សីតុណ្ហភាព​ក្នុង​តំបន់​ស៊ីន​ជាំ​ង (Xinjiang) ប្រទេស​ចិន ​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​គឺ​ដក ៥២,៣  អង្សា​សេ។ ការធ្លាក់ចុះ​នេះ​បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ មិន​ធ្លាប់មាន​រយៈពេល ៦៤ ឆ្នាំ​ មកហើយ។ អាកាសធាតុ​ត្រជាក់​ខ្លាំង​នេះ បាន​បង្ក​ការរំខាន​ដល់​ការធ្វើ​ចរាចរណ៍​របស់​ពលរដ្ឋ​ចិន​ ពោលគឺ​នៅ​បន្ទាប់​ពីថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន។

តំបន់​ខ្លះ​នៃ​ប្រទេស​ចិន​កំពុង​ជួបប្រទះ​នឹង​អាកាសធាតុ​ត្រជាក់​ក្រោម​សូន្យ​អង្សា ដែលជា​ហេតុ​បង្កលក្ខណៈ​ពិបាក​ដល់​ប្រជាពលរដ្ឋ​ដែល​ទើបនឹង​ត្រឡប់​ពី​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​រយៈពេល​ពេញ ១ សប្តាហ៍ ហើយក៏​ជា​ថ្ងៃ​ឈប់សម្រាក​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​ផងដែរ។

គេ​សង្កេតឃើញថា នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​ចាប់ផ្តើម ខ្យល់ព្យុះ និង​ភ្លៀង​ធ្លាក់​ព្រិល​ក៏បាន​កើតឡើង​ផងដែរ ដែល​ធ្វើឱ្យ​អ្នកដំណើរ​ជាប់គាំង​នៅលើ​ផ្លូវដែក និង​ផ្លូវថ្នល់​ជា​ហូរហែ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​រាយការណ៍​ថា​កាលពី​ថ្ងៃអាទិត្យ សីតុណ្ហភាព​នៅក្នុង​ទីប្រជុំជន​ធូ​ហុង(Tuerhong)ស្ថិតក្នុង​ស្រុក​ហ្វ៊ូ​យុន (Fuyun) ខេត្ត​ស៊ីន​ជាង បាន​ធ្លាក់ចុះ​ទាប​ជាង​សីតុណ្ហភាព​ដែ​គេ​បាន​កត់ត្រា​នៅក្នុង​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ១៩៦០ ដែល​កាលនោះ​គឺ​ដក ៥១,៥ អង្សា​សេ។

យ៉ាងណាក៏ដោយ សីតុណ្ហភាព​ដក ៥២,៣ អង្សា​សេ​ក្នុងស្រុក​ហ្វ៊ូ​យុន​នេះ បាន​ធ្លាក់ចុះ​ត្រឹមតែ​រយៈពេល​ខ្លី ហើយ​នៅ​ខ្ពស់ជាង​សីតុណ្ហភាព​នៅ​ទីក្រុង​ម៉ូ​ហេ (Mohe) ខេត្ត​ហី​ឡុង​ជាង (Heilongjiang) តំបន់​ភាគ​ឦសាន​ប្រទេស​ចិន​កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ដែល​បាន​ធ្លាក់ចុះ​រហូតដល់​ទៅ​ដក៥៣អង្សា​សេ។

យោងតាម​ទូរទស្សន៍ CCTV​ ក្នុងអំឡុងពេល​ជាច្រើន​ថ្ងៃ​នៃ​អាកាសធាតុ​ត្រជាក់ និង​ព្រិល​ធ្លាក់​ផង​នោះ ផ្លូវ​ប្រវែង​សរុប ៨៥៣គីឡូម៉ែត្រ​ក្នុង​តំបន់ ​អាល់​ថេ (Altay) បាន​កក ធ្វើដំណើរ​មិនកើត។ ការណ៍​នេះ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ផ្លូវ​ហាយ​វេ​ត្រូវបញ្ជូន​រថយន្ត​ចំនួន ៤៧គ្រឿង​និង​អ្នក​ជួយសង្គ្រោះ​ចំនួន ៨៦ នាក់​ ទៅ​កាយ​ព្រិល​ចេញពី​ផ្លូវ​ជា​រៀងរាល់​យប់។

ទូរទស្សន៍ CCTV បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ទិន្នន័យ​ក្រសួង​ដឹកជញ្ជូន​បានបង្ហាញ​ថា តំបន់​ខេត្ត​ម៉ុង​ហ្គោ​លី​ខាងក្នុង ខេត្ត​ស៊ីន​ជាំ​ង ខេត្ត​លី​អា​អូ​នី​ង (Liaoning) ខេត្ត​ជី​លិ​ន (Jilin) និង​ខេត្ត​ហី​ឡុង​ជាង​បាន​បិទ​កំណាត់​ផ្លូវ​ចំនួន ៤៣ ផ្លូវ​និង​ស្ថានីយ​ចំនួន ៦២៣ ទីតាំង។

យោងតាម​កាសែត Global Times បាន​រាយការណ៍​ថា​អាជ្ញាធរ​អាកាសធាតុ​ជាតិចិន បាន​បង្កើន​ការព្រមាន​ជុំវិញ​បញ្ហា​អាកាសធាតុ​ត្រជាក់​ដល់​កម្រិត​ខ្ពស់បំផុត​ជា​លើក​ទី២ដោយ​សីតុណ្ហភាព​ នឹង​ធ្លាក់ចុះ​នៅ​ទូទាំងប្រទេស​ចិន ​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សប្ដាហ៍​នេះ។ តំបន់​ដែល​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​គឺ​ផ្នែក​ខ្លះ​នៃ​ខេត្ត​ម៉ុង​ហ្គោ​លី​ខាងក្នុង តំបន់​ភាគ​ឦសាន​ប្រទេស​ចិន តំបន់​កណ្ដាល​ខេត្ត​ហ៊ូ​ប៉ី (Hubei) និង​ខេត្ត​ហ៊ូ​ណាន​នៅ​ភាគខាងត្បូង។

ជាការ​កត់សម្គាល់ ប្រទេស​ចិន​បាន​ជួបប្រទះ​នឹង​ស្ថានភាព​អាកាសធាតុ​អាក្រក់​ខ្លាំង​ជាច្រើន​ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ រួមមាន​ព្យុះ​ខ្សាច់ ភ្លៀង​ធ្លាក់​ខ្លាំង កម្រិត​កម្ដៅ​ក្ដៅ​ខ្លាំង​ ដែល​បំបែក​ឯតទគ្គ​កម្ម​ក្នុង​រដូវក្តៅ​កន្លងមក និង​ព្យុះ​ទី​ហ្វុ​ង​ជាច្រើនលើក។ ជាក់ស្ដែង កាលពី​ចុង​សប្តាហ៍ ព្យុះ​ខ្សាច់​យ៉ាង​ធំ​មួយ​បាន​បោក​បោក់​ទៅ​គ្របដណ្តប់​ទីក្រុង​ជាច្រើន​នៅក្នុង​តំបន់​និង​សៀ​ហួយ (Ningxia Hui) រួមទាំង​រដ្ឋធានី​យិន​ឈួន (Yinchuan) ផងដែរ៕