សេចក្តីប្រកាសរបស់មន្ត្រីតុលាការបានបង្ហាញថា តុលាការរុស្ស៊ីបានកាត់ទោសមនុស្សរាប់សិបនាក់ដែលត្រូវបានឃុំខ្លួនក្នុងព្រឹត្តិការណ៍រំឭកដល់អ្នករិះគន់វិមានក្រឹមឡាំង Alexei Navalny ឱ្យជាប់ពន្ធនាគាររយៈពេលខ្លី ខណៈក្រុមប្រទេស G7 ដ៏មានឥទ្ធិពលទាមទារឱ្យរុស្ស៊ីបញ្ជាក់ឱ្យច្បាស់លាស់ លើមរណភាព និងជំរុញឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញអ្នកប្រឆាំងផ្នែកនយោបាយ។
តាមសេចក្តីរាយការណ៍របស់ AFP ការកាត់ទោសនោះបានកើតមានលើមនុស្សចំនួន ១៥៤ នាក់ នៅក្នុងទីក្រុង St Petersburg តែមួយ។ ព័ត៌មាននោះ បានយោងសេចក្តីលម្អិតនៃសេចក្តីសម្រេចរបស់តុលាការដែលចេញផ្សាយដោយភ្នាក់ងារតុលាការនៃទីក្រុង St Petersburg មនុស្សទាំង ១៥៤ នាក់ត្រូវបានចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១៤ ថ្ងៃ ចំពោះការរំលោភលើច្បាប់ប្រឆាំងការតវ៉ាដ៏តឹងរ៉ឹងរបស់ប្រទេសរុស្ស៊ី។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានរាយការណ៍អំពីការកាត់ទោសស្រដៀងគ្នាមួយចំនួននៅក្នុងទីក្រុងផ្សេងៗទៀតនៅទូទាំងប្រទេសរុស្ស៊ី។
អ្នករិះគន់វិមានក្រឹមឡាំងអាយុ ៤៧ ឆ្នាំបានបាត់បង់ជីវិតនៅថ្ងៃទី១៦ ខែកុម្ភៈ នៅឯពន្ធនាគារនៅតំបន់អាក់ទិកជាកន្លែងដែលគាត់ត្រូវបានឃុំខ្លួនដោយបទចោទប្រកាន់ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការសងសឹកចំពោះយុទ្ធនាការរបស់គាត់ប្រឆាំងនឹងប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន( Vladimir Putin)។
ប៉ូលិសរុស្ស៊ីកាលពីចុងសប្តាហ៍កន្លងទៅ បានចាប់ខ្លួនជនជាតិរុស្ស៊ីរាប់រយនាក់នៅក្នុងទីក្រុងជាច្រើន ដែលបានមកដាក់កម្រងផ្កា និងអុជទៀនបំភ្លឺក្នុងន័យផ្តល់ការគោរពនិងកិត្តិយសដល់លោក Alexei Navalny នៅឯពិធីរំឭកដល់ជនរងគ្រោះនៃការគាបសង្កត់ក្នុងសម័យស្តាលីន។
បាតុកម្មប្រឆាំងវិមានក្រឹមឡាំង ឬការបង្ហាញជាសាធារណៈអំពីការប្រឆាំងនឹងរបបនេះ គឺជាទង្វើខុសច្បាប់ធ្ងន់ធ្ងរនៅក្នុងប្រទេសរុស្ស៊ី ក្រោមការគ្រប់គ្រងត្រួតពិនិត្យដោយយោធាដ៏តឹងរ៉ឹង និងច្បាប់ប្រឆាំងនឹងការប្រមូលផ្តុំដែលមិនមានការយល់ព្រមពីអាជ្ញាធរជាមុន។
ប៉ូលិស និងក្រុមបុរសស្លៀកសម្លៀកបំពាក់ធម្មតាបានដើរល្បាតនៅតាមទីក្រុងជាច្រើននៃប្រទេសរុស្ស៊ី ដែលប្រជាជនបានប្រមូលផ្តុំគ្នាដើម្បីរំឭកដល់ Navalny កាលពីចុងសប្តាហ៍។
យោងទីភ្នាក់ងារព័ត៌មានក្យូដូរបស់ជប៉ុន មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 នៅឯទីក្រុងមុយនិចប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍កន្លងទៅ រដ្ឋមន្ត្រីក៏បានស្មឹងស្មាធិ៍ ដើម្បីរំឭកដល់ លោក Navalny និងបានទាមទារឱ្យអាជ្ញាធររុស្ស៊ី បញ្ជាក់ឱ្យច្បាស់លាស់ពេញលេញពីកាលៈទេសៈនៃមរណភាពរបស់លោក Navalny ក៏ដូចជាជំរុញឱ្យទីក្រុងម៉ូស្គូបញ្ឈប់ការធ្វើទុក្ខបុកម្នេញដែលមិនអាចទទួលយកបានមកលើក្រុមអ្នកប្រឆាំងផ្នែកនយោបាយ។
ដំណឹងនៃការស្លាប់របស់លោក Navalny ដែលបានកើតឡើងត្រឹមតែ ១ ខែ មុនពេលលោក Putin ត្រូវបានកំណត់ដើម្បីធានាអាណត្តិរយៈពេល ៦ ឆ្នាំទៀត នៅក្នុងវិមានក្រឹមឡាំង បានបង្កឱ្យមានការផ្ទុះឡើងនូវទុក្ខសោក និងកំហឹងក្នុងចំណោមអ្នកគាំទ្ររបស់លោកណាវ៉ាល់នី ទាំងក្នុងប្រទេស និងក្រៅប្រទេស។
អាជ្ញាធររុស្ស៊ី នៅតែមិនបានផ្តល់ឱកាសឱ្យម្តាយរបស់លោក Navalny ឬមេធាវីចូលទៅមើលសាកសពរបស់លោកនៅថ្ងៃទី១៨ ខែកុម្ភៈដោយសារខឹងសម្បាចំពោះអ្នកគាំទ្ររបស់លោកណាវ៉ាល់នី ដែលពីមុនបានហៅរដ្ឋរុស្ស៊ីថា «ឃាតករ» ដែលព្យាយាម «បិទបាំងផ្លូវរបស់ពួកគេ»៕