​ ចូលី​ (Melanie Joly) បាន​ថ្លែង​កាល​​ពី​ថ្ងៃ​អាទិត្យ​ថា​ ប្រទេស​​​ចិន​គួរ​តែ​ដើរ​តួនាទី​ ក្នុង​ការ​រក្សា​​សមុទ្រ​ក្រហម​ឱ្យ​មាន​សុវត្ថិភាព​ សម្រាប់​ផ្លូវ​ពាណិជ្ជកម្ម​ ​ពី​ព្រោះ​កប៉ាល់​របស់​ចិន​ក៏​មាន​ហានិភ័យ​នៅ​ទីនោះ​ផង​ដែរ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

លោក​ស្រី​ ចូលី​ បាន​និយាយ​ក្នុង​បទ​សម្ភាសជាមួយ​រ៉យទ័រ​​ថា​ លោក​ស្រី​បាន​ប្រាប់​ទៅ​​រដ្ឋ​មន្ត្រី​ការ​ប​រ​ទេស​ចិន​ លោក​ វ៉ាង យី​ (Wang Yi) ​ក្នុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ចិន​​ត្រូវ​​តែ​ជួ​យ​​ប្រើប្រាស់​ឥទ្ធិពល​លើ​ក្រុម​ហ៊ូធី​ ដើម្បី​ឱ្យ​សមុទ្រ​ក្រហម​​បន្ត​បើក​ចំហ​ដោយ​​សុវត្ថិភាព​។ ​

រដ្ឋ​មន្ត្រី​ការ​បរទេស​កាណាដា​ បាន​ប្រាប់​រ៉យទ័រ​​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​​សន្និសីទ​សន្តិសុខ​ទីក្រុង​ម៊ុយនិច​ ថា​៖ «វា​ជា​​ផល​ប្រយោជន៍​របស់​ប្រទេស​ចិន​ ក្នុង​នាម​ជា​អ្នក​នាំ​ចេញ​»​។ 

 ក្រុម​ហ៊ូធី​បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​នាវា​ដឹក​ទំនិញ​តាម​សមុទ្រក្រហម​​ជា​បន្ត​បន្ទាប់​ ដោយ​​អះ​អាង​ថា​ ​ដើម្បី​ជា​ការ​គាំទ្រ​ដល់​​ប៉ាឡេស្ទីន​ ដែល​កំពុង​រង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ ក្រោយ​ក្រុម​ហាម៉ាស់​ឆ្លង​ព្រំដែន​ចូល​​វាយ​ប្រហារ​​​អ៊ីស្រាអែល​ នា​ដើម​ខែ​តុលា​ ឆ្នាំ​មុន​។ ​ការ​វាយ​ប្រហារ​នេះ​ បាន​បង្ក​​ផល​ប៉ះ​ពាល់​ដល់​ច្រក​​ដឹក​ទំនិញ​ដ៏​សំខាន់​ពី​អាស៊ី​ ទៅ​អឺរ៉ុប​ ហើយ​នាវា​ដឹក​ទំនិញ​ចិន​ជា​ច្រើន​ឆ្លង​កាត់​ច្រក​​មួយ​នេះ​។ 

​កន្លង​មក​ សហរដ្ឋ​​អាមេរិក​ និង​​អង់គ្លេស​ ​បាន​​ជំរុញ​​ឱ្យ​​ចិន​​​ធ្វើ​​អន្តរាគមន៍​​តាម​រយៈ​​អ៊ីរ៉ង់ ​ដើម្បី​​ទប់​ទល់​​នឹ​ង​ការ​វាយប្រហារ​របស់​ក្រុម​ហ៊ូធី​ ព្រោះ​អ៊ីរ៉ង់​ជា​អ្នក​គាំទ្រ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ក្នុង​ប្រទេស​យេម៉ែន​មួយ​នេះ​​។ ​​

​ចំណែក​ឯ​លោក​ វ៉ាង​ វិញ​ បាន​និយាយ​​ក្រោយ​​ជំនួប​កាល​ពី​​ថ្ងៃ​សៅរ៍​ជាមួយ​លោក​ស្រី​ ចូលីថា​ វាមាន​​តម្រូវ​ការ​ដើម្បី​ «​កសាង​ទំនុក​ចិត្ត​ឡើង​វិញ​»​ ជាមួយ​កាណាដា ​បន្ទាប់​ពី​ភាព​តាន​តឹង​ផ្នែក​ការ​ទូត​ជាច្រើន​ឆ្នាំ​រវាង​ប្រទេស​ទាំង​២​។

​ទំនាក់​ទំនង​ចិន​-​កាណាដា​ បាន​ប្រែ​​ក្លាយ​ជា​ជូរ​ចត់​ នៅ​ចុង​ឆ្នាំ​ ២០១៨​ ​​ពេល​ប៉ូលិស​កាណាដា​បាន​ឃាត់​ខ្លួន​នាយក​ប្រតិបត្តិ​ទូរគមនាគមន៍​ចិន​ម្នាក់​។​​ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​នោះ​ ទីក្រុង​ប៉េកាំង​បាន​ចាប់​ខ្លួន​ជន​ជា​តិ​កាណាដា​​២​នាក់​ ​ពី​បទ​ចារកម្ម​។​

​​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​ នៅ​តែ​បន្ត​តាន​តឹង​កាល​ពី​ឆ្នាំ​មុន​ ​​ពេល​​សភា​​កាណាដា​​បាន​​ចោទ​ប្រកាន់​​ចិន​​​ថា​​បាន​​ជ្រៀត​ជ្រែក​​ក្នុង​​ការ​បោះ​ឆ្នោត​​រប​ស់​ខ្លួន​​ទោះ​បី​ចិន​ច្រាន​ចោល​ម្ដង​ហើយ​ម្ដង​ទៀត​៕