សហភាពអឺរ៉ុបបើកការស៊ើបអង្កេតលើលទ្ធភាពដែលថា កម្មវិធី តិកតុក (TikTok) របស់ក្រុមហ៊ុនចិន ByteDance បានបំពានគោលការណ៍មាតិកាអនឡាញ ដែលមានគោលបំណងការពារកុមារ និងធានាការផ្សាយពាណិជ្ជកម្មប្រកបដោយតម្លាភាព។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប្រធានឧស្សាហកម្មសហភាពអឺរ៉ុប លោក Thierry Breton បាននិយាយកាលពីថ្ងៃចន្ទថា លោកបានទទួលយកការសម្រេចចិត្តលើសំណុំរឿងនេះ បន្ទាប់ពីបានធ្វើការវិភាគលើរបាយការណ៍វាយតម្លៃហានិភ័យរបស់កម្មវិធីតិកតុក។
លោកបាននិយាយនៅលើបណ្ដាញសង្គម X យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ យើងបើកការស៊ើបអង្កេតលើតិកតុកជុំវិញការសង្ស័យថាមានការរំលោភលើតម្លាភាព និងកាតព្វកិច្ចការពារអនីតិជន រួមមានការរចនាឡើងធ្វើឱ្យអ្នកប្រើប្រាស់គ្រឿងញៀន និងការកំណត់ពេលវេលាអេក្រង់ ឥទ្ធិពលគ្រោះថ្នាក់ ការផ្ទៀងផ្ទាត់អាយុការកំណត់ឯកជនភាពជាដើម»។
ច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប (DSA) ដែលអនុវត្តចំពោះវេទិកាអនឡាញទាំងអស់ចាប់តាំងពីថ្ងៃទី១៧ ខែកុម្ភៈមក ទាមទារឱ្យវេទិកាអនឡាញ និងម៉ាស៊ីនស្វែងរក (Search Engines) ធ្វើការបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាចែកចាយមាតិកាអនឡាញខុសច្បាប់ និងដែលមានហានិភ័យចំពោះសន្តិសុខសាធារណៈ។
ប្រសិនបើសហភាពអឺរ៉ុប រកឃើញថា តិកតុក រំលោភលើច្បាប់ DSA នោះក្រុមហ៊ុន ByteDanceដែលជាម្ចាស់កម្មសិទ្ធិមានមូលដ្ឋាននៅចិន អាចប្រឈមនឹងការផាកពិន័យរហូតដល់ ៦ ភាគរយនៃប្រាក់ចំណូលសកលរបស់ខ្លួន។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យតិកតុក បាននិយាយថា ខ្លួននឹងបន្តធ្វើការជាមួយអ្នកជំនាញ និងអ្នកពាក់ព័ន្ធ ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់តិកតុកវ័យក្មេង មានសុវត្ថិភាព ហើយថាខ្លួនទន្ទឹងរង់ចាំការពន្យល់អំពីការងារនេះយ៉ាងលម្អិតទៅកាន់គណៈកម្មការអឺរ៉ុប។
អ្នកនាំពាក្យតិកតុក បាននិយាយថា៖ «តិកតុកបានត្រួសត្រាយលក្ខណពិសេស និងការកំណត់ដើម្បីការពារមនុស្សវ័យជំទង់ និងកុំឱ្យមនុស្សក្រោមអាយុ ១៣ ឆ្នាំ ប្រើប្រាស់ (តិកតុក) ពោលគឺបញ្ហាដែលវេទិកាទាំងមូលកំពុងដោះស្រាយ»៕