ក្រុមមន្ត្រីយោធាហ្វីលីពីន បានឱ្យដឹងថា ទាហានហ្វីលីពីនបានប្រយុទ្ធគ្នាដោយអាវុធជាមួយក្រុមសកម្មប្រយុទ្ធមូស្លីម ដោយធ្វើឱ្យទាហានយ៉ាងហោច ៧ នាក់ និងសកម្មប្រយុទ្ធ ២ នាក់ស្លាប់។ យោងតាមសារព័ត៌មាន AP។
ប្រមុខយោធាហ្វីលីពីន លោក Romeo Brawner Jr. បាននិយាយថា ទាហាន ៤ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយលុករបស់កងទ័ពកាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Dawlah Islamiyah ដែលជាក្រុមប្រដាប់អាវុធតូចមួយមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ិស្លាម ក្បែរកូនក្រុង Munai នៃខេត្ត Lanao del Norte។
មន្ត្រីយោធានិយាយថា កងទ័ពហ្វីលីពីនកំពុងតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធ ដែលរត់ដកខ្លួនចេញពីកន្លែងប្រយុទ្ធ ប៉ុន្តែមិនដឹងមានចំនួនប៉ុន្មាននាក់ទេ។ ចំណែកឯលោក Brawner វិញ បានប្តេជ្ញាថានឹងរកយុត្តិធម៌ជូនសម្រាប់ទាហាន ដែលត្រូវបានបាញ់សម្លាប់ និងរងរបួស។
ប្រតិបត្តិការយោធាកាលពីថ្ងៃអាទិត្យ ធ្វើឡើងដើម្បីបង្ក្រាបក្រុមសកម្មប្រយុទ្ធ Dawlah Islamiyah ដែលជាអ្នកវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងពិធីបុណ្យសាសនាកាតូលិកក្នុងសាកលវិទ្យាល័យក្រុង Marawi កាលពីខែធ្នូ ឆ្នាំមុន ដោយសម្លាប់មនុស្ស ៤ នាក់ និងរបួស ៥០ នាក់ផ្សេងទៀត។ មកទល់ពេលនេះ យោធាហ្វីលីពីន បានសម្លាប់ក្រុមយុទ្ធជន ១៨នាក់រួចមកហើយ។
ក្រុម Dawlah Islamiyah ស្ថិតក្នុងចំណោមក្រុមប្រដាប់អាវុធមួយចំនួន ដែលនៅតែបន្តធ្វើចលនាបះបោរប្រយុទ្ធដើម្បីបំបែកខ្លួននៅភាគខាងត្បូងប្រទេសហ្វីលីពីន។
ក្រុមផ្តាច់ខ្លួនប្រដាប់អាវុធធំជាងគេគឺរណសិរ្សរំដោះអ៊ិស្លាម Moro បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៤ ជាមួយរដ្ឋាភិបាលដោយបានបន្ធូរបន្ថយការប្រយុទ្ធគ្នា ដែលអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍នៅហ្វីលីពីនដែលសម្បូរដោយកោះរាប់ពាន់៕