នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) កាលពីថ្ងៃចន្ទបានសន្យាបន្តផ្តល់ការគាំទ្រការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដោយសហការជាមួយវិស័យឯកជនដោយប្រើប្រាស់បទពិសោធន៍ និងចំណេះដឹងបច្ចេកវិទ្យារបស់ខ្លួនក្នុងការសង្គ្រោះពីការរញ្ជួយដី។យោងការចុះផ្សាយរបស់ក្យូដូ។
នៅក្នុងសន្និសីទជប៉ុន-អ៊ុយក្រែនសម្រាប់ការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការកសាងឡើងវិញដែលបានធ្វើឡើងនៅទីក្រុងតូក្យូមុនខួបលើកទី២ នៃការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសជិតខាងរបស់ខ្លួន លោក គិស៊ីដា បាននិយាយថា ស្ថានភាពនេះគឺ «មិនងាយស្រួលទេ» ប៉ុន្តែថាការជួយទីក្រុងកៀវឱ្យងើបឡើងវិញគឺជា «ការវិនិយោគនាពេលអនាគត»។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយថ្ងៃ លោក គីស៊ីដា និងសមភាគីអ៊ុយក្រែន លោក Denys Shmyhal បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើអនុស្សរណៈជាង៥០នៃកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជននៃប្រទេសទាំងពីរក្នុងវិស័យជាច្រើន។
មន្ត្រីរដ្ឋាភិបាលជប៉ុនបាននិយាយថា កិច្ចសហប្រតិបត្តិការទាំងនោះរួមមានការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការដោះមីន ការពង្រីកវិស័យកសិកម្ម ការកែលម្អស្ថានភាពមនុស្សធម៌ ការអភិវឌ្ឍន៍បច្ចេកវិទ្យាជីវសាស្ត្រ ឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន និងការលើកកម្ពស់អភិបាលកិច្ច។
នៅក្នុងសុន្ទរកថាគន្លឹះមួយ លោក គិស៊ីដា បាននិយាយថា ប្រទេសទាំងពីរនឹងបញ្ចប់សន្ធិសញ្ញាមួយដើម្បីលុបបំបាត់ការយកពន្ធត្រួតស៊ីគ្នា ហើយចាប់ផ្តើមការចរចាឡើងវិញនូវកិច្ចព្រមព្រៀងវិនិយោគមួយ ដើម្បីឱ្យក្រុមហ៊ុនជប៉ុនអាចចូលរួមក្នុងគម្រោងសាងសង់ឡើងវិញនៅអ៊ុយក្រែន។
លោក គិស៊ីដា បានបន្ថែមថា រដ្ឋាភិបាលរបស់លោកនឹងបង្កើតការិយាល័យរបស់អង្គការពាណិជ្ជកម្មខាងក្រៅរបស់ប្រទេសជប៉ុននៅទីក្រុងកៀវ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយក្រសួងការបរទេស បាននិយាយថា ទីក្រុងតូក្យូបានបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើររបស់ខ្លួន ដើម្បីជំរុញការវិនិយោគនៅអ៊ុយក្រែន៕