មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទួលរថយន្ត ១ គ្រឿង ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជាអំណោយ «សម្រាប់ប្រើប្រាស់ផ្ទាល់ ខ្លួន»។ នេះបើតាមសារព័ត៌មានផ្លូវការបានរាយការណ៍នៅថ្ងៃទី ២០ ខែកុម្ភៈ។
មេដឹកនាំកាន់អំណាចយូរឆ្នាំនៃប្រទេសទាំង ២ បានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធចាប់តាំងពីលោក គីម និងលោក ពូទីន បានជួបប្រជុំគ្នាកាលពីខែកញ្ញា ឆ្នាំ ២០២៣ ហើយបានសន្យាជំរុញឱ្យមានការផ្លាស់ប្តូរលើគ្រប់វិស័យ នៅពេលការផ្តាច់ខ្លួនពីអន្តរជាតិរបស់ពួកគេកាន់តែស៊ីជម្រៅ ជុំវិញសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា រថយន្តដែលផលិតនៅប្រទេសរុស្ស៊ីត្រូវបានប្រគល់ជូនដល់ជំនួយការកំពូលរបស់លោក គីម ដោយភាគីរុស្ស៊ីកាលពីថ្ងៃទី ១៨ ខែកុម្ភៈ។
KCNA បានឱ្យដឹងថា ប្អូនស្រីរបស់លោក គីម បានថ្លែងអំណរគុណចំពោះលោក ពូទីន ដោយនិយាយថា៖ «អំណោយនេះដើរតួជាការបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងផ្ទាល់ខ្លួនពិសេសរវាងមេដឹកនាំកំពូល»។ទោះយ៉ាងណាមិនមានការរៀបរាប់ពីប្រភេទរថយន្តនេះ ឬរបៀបដឹកជញ្ជូនពីប្រទេសរុស្ស៊ីទៅកូរ៉េខាងជើងឡើយ។
លោក គីម ត្រូវបានគេជឿថា ជាអ្នកចូលចិត្ត និងងប់ងល់រថយន្ត ១ រូប ហើយមានការប្រមូលរថយន្តបរទេសដ៏ប្រណីតជាច្រើនដែលគេជឿថាត្រូវបានរត់គេចពន្ធ។ នៅខែកញ្ញាឆ្នាំ ២០២៣ ខណៈពេលដែលទៅទស្សនាស្ថានីយបាញ់បង្ហោះយានអវកាសរបស់រុស្ស៊ីនៅភាគខាងកើត លោក គីម បានត្រួតពិនិត្យរថយន្ត limousine Aurus Senat របស់ប្រធានាធិបតី ពូទីន និងត្រូវបានអញ្ជើញដោយមេដឹកនាំរុស្ស៊ីឱ្យឡើងទៅមើលកៅអីខាងក្រោយ។
ក្រៅពីរថយន្តនោះ មានរថយន្តផ្សេងទៀតដែលលោកបានមើលក្នុងនោះ រួមទាំងរថយន្ត Mercedes ជាច្រើនគ្រឿង រថយន្ត Rolls Royce Phantom និងរថយន្តស្ព័រ Lexus ដែលសុទ្ធតែបានជាប់ឈ្មោះក្រោមទំនិញប្រណីត ដែលដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហាមឃាត់មិនឱ្យនាំចេញទៅកាន់ប្រទេសកូរ៉េខាងជើង។
ទំនាក់ទំនងស្អិតល្មួតរបស់មេដឹកនាំទាំង ២ នាពេលនេះ នាំទៅដល់ការផ្លាស់ប្តូរកាន់តែមានសកម្មភាពកាន់តែខ្លាំងឡើង ហើយកូរ៉េខាងជើងត្រូវបានគេជឿថា កំពុងផ្គត់ផ្គង់កាំភ្លើងធំ គ្រាប់រ៉ុក្កែត និងមីស៊ីលផ្លោងទៅឱ្យរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ប៉ុន្តែភាគីទាំង ២ តែងចេញមុខច្រានចោលការចោទពីបស្ចិមលោក៕