យោងតាមរដ្ឋាភិបាលក្រុងតៃប៉ិ បានឱ្យដឹងថា កាលពីថ្ងៃចន្ទ កងកម្លាំងឆ្មាំឆ្នេរសមុទ្រចិន បានឡើងជិះកប៉ាល់ទេសចរណ៍តៃវ៉ាន់ ចូលទៅជិតកោះមួយដែលគ្រប់គ្រងដោយតៃវ៉ាន់ ស្ថិតនៅជាប់នឹងឆ្នេរសមុទ្ររបស់ប្រទេសចិន។
ហេតុការណ៍នេះ បានកើតឡើងចំពេលដែលភាពតានតឹងរវាងភាគីទាំង២ កំពុងកើនឡើងខ្លាំងបន្ទាប់ពីចិន បានប្រកាសថា នឹងចុះល្បាតជាប្រចាំនៅក្នុងតំបន់ប្រជុំកោះនេះ។
ប្រទេសចិនបានលើកឡើងកាលពីថ្ងៃអាទិត្យថា កងកម្លាំងឆ្មាំឆ្នេរសមុទ្ររបស់ខ្លួននឹងបង្កើនការអនុវត្តច្បាប់នៅជិតតំបន់ប្រជុំកោះគីនមិន (Kinmen) បន្ទាប់ពីជនជាតិចិនចំនួន ២ នាក់ បានស្លាប់ ខណៈពេលព្យាយាមរត់គេចពីឆ្មាំឆ្នេរសមុទ្ររបស់តៃវ៉ាន់ ស្ថិតនៅដែនទឹកក្បែរតំបន់ប្រជុំកោះនេះពោលគឺស្ថិតនៅចន្លោះទីក្រុងស៊ាមិន (Xiamen) និងទីក្រុងគួនចូវ (Quanzhou) របស់ចិន។
កាលពីរសៀលថ្ងៃចន្ទ ឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់បានរាយការណ៍ថា មន្ត្រីឆ្មាំឆ្នេរសមុទ្រចិនចំនួន៦នាក់បានជិះទូកទេសចរណ៍តៃវ៉ាន់ដែលផ្ទុកសមាជិកនាវិក ១១នាក់និងអ្នកដំណើរ ២៣នាក់ដើម្បីត្រួតពិនិត្យមើលផែនការផ្លូវទឹក និងអាជ្ញាប័ណ្ណរបស់នាវិក។ ពួកគេបានចាកចេញបន្ទាប់ពីបានទៅដល់ទីនោះប្រហែលកន្លះម៉ោង។
បន្ថែមលើនេះ ឆ្មាំសមុទ្រតៃវ៉ាន់បានកត់សម្គាល់ឃើញថាមានទូកឆ្មាំឆ្នេរសមុទ្រចិនចំនួន ២ គ្រឿងដែលបានធ្វើដំណើរទៅជិតកប៉ាល់ទេសចរណ៍នោះ។ បន្ទាប់មក ពួកគេបានបញ្ជូនទូកផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីអមដំណើរកប៉ាល់ទេសចរណ៍ត្រឡប់ទៅកំពង់ផែនៅលើកោះគីនមិនវិញ។
យោងតាមឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់ បានឱ្យដឹងថា កប៉ាល់ទេសចរណ៍តៃវ៉ាន់ បានរំកិលឆ្ពោះទៅកាន់ឆ្នេរសមុទ្រចិនបន្តិច ដោយសារតែទឹករាក់។ យ៉ាងណាក៏ដោយគេនៅមិនទាន់ទទួលបានការឆ្លើយតបពីឆ្មាំឆ្នេរសមុទ្រចិនជុំវិញបញ្ហានេះនៅឡើយទេ ដោយសារតែព័ត៌មានទំនាក់ទំនងរបស់ពួកគេមិនបានដាក់ជាសាធារណៈ។
ឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់បានអំពាវនាវឱ្យប្រទេសចិន ប្រកាន់គោលការណ៍រក្សាសន្តិភាព និងមានហេតុផលចំពោះសកម្មភាពនៅតំបន់ដែនទឹកក្បែរប្រជុំកោះគីនមិន។
តៃវ៉ាន់ក៏បានណែនាំប្រជាជនខ្លួនថាកុំឱ្យចូលជិតដែនទឹករបស់ភាគីចិន។ មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់ សុំមិនបញ្ចេញឈ្មោះដោយសាររូបគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានា ធិបតី តៃវ៉ាន់ លោកស្រីសៃ អ៊ីងវ៉េន (Tsai Ing-wen) បានទទួលព័ត៌មានភ្លាមៗអំពីស្ថានភាពវិវត្តនៅតំបន់ឆ្នេរនេះ។
មន្ត្រីរូបនេះបានរៀបរាប់ថា ភ្នាក់ងារសន្តិសុខរបស់កោះតៃវ៉ាន់ មានការព្រួយបារម្ភជាយូរណាស់មកហើយអំពីឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិនដែលចុះត្រួតពិនិត្យកប៉ាល់របស់តៃវ៉ាន់។ គួរដឹងដែរថា នៅពេលធ្វើការទាក់ទងដើម្បីសាកសួរទៅកាន់ការិយាល័យប្រធានាធិបតីតៃវ៉ាន់ជុំវិញបញ្ហានេះ ពួកគេបានណែនាំឱ្យទៅសាកសួរឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់ដោយផ្ទាល់។
កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលចិនបានប្រកាសថា អ្នកនេសាទចិនអាចចូលទៅនេសាទក្នុងតំបន់ណាមួយនៅជុំវិញតំបន់ប្រជុំកោះគីនមិនដោយមិនមានការហាមឃាត់នោះទេ។
ប្រជុំកោះគីនមិន បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងតៃប៉ិចាប់តាំងពីរដ្ឋាភិបាលសាធារណៈរដ្ឋចិនបានដកថយទៅតៃវ៉ាន់នៅឆ្នាំ ១៩៤៩ បន្ទាប់ពីការចាញ់សង្គ្រាមស៊ីវិលប្រឆាំងចិនកុម្មុយនីស្តរបស់លោក ម៉ៅ សេទុង ដែលបានបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ ប្រជុំកោះគីនមិនបានជួបប្រទះនឹងជម្លោះជាញឹកញាប់ ប៉ុន្តែវាបានប្រែក្លាយទៅជាកន្លែងទេសចរណ៍ដ៏ពេញនិយមនាពេលបច្ចុប្បន្ននេះ។ យ៉ាងណាក៏ដោយ កោះតូចៗជាច្រើនរបស់ប្រជុំកោះនេះត្រូវបានតៃវ៉ាន់ដាក់ពង្រាយកងកម្លាំងការពារដោយជនស៊ីវិលមិនអាចចូលទៅបាននោះទេ៕