ប្រទេស​ជប៉ុន ​​រហូត​ដល់​ពេល​នេះ ​​បាន​ក្លាយ​​ជា​ប្រទេស​ចុង​ក្រោយ​មួយ​ទៀត​​នៅ​អាស៊ី​ ដើម្បី​​ចេញ​​ទិដ្ឋាការ​ដល់​អ្នក​ធ្វើ​ការ​ងារ​​ពឹងផ្អែក​​​ឌីជីថល (digital nomads) ដែល​ជា​ផ្នែក​មួយ​​រំពឹង​បង្កើន​ទេសចរណ៍​អន្តរជាតិ​និង​ម្ចាស់អាជីវកម្ម​​​​​​អន្តរជាតិ​ចូល​ទៅកាន់​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​សកលលោក​លំដាប់​លេខ​៤​ ប៉ុន្តែ​ អ្នក​ក្នុង​វិស័យ​ឌីជីថល​យល់​ថា​មាន​ការ​«រឹតត្បិត»​ខ្លាំង​ណាស់​។

គម្រោង​របស់​ប្រទេស​ជប៉ុន​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ចុង​ខែ​មីនា ជាមួយនឹង​ទិដ្ឋាការ​ដែលមាន​សុពលភាព​រយៈពេល​ប្រាំ​មួយ​ខែ។ យោងតាម​កាសែត Japan Times បុគ្គល​មក​ពី ៤៩ ប្រទេស និង​ដែនដី​អាចដាក់​ពាក្យ​បាន រួមទាំង​មកពី​ប្រទេស​សិង្ហ​បុរី សហរដ្ឋអាមេរិក និង​អូស្ត្រាលី។

អ្នកដាក់ពាក្យ​ត្រូវតែ​ទទួល​បាន​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​អប្បបរមា​ចំនួន ១០ លាន​យ៉េន ឬ​ជាង ៦,៦​ម៉ឺន​ដុល្លារ។​ពួកគេ​ក៏ត្រូវ​តែមាន​ការ​ធានា​រ៉ាប់រង​ឯកជន​ផងដែរ។ បុគ្គល​ដែល​ធ្វើការ​ដោយ​ខ្លួន​ឯង​មាន​សិទ្ធិ​ដាក់​ពាក្យស្នើ​សុំ​ ​ក៏ដូចជា​មនុស្ស​ដែល​មាន​ប្តី​ប្រពន្ធ​ និង​កូន។

អ្នក​កាន់​ទិដ្ឋាការ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យរ​ស់​នៅ និង​ធ្វើការ​ពី​ចម្ងាយ​ពី​គ្រប់​ទិសទី​ក្នុងប្រទេស​ជប៉ុន។ ទោះយ៉ាងណា​ក៏ដោយ ពួកគេ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុងការ​ទទួល​បាន​ប័ណ្ណ​ស្នាក់​នៅ ដោយសារ​មាន​ទិដ្ឋាការ​ឌីជីថល​នោះ​ទេ។

ការពន្យារ​ទិដ្ឋាការ​ឌីជីថល​ភ្លាមៗ​នឹង​មិន​មាន​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ផុត​កំណត់​នោះ​ទេ ប៉ុន្តែ​អ្នក​ស្នើ​ស្នើ​អាច​ស្នើសុំ​វា​ជា​ថ្មី​សម្រាប់​រយៈពេល​ប្រាំ​មួយ​ខែ​បន្ទាប់ពី​ចាក​ចេញ​ពី​ប្រទេស​ជប៉ុន។​នេះ​បើ​យោងតាម​គេហទំព័រ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច Travel Daily Media ។

ជប៉ុន​បាន​ចូលរួម​ក្នុង​បញ្ជី​ប្រទេស និង​ដែនដី​ដែល​កំពុង​រីក​ចម្រើន​ឡើង ​ដែល​ផ្តល់​នូវ​គម្រោង​​បែបនេះ។ កន្លែង​ផ្សេង​ទៀត​ដែល​ផ្តល់​ទិដ្ឋាការ​ឌីជីថល​មានដូចជា អេ​ស្តូ​នី ម៉ិ​ក​ស៊ិ​ក ព័រ​ទុយ​ហ្គា​ល់ និង​តៃវ៉ាន់។

គំនិត​ផ្តួចផ្តើម​របស់​ជប៉ុន​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទូលំទូលាយ​របស់​ប្រទេស​ក្នុងការ​ទាក់ទាញ​ជនបរទេស​ដែល​ធ្វើ​ការ​ងារ​ពឹង​អាស្រ័យ​ឌីជីថល ឱ្យ​ចូល​ទៅ​ស្នាក់​នៅ​កាន់តែច្រើន និង​ជំរុញ​សេដ្ឋកិច្ច​ទេសចរណ៍​របស់​ខ្លួន។

រដ្ឋាភិបាល​ជប៉ុន​សង្ឃឹម​ថា​អ្នក​ធ្វើ​ការ​ឌីជីថល​នឹង​ជំរុញ​ការបង្កើត​ថ្មី​និង​នាំមក​នូវ​ថាមពល​ដល់​កម្លាំង​ការងារ​ដែល​មាន​វ័យ​ចំណាស់​យ៉ាង​ឆាប់​រហ័ស​របស់​ប្រទេស​នេះ។

ទោះជា​យ៉ាងណាក៏ដោយ សហគមន៍​ធ្វើការងារ​ឌីជីថល​និយាយថា​លក្ខខណ្ឌ​នៃ​ទិដ្ឋាការ​របស់​ប្រទេស​ជប៉ុន​ គឺមាន​ការ​រឹត​បន្តឹង។ នេះ​បើ​យោងតាម​របាយការណ៍​ថ្ងៃទី ១៧​ ខែកុម្ភៈ​ដោយ ABC News របស់​ប្រទេស​អូស្ត្រាលី។

ពួកគេ​និយាយ​ថា ដែន​កំណត់​រយៈពេល​ប្រាំ​មួយខែ​គឺ​ខ្លី​ពេក​សម្រាប់​អ្នក​ធ្វើ​ដំណើរ​រយៈពេល​វែង ​ហើយ​តម្រូវការ​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​អប្បបរមា​គឺ​ខ្ពស់​ពេក​សម្រាប់​អ្នក​ដែល​ធ្វើការ​នៅក្នុង​ការចាប់​ផ្តើម​អាជីវកម្ម។

ទឹកដី​ផ្សេងទៀត​ភាគច្រើន​ផ្តល់​ទិដ្ឋាការ​សម្រាប់​រយៈពេល​អប្បបរមា​មួយ​ឆ្នាំ។ ទិដ្ឋាការ​រយៈពេល​ប្រាំ​មួយខែ​របស់​ប្រទេស​ជប៉ុន​គឺ​ស្រដៀង​គ្នា​ទៅនឹង​ប្រទេស​អ៊ី​ស្លង់​ដែលមាន​សុពលភាព ១៨០ ថ្ងៃ។

នៅក្នុង​ប្រទេស​អេស្បាញ ដែលជា​គោលដៅ​កំពូល​មួយ​សម្រាប់​ក្រុម​អ្នក​ធ្វើការ​ឌីជីថល ដោយសារ​របាំង​នៃ​ ការចូល​ទៅ​កាន់​ប្រទេស​នេះ​មាន​តិច ​ អ្នកដាក់​ពាក្យសុំ​ត្រូវមាន​ប្រាក់​ចំណូល​ប្រចាំខែ ២៦០០ ​អឺរ៉ូ ក្នុង​មួយ​ខែ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ BBC ។ ទិដ្ឋាការ​របស់​ប្រទេស​អេស្ប៉ាញ​​មាន​សុពលភាព​ក្នុង​រយៈពេល​អប្បបរមា​មួយឆ្នាំ និង​រហូត​ដល់​ប្រាំ​ឆ្នាំ​ជាមួយនឹង​លទ្ធភាព​នៃ​ការ​បន្ត៕​