រុស្ស៊ីបានចូលគ្រប់គ្រងទីក្រុងអាវឌីវកា (Avdiivka) របស់អ៊ុយក្រែនទាំងស្រុង បន្ទាប់ពីអ៊ុយក្រែន បានដកទ័ពចេញ ប៉ុន្តែទាហានអ៊ុយក្រែនមួយចំនួន ដែលនៅសេសសល់បានបន្តតស៊ូទប់ទល់ជាមួយរុស្ស៊ី នៅតំបន់រោងចក្រផលិតកូកាកូឡាដ៏ធំមួយក្នុងសម័យសហភាពសូវៀត ក្រោយពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ។
ការចូលកាន់កាប់ទីក្រុងនេះ គឺជាជោគជ័យដ៏សំខាន់បំផុតរបស់រុស្ស៊ី គិតចាប់តាំងពីការដណ្តើមយកទីក្រុងបាកមូត (Bakhmut) បានក្នុងខែឧសភា ឆ្នាំ២០២។ ការដណ្ដើមបានទីក្រុងនេះ កើតឡើងនៅពេលដែលជិតដល់ខួបគម្រប់ ២ ឆ្នាំ នៃការសម្រេចចិត្តរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីនក្នុងការចូលឈ្លានពានទឹកដីអ៊ុយក្រែន ទ្រង់ទ្រាយធំ។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃអាទិត្យថា កងទ័ពរបស់ខ្លួនបានឆ្ពោះទៅមុខចម្ងាយ ៨,៦ គីឡូម៉ែត្រ នៅតាមបណ្តោយព្រំដែនសមរភូមិមុខដែលមានចម្ងាយ ១០០០ គីឡូម៉ែត្រ។ បន្ទាប់ពីការប្រយុទ្ធគ្នាក្នុងទីក្រុងយ៉ាងសាហាវ ឥឡូវនេះស្ថានភាពទីក្រុងមួយនេះស្ទើរតែត្រូវបានបោះបង់ចោល និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែកងកម្លាំងរុស្ស៊ីនៅតែបន្តរុលទៅមុខ។
លោកពូទីនបានអបអរសាទរដែលរុស្ស៊ី អាចចូលគ្រប់គ្រងទីក្រុង អាវឌីវកាបានជោគជ័យ ដោយលើកឡើងថា វាគឺជាជ័យជម្នះដ៏សំខាន់ និងបានសរសើរដល់ការខិតខំរបស់កងទ័ពរុស្ស៊ី។ ដោយឡែក អ៊ុយក្រែនបានលើកឡើងថា បន្ទាប់ពីបានតស៊ូប្រយុទ្ធអស់ជាច្រើនខែមក ខ្លួនបានសម្រេចដកទាហានចេញ ដើម្បីមិនឱ្យពួកគេត្រូវកងទ័ពរុស្ស៊ីឡោមព័ទ្ធបានទាំងស្រុង។
ខណៈពេលនេះ ទីក្រុងម៉ូស្គូ មានបំណងធ្វើឱ្យកងកម្លាំងអ៊ុយក្រែន ចុះខ្សោយ រីឯទីក្រុងកៀវ (Kyiv) កំពុងពិចារណាលើការចល័តទ័ពដ៏សំខាន់មួយ។ គួរដឹងដែរថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy) បានតែងតាំងមេបញ្ជាការទ័ពថ្មីដើម្បីដឹកនាំធ្វើសង្គ្រាមជាមួយរុស្ស៊ី។
រុស្ស៊ីបានអះអាងថា កងកម្លាំងអ៊ុយក្រែនមួយចំនួននៅតែបន្តឈរជើងនៅតំបន់រោងចក្រផលិតកូកាកូឡាកាលពីសម័យសហភាពសូវៀត នៅទីក្រុងអាវឌីវកា។ ទីក្រុងមួយនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់រុស្ស៊ីដើម្បីឈានទៅរកការទទួលបានការគ្រប់គ្រងពេញលេញទៅលើតំបន់ដូនបាស (Donbas) ដែលជាតំបន់ឧស្សាហកម្មដ៏សំខាន់។
អ្នកនាំពាក្យរុស្ស៊ី លោក កូណាសេនកូវ (Konashenkov) បាននិយាយថា ពួកគេកំពុងធ្វើការបោសសម្អាតពួកសកម្មប្រយុទ្ធចេញពីទីក្រុងអាវឌីវកា និងអង្គភាពទ័ពមួយចំនួនរបស់អ៊ុយក្រែននៅតំបន់រោងចក្រកូកាកូឡា។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍រដ្ឋរុស្ស៊ីបានបង្ហាញឱ្យឃើញទង់ជាតិអ៊ុយក្រែនត្រូវបានជំនួសដោយទង់ជាតិរុស្ស៊ី ប៉ុន្តែមិនទាន់មានការឆ្លើយតបពីអ៊ុយក្រែននៅឡើយទេជុំវិញបញ្ហានេះ។
គួររំឭកថា កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោកពូទីន បានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងទឹកដីអ៊ុយក្រែន ដែលបង្កឱ្យកើតមានជាសង្គ្រាមពេញលក្ខណៈតែម្ដង បន្ទាប់ពីភាគីទាំង២ មានជម្លោះអស់រយៈពេល ៨ ឆ្នាំ នៅតំបន់ភាគខាងកើតអ៊ុយក្រែន។
ទីក្រុងអាវឌីវកាបានក្លាយជាសមរភូមិប្រយុទ្ធអស់រយៈពេល ១ ទសវត្សរ៍មកហើយ ហើយទីក្រុងនេះមានសារៈសំខាន់ណាស់សម្រាប់ប្រទេសរុស្ស៊ី ដើម្បីទទួលបានការគ្រប់គ្រងពេញលេញលើតំបន់ដូនបាស។
ដោយឡែកការបាត់បង់ទីក្រុងអាវឌីវ កាកំពុងបង្ហាញពីការថមថយកម្លាំងដ៏ធំរបស់អ៊ុយក្រែន ដែលកំពុងតស៊ូទប់ទល់ជាមួយកងកម្លាំងរុស្ស៊ី ដោយសាតែកង្វះគ្រាប់រំសេវ និងកង្វះកម្លាំងទ័ព។ការវាយយកទីក្រុងអាវឌីវកាបានជោគជ័យនឹងជំរុញទឹកចិត្តរុស្ស៊ីបន្ថែម ជាពិសេសនៅខណៈដែលលោក ពូទីននឹងឈរឈ្មោះបោះឆ្នោតឡើងវិញនៅខែក្រោយនេះ។
លើសពីនេះ វាក៏ត្រូវបានចាត់ទុកថា ជាវឌ្ឍនភាពឆ្ពោះទៅរកការពង្រឹងការគ្រប់គ្រងរបស់ទីក្រុងម៉ូស្គូ ទៅលើទីក្រុង ដូណេតស្ក៍ (Donetsk) ស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រ នៅភាគខាងកើត ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីតាំងពីឆ្នាំ២០១៤៕