ហុងគ្រីដែលជាសមាជិកសហភាពអឺរ៉ុប និងមានជំហរមិនសូវស្របជាមួយអឺរ៉ុបលើដំណោះស្រាយនានាគាំទ្រអ៊ុយក្រែន ពេលនេះបានចុះកិច្ចព្រមព្រៀងជាមួយមហាយក្សចិនលើសហប្រតិបត្តិការសន្ដិសុខ បន្ថែមពីលើទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ។
ហុងគ្រីរហូតមកដល់ពេលនេះ គឺជាប្រទេសតែមួយគត់ក្នុងចំណោមប្រទេសជាសមាជិកនៃអង្គការណាតូ ដែលនៅបន្តជាឆ្អឹងទទឹងកមិនព្រមផ្ដល់សច្ចាប័នបើកផ្លូវឱ្យស៊ុយអែតក្លាយជាសមាជិកអង្គការណាតូ។
តាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រការពង្រឹងទំនាក់ទំនងថ្មីនេះ ធ្វើឡើងនៅពេលរដ្ឋមន្ត្រីសន្ដិសុខសាធារណៈចិន លោក Wang Xiaohong ជួបជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅក្រុងប៊ុយដាប៉ែស កាលពីសប្ដាហ៍មុន ក្នុងពេលដែលប្រទេសទាំង ២ ប្រារព្ធខួបលើកទី៧៥ ឆ្នាំនៃទំនាក់ទំនងការទូតរបស់ពួកគេ។
លោក Wang បានប្រាប់លោក Orban ថា ចិនសង្ឃឹមថា នឹងពង្រឹងទំនាក់ទំនងនៃការអនុវត្តច្បាប់ និងសន្តិសុខជាមួយប្រទេសហុងគ្រី។ លោកបានបន្តថា កិច្ចខិតខំប្រឹងប្រែងបែបនេះ នឹងក្លាយជា «ចំណុចសំខាន់ថ្មីនៃទំនាក់ទំនងទ្វេភាគី» លើបញ្ហាផ្សេងៗ ដូចជាការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។
កិច្ចព្រមព្រៀងថ្មីនោះក៏នឹងរួមបញ្ចូលផងដែរ លើការកសាងសមត្ថភាពផ្នែកសន្តិសុខ និងការអនុវត្តច្បាប់ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រធានាធិបតី ស៊ី ជីនភីង ដែលមានគោលបំណងភ្ជាប់ប្រទេសចិន ជាមួយពិភពលោកតាមរយៈទំនាក់ទំនងពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
សារព័ត៌មានចិន ស៊ីនហួ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក Wang បានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃហុងគ្រី លោក Sandor Pinter ហើយបានចុះហត្ថលេខាលើឯកសារស្តីពីការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការសន្តិសុខ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតទេ។
ការធានាលើបញ្ហាសន្តិសុខរបស់ចិន ធ្វើឡើងខណៈហុងគ្រី ដែលជាសម្ព័ន្ធមិត្តស្មោះស្ម័គ្រនឹងរុស្ស៊ី បានព្យាយាមបន្ថយការពឹងផ្អែករបស់ខ្លួនលើបណ្តាប្រទេសលោកខាងលិច ដោយថ្មីៗនេះបានទប់ទល់នឹងសម្ពាធ ដើម្បីអនុម័តការពង្រីកអង្គការណាតូនៅអឺរ៉ុប។ ហុងគ្រី គឺជារដ្ឋណាតូតែ ១ គត់ ដែលមិនទាន់ផ្ដល់សច្ចាប័នសភាបើកសិទ្ធិឱ្យស៊ុយអែត ក្លាយជាសមាជិករបស់សម្ព័ន្ធភាពយោធាណាតូ។
កន្លងមក ចិនធ្លាប់រិះគន់អង្គការណាតូ ជាពិសេសបន្ទាប់ពីណាតូបាននិយាយកាលពីឆ្នាំមុនថា ចិនក្លាយជាគូប្រជែងលើផលប្រយោជន៍ សន្តិសុខ និងតម្លៃរបស់ប្លុក តាមរយៈការប្រើប្រាស់មហិច្ឆតា និងគោលនយោបាយបង្ខិតបង្ខំរបស់ខ្លួន។ ចិនក៏បានទម្លាក់កំហុសផងដែរទៅលើណាតូ ថាជាអ្នកបញ្ឆេះភ្លើងសង្គ្រាមនៅអ៊ុយក្រែន ដែលផ្ទុះឡើងដោយសារតែការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីនៅចុងខែកុម្ភៈ ឆ្នាំ ២០២២។
កិច្ចព្រមព្រៀងសន្តិសុខជាមួយហុងគ្រី តំណាងឱ្យការឈ្នះការទូតសម្រាប់ប្រទេសចិន នៅក្នុងសហភាពអឺរ៉ុប ខណៈប្លុកនេះថ្លឹងថ្លែងអំពីទំនាក់ទំនងរបស់ខ្លួនជាមួយចិន ជុំវិញភាពខុសគ្នាខាងសិទ្ធិមនុស្ស អតុល្យភាពពាណិជ្ជកម្ម និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ភាពស្និទ្ធស្នាលរបស់ហុងគ្រី ដែលកំពុងកើនឡើងជាមួយចិន បានបង្កើនភាពតានតឹងនៅក្នុងប្លុកអឺរ៉ុប ដែលហុងគ្រី គឺជារដ្ឋសមាជិកមួយផងដែរនោះ។
ពេលខ្លះ ហុងគ្រីបានប្រឆាំងនឹងជំហររបស់សហភាពអឺរ៉ុប ដែលរិះគន់ចិនលើបញ្ហាដូចជាសិទ្ធិមនុស្ស។ ផ្ទុយទៅវិញ ហុងគ្រីដែលស្ថិតនៅអឺរ៉ុបកណ្តាលបានស្វាគមន៍ការវិនិយោគរបស់ចិន បើទោះបីជាសហភាពអឺរ៉ុបបានអំពាវនាវឱ្យសមាជិករបស់ខ្លួនចងសម្ព័ន្ធភាពជាមួយចិន តាមគន្លងតែ ១ របស់ប្លុកក៏ដោយ។
ក្រៅពីនេះ ហុងគ្រី គឺជាមូលដ្ឋានដឹកជញ្ជូន និងផលិតកម្មដ៏ធំបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies ដែលរងទណ្ឌកម្មរបស់អាជ្ញាធរអាមេរិក នៅខាងក្រៅប្រទេសចិន ទោះបីជាគណៈកម្មការអឺរ៉ុបព្រមានថា ក្រុមហ៊ុនទូរគមនាគមន៍យក្សចិននេះ បង្កហានិភ័យដល់សន្តិសុខសហភាពអឺរ៉ុបក៏ដោយ៕