កសិករឥណ្ឌា ដែលបានតវ៉ាអស់រយៈពេលជិត ១ សប្តាហ៍ ដើម្បីទាមទារឱ្យធានាលើតម្លៃកសិផល បានបដិសេធសំណើដំណោះស្រាយពីរដ្ឋាភិបាល ហើយប្ដេជ្ញាថា នឹងបន្តដើរក្បួនតវ៉ារបស់ខ្លួនទៅកាន់រដ្ឋធានីញូវដែលី។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ក្រុមកសិកររាប់ម៉ឺននាក់ ដែលចាប់ផ្ដើមការតវ៉ារបស់ខ្លួនកាលពីសប្ដាហ៍មុន ត្រូវបានអាជ្ញាធរដាក់របាំងពាំងផ្លូវ រួមទាំងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបង្រា្កប ក្នុងបំណងទប់ទល់កុំឱ្យបាតុកម្មធ្លាក់ចូលទៅក្នុងស្ថានភាពដូចឆ្នាំ២០២១ ដែលកសិករនាំគ្នាបោះជំរំតវ៉ានៅជាយក្រុងញូវដែលីជាង១ឆ្នាំ។
មេដឹកនាំក្រុមកសិករម្នាក់ លោក Jagjit Singh Dallewal បាននិយាយកាលពីយប់ថ្ងៃចន្ទថា ពួកគេបានបដិសេធការផ្តល់ជូនរបស់រដ្ឋាភិបាល ដែលដាក់ស្នើកិច្ចសន្យារយៈពេល ៥ ឆ្នាំ សម្រាប់ការធានាតម្លៃលើមុខដំណាំដូចជាគ្រាប់ធម្មជាតិ ពោត និងកប្បាសជាដើម។
លោក Dallewal ប្រាប់ទីភ្នាក់ងារព័ត៌មាន Press Trust of India ថា សំណើដែលរដ្ឋាភិបាលដាក់ឡើងកាលពីថ្ងៃអាទិត្យ «មិនមែនជាផលប្រយោជន៍របស់ប្រជាកសិករទេ»។
មេដឹកនាំក្រុមកសិករបានឱ្យដឹងថា កសិកររាប់ម៉ឺននាក់ ដែលកំពុងស្ថិតនៅចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីក្រុងញូវដែលី នឹងបន្តការហែក្បួនរបស់ខ្លួននៅថ្ងៃពុធ។ លោកបន្ថែមថា៖ «យើងអំពាវនាវដល់រដ្ឋាភិបាល ឱ្យដោះស្រាយបញ្ហារបស់យើង ឬដករបាំងពាំងផ្លូវចេញ ហើយអនុញ្ញាតឱ្យយើងបន្តទៅទីក្រុងដែលី ដើម្បីតវ៉ាដោយសន្តិវិធី»។
ការតវ៉ាលើកនេះបានបំផ្ទុះឡើងវិញនូវចលនាបាតុកម្មកាលពី ២ ឆ្នាំមុន។ កាលនោះកសិកររាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅជាយក្រុងញូវដែលី អស់រយៈពេលជាង ១ ឆ្នាំ ប្រឆាំងនឹងច្បាប់កសិកម្មចម្រូងចម្រាសដែលរដ្ឋាភិបាលលុបចោលវិញនៅទីបំផុត៕