យោងតាមមន្ត្រីសុខាភិបាលប្រចាំនៅតំបន់ហ្គាហ្សាគិតចាប់តាំងពីខែតុលាឆ្នាំ២០២៣ រហូតមកពេលបច្ចុប្បន្ននេះសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ បានសម្លាប់ជីវិតប្រជាជនប៉ាឡេស្ទីន អស់ចំនួន ២៩០០០ នាក់។ ចំនួននេះបានក្លាយទៅជាព្រឹត្តិការណ៍ដ៏អាក្រក់មួយនៅក្នុងប្រវត្តិសាស្ត្រនៃជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ប៉ុន្តែយ៉ាងណារបាយការណ៍ខាងលើមិនបានបែងចែករវាងជនស៊ីវិលនិងទាហាននោះទេ ប៉ុន្តែនិយាយថា ប្រហែល ២ ភាគ ៣ នៃអ្នកដែលត្រូវបានសម្លាប់គឺជាស្ត្រីនិងកុមារ។ក្រៅពីនោះមានប្រជាជនប៉ាឡេស្ទីន ចំនួន ៦៩០០០ នាក់បានរងរបួសនិងកំពុងស្នាក់នៅយ៉ាងកុះករតាមមន្ទីរពេទ្យនានាក្នុងតំបន់កាហ្សាខណៈដែលមន្ទីរពេទ្យជាបន្តបន្ទាប់បានផ្អាកដំណើរការដោយសារតែមិនមានឥន្ធនៈ។
យ៉ាងណាក៏ដោយសោកនាដកម្មនេះនៅតែមិនអាចទាញឱ្យលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ចប់សង្គ្រាមត្រឹមនេះដែរ។ផ្ទុយទៅវិញគេកំពុងតែភ័យខ្លាចពីការបន្តវាយលុកទៅដល់តំបន់រ៉ាហ្វាដែលជាច្រកព្រំដែនរវាងអ៊ីស្រាអែលនិងអេហ្ស៊ីបខណៈដែលទីនោះជាជម្រករបស់ជនភៀសខ្លួនរាប់លាននាក់។
កាន់តែសំខាន់ទៅទៀតច្រកព្រំដែនរ៉ាហ្វានេះជាច្រកដឹកជញ្ជូនជំនួយមនុស្សធម៌ដ៏សំខាន់បំផុតដែលអង្គការមនុស្សធម៌ប្រើដើម្បីនាំយកជំនួយចូលតំបន់កាហ្សាក្នុងពេលកន្លងមក។ដូច្នេះហើយការវាយចូលតំបន់នេះនឹងជះឥទ្ធិពលធំសម្បើមដល់ប្រជាជនស៊ីវិល។
ដើម្បីបញ្ចៀសនូវបញ្ហានេះសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តចាស់វស្សារបស់អ៊ីស្រាអែល នៅតែបន្តធ្វើការជាមួយអេហ្ស៊ីបនិងកាតាដើម្បីចរចារកបទឈប់បាញ់ជាថ្មីបន្ថែមទៀត។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំង៣ហាក់មានសង្ឃឹមតិចតួចដោយសារតែលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងខឹងសម្បាប្រទេសកាតា ដែលអនុញ្ញាតឱ្យមេដឹកនាំក្រុមហាម៉ាស់ជ្រកកោនក្នុងទឹកដីរបស់ខ្លួនយ៉ាងស្ងប់សុខ។
សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ បានចាប់ផ្តើមនៅពេលដែលក្រុមហាម៉ាស់ បានវាយលុកចូលទៅកាន់ភាគខាងត្បូងអ៊ីស្រាអែល ពីតំបន់ហ្គាហ្សាកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១២០០ នាក់ដែលភាគច្រើនជាជនស៊ីវិលនិងចាប់ចំណាប់ខ្មាំងប្រហែល ២៥០ នាក់។
ដោយឡែកចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលជាង ១០០ នាក់ ត្រូវបានដោះលែងក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល ១ សប្តាហ៍ក្នុងខែវិច្ឆិកាជាថ្នូរនឹងចំណាប់ខ្មាំងជនជាតិប៉ាឡេស្ទីន ២៤០ នាក់ ដែលអ៊ីស្រាអែល ចាប់ឃុំខ្លួន។មកដល់ពេលនេះក្រុមហាម៉ាស់នៅតែមានចំណាប់ខ្មាំងប្រហែល ១៣០ នាក់ ទៀតប៉ុន្តែ ១ ភាគ ៤ នៃចំណាប់ខ្មាំងទាំងនោះត្រូវបានគេជឿថាបានបាត់បង់ជីវិតទៅហើយ។
អ៊ីស្រាអែលឯណោះវិញបានអះអាងថាខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនប្រមាណ ១០០០០ នាក់ ហើយថាខ្លួនព្យាយាមចៀសវាងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលតាមដែលអាចធ្វើទៅបានប៉ុន្តែក្រុមហាម៉ាស់ទៅវិញទេដែលតែងតែបើកការប្រយុទ្ធនៅតំបន់ប្រជុំជនដែលមានប្រជាជនរស់នៅច្រើន។
យ៉ាងណាក៏ដោយសង្គ្រាមដែលអូសបន្ទាយរយៈពេល ៤ ខែមកនេះ នៅតែមិនទាន់រកឃើញចំណុចបញ្ចប់ដោយបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនប្រមាណ ៨០% ត្រូវបង្ខំចិត្តចាកចេញពីតំបន់កាហ្សាហើយ ១ ភាគ៤ នៃពួកគេកំពុងរស់នៅដោយរងនូវភាពអត់ឃ្លាន៕