គណបក្សឆ្ពោះទៅមុខ (Move Forward Party) ដែលឈ្នះការបោះឆ្នោត ប៉ុន្តែបរាជ័យបង្កើតរដ្ឋាភិបាលចម្រុះមួយ និងបន្តប្រឈមផ្លូវច្បាប់ច្រើនទៀត កាលពីថ្ងៃអាទិត្យ ទី ១៨ ខែកុម្ភៈ បានប្រើប្រាស់បណ្ដាញសង្គមបង្ហោះសារមួយពាក់ព័ន្ធនឹងករណីដែលមានមនុស្សជាច្រើនកំពុងចោទសួរពីការអនុវត្តច្បាប់ទាក់ទងនឹងការដោះលែងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឱ្យនៅក្រៅឃុំ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិសខេត្ត ជាពិសេសបញ្ហាការអនុវត្តច្បាប់ប្រកបដោយភាពយុត្តិធម៌ និងគ្មានការរើសអើង។
លោក ថាក់ស៊ីន ដែលជាអតីតនាយករដ្ឋមន្ដ្រី និងជាមហាសេដ្ឋីរបស់ប្រទេសថៃ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃអាទិត្យ បន្ទាប់ពីជាប់ឃុំអស់រយៈពេល ៦ ខែនៅមន្ទីរពេទ្យប៉ូលិសខេត្តមួយ ដោយគេសន្មតថា លោកបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ដោយសារតែលោកមានជំងឺធ្ងន់ធ្ងរ។
លោកត្រូវបានគេបញ្ជូនទៅទីនោះពីមន្ទីរពេទ្យនៅឯពន្ធនាគារក្នុងរដ្ឋធានីបាងកកនៅ ១ ថ្ងៃ បន្ទាប់ពីលោកបានត្រឡប់ចូលប្រទេសថៃកាលពីខែសីហា ឆ្នាំ ២០២៣ ក្រោយនិរទេសខ្លួនអស់រយៈពេល ១៥ ឆ្នាំ។
ក្រោយការដោះលែងនៅក្រៅឃុំដោយការអនុវត្តការព្យួរទោសដែលនៅសល់ គណបក្សឆ្ពោះទៅមុខដែលជាគណបក្សប្រឆាំងដ៏ធំបផុតនៅក្នុងសភាថៃ និងជាគណបក្សដែលតែងតែចង់ធ្វើកំណែទម្រង់ច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ បានលើកឡើងជាសំណួរនៅលើបណ្ដាញសង្គមហ្វេសប៊ុកអំពីការដោះលែងនេះ ពោលគឺបន្ទាប់ពីលោក ថាក់ស៊ីន បានធ្វើដំណើរចេញពីមន្ទីរពេទ្យប៉ូលិសខេត្តភ្លាមៗនៅព្រឹកថ្ងៃអាទិត្យ។
គណបក្សឆ្ពោះទៅមុខបានសរសេរថា៖ «មនុស្សជាច្រើនបានចោទសួរថា តើលោក ថាក់ស៊ីន បានទទួលការព្យាបាលជាពិសេសក្រោមច្បាប់ប្រទេសថៃឬយ៉ាងណា ខណៈដែលលោកស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេល ១៨០ ថ្ងៃ ដោយមិនមានការ ពន្យល់ច្បាស់លាស់អំពីស្ថានភាពជំងឺរបស់គាត់ ហើយក្រោយមកក៏ត្រូវបានដោះលែង បែបនេះ»។
ទោះបីជារដ្ឋាភិបាលថៃកំពុងដោះស្រាយបញ្ហាចម្រូងចម្រាស តាមរយៈការឆ្លើយតបទៅនឹងសំណួរពីស្ថានភាពសុខភាព និងលក្ខណវិនិច្ឆ័យនៃការដោះលែងលោក ថាក់ស៊ីន ក៏ដោយ ក៏ពលរដ្ឋថៃមួយចំនួននៅតែមានចម្ងល់អំពីភាពយុត្តិធម៌ជុំវិញការអនុវត្តច្បាប់ឱ្យស្មើភាពគ្នារវាងអ្នកទោសទូទៅ និងអ្នកទោសនយោបាយ។ គណបក្សឆ្ពោះទៅមុខ ក៏បានលើកឡើងផងដែរថា ប្រទេសថៃ ត្រូវតែផ្ដល់សារៈសំខាន់ទៅលើសង្គមមួយដែលមិនមានស្តង់ដា ២។
យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃចន្ទនេះ លោក ថាក់ស៊ីន បានចូលជួបជាមួយរាជអាជ្ញា ដើម្បីពិភាក្សាអំពីករណីចោទប្រកាន់លោកពីបទប្រមាថព្រះមហាក្សត្រ៕