ក្រោយការវាយឆ្មក់របស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា ជាបន្តបន្ទាប់គិតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ មន្ទីរពេទ្យធំទី២ របស់តំបន់នេះបានផ្អាកដំណើរការទាំងស្រុងដោយសារអស់ប្រេងឥន្ធនៈ។
បើតាមមន្ត្រីសុខាភិបាលបច្ចុប្បន្នមន្ទីរពេទ្យនេះ ជាទីតាំងដ៏សំខាន់មួយ សម្រាប់ព្យាបាលអ្នកដែលរងរបួសពីសង្គ្រាមប៉ុន្តែពេលនេះមន្ទីរពេទ្យលែងមានឥន្ធនៈដើម្បីដំណើរការព្យាបាលហើយក៏មិនមានបុគ្គលិកគ្រប់គ្រាន់ដើម្បីព្យាបាលប្រជាជនរងគ្រោះទាំងនោះដែរ។
មន្ត្រីសុខាភិបាលដដែលបានឱ្យដឹងទៀតថា៖«មន្ទីរពេទ្យឈប់ដំណើរការទាំងស្រុងដោយពេលនេះ មានបុគ្គលិកពេទ្យត្រឹមតែ ៤ នាក់ និងក្រៅពីនោះមានជំនួយការចំនួន ២៥ នាក់ប៉ុណ្ណោះ ដែលនៅចាំមើលថែអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ»។
ការផ្គត់ផ្គង់ទឹកចូលទៅក្នុងមន្ទីរពេទ្យក៏ត្រូវបានកាត់ផ្ដាច់ទាំងស្រុងចំនួន ៣ ថ្ងៃ មកហើយដែរ ដោយសារតែមិនមានម៉ាស៊ីនភ្លើង រីឯបន្ទប់សង្គ្រោះបន្ទាន់ក៏ត្រូវបានជន់លិចដោយទឹកស្អុយផងដែរ។ បុគ្គលិកដែលនៅសេសសល់ទៀតសោតក៏មិនអាចផ្ដោតការថែទាំដោយយកចិត្តទុកដាក់ចំពោះអ្នកជំងឺឱ្យបានដិតដល់ដែរ។
ដោយសារតែកង្វះឥន្ធនៈនោះមន្ទីរពេទ្យក៏ប្រឈមនឹងការខ្វះខាតអ៊ុកស៊ីហ្ស៊ែន ដែលជាលទ្ធផលអ្នកជំងឺចំនួន ៥ នាក់បានបាត់បង់ជីវិត។
ដោយឡែកការវាយប្រហារដែលធ្វើឱ្យប៉ះពាល់ដល់វិស័យសុខាភិបាលនិងបង្អាក់ដំណើរការមនុស្សធម៌មិនចប់ត្រឹមតែប៉ុនហ្នឹងទេអ៊ីស្រាអែល នាពេលនេះ ក៏កំពុងតែត្រៀមខ្លួនដើម្បីចូលលុកលុយដល់ភាគខាងត្បូងនៃតំបន់រ៉ាហ្វាដែលជាជម្រករបស់ជនភៀសខ្លួនប៉ាឡេស្ទីនរាប់លាននាក់ទៀត។
យ៉ាងណាក៏ដោយអ៊ីស្រាអែលរងការរិះគន់ជាខ្លាំងពីសំណាក់អន្តរជាតិសូម្បីតែសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិកក៏ដោយអំពីវាយលុកចូលតំបន់រ៉ាហ្វាដែលជាតំបន់ព្រំដែនរវាងអ៊ីស្រាអែលនិងអេហ្ស៊ីប។
ដោយសារតែរ៉ាហ្វា ជាផ្លូវដឹកជញ្ជូនជំនួយមនុស្សធម៌ដ៏សំខាន់មួយ ដែលអង្គការអន្តរជាតិធំៗប្រើដើម្បីពាំនាំយកជំនួយផ្សេងៗចូលទៅកាន់តំបន់ហ្គាហ្សាដូច្នេះបើអ៊ីស្រាអែល ពិតជាវាយចូលតំបន់នេះ មែនអំពើមនុស្សធម៌នឹងធ្លាក់ដល់សូន្យតែម្ដង។
សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ បានចាប់ផ្ដើមនៅពេលដែលក្រុមហាម៉ាស់បានចូលវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាដោយបានសម្លាប់មនុស្ស ១២០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល និងចាប់ចំណាប់ខ្មាំងអ៊ីស្រាអែល បានចំនួន ២៥៣ នាក់។
ជម្លោះនេះបានធ្វើឱ្យកក្រើកតំបន់មជ្ឈិមបូព៌ាទាំងមូល ខណៈដែលសម្ព័ន្ធមិត្តយោធារបស់ក្រុមហាម៉ាស់ គឺក្រុមយោធាដែលគាំទ្រដោយអ៊ីរ៉ង់ ទាំងអស់បានកំណត់គោលដៅដាក់ទៅលើអ៊ីស្រាអែលនិងប្រទេសសម្ព័ន្ធមិត្តគឺសហរដ្ឋអាមេរិក។
មន្ទីរពេទ្យភាគច្រើននៅហ្គាហ្សាត្រូវបានបញ្ឈប់សកម្មភាពជាបន្តបន្ទាប់ដោយសារតែការប្រយុទ្ធគ្នាឥតសំចៃដៃដែលនាំឱ្យប៉ះពាល់ដល់សកម្មភាពនាំជំនួយរបស់អង្គការមនុស្សធម៌។
គិតមកទល់ពេលនេះ កង្វះប្រេងឥន្ធនៈជាដើមចមដ៏ធំមួយដែលនាំឱ្យប្រជាជនចំនួន ២,៣ លាននាក់ មិនអាចទទួលបានការថែទាំសុខភាពត្រឹមត្រូវ។
យ៉ាងណាក៏ដោយអ៊ីស្រាអែលនៅតែបន្តការវាយលុករបស់ខ្លួនដោយមិនខ្វល់ពីស្ថានភាពមនុស្សធម៌ក្រោមហេតុផលថាក្រុមឧទ្ទាមហាម៉ាស់កំពុងសំងំលាក់ខ្លួននៅក្រោមមន្ទីរពេទ្យទាំងនោះ៕